ខេត្ដស្ទឹងត្រែង ៖ លំនៅឋានរបស់លោកនាយរងសេនាធិការយោធភូមិភាគទី១ ត្រូវព្រះអគ្គីឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែង ខណៈឃើញផ្សែងខ្មៅគួចត្របាញ់ទៅលើអាកាសយ៉ាងខ្មួលខ្មាញ់លាយឡំជាមួយនឹងអណ្ដាតភ្លើងយ៉ាងក្រហមច្រាលស្ទើរតែនៅក្បែរមិនបាន កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២១ មិថុនា ស្ថិតនៅតាមបណ្ដោយផ្លូវលំចូលទៅកាន់មន្ទីរពេទ្យ២១ហៅមន្ទីរពេទ្យយោធភូមិភាគទី១ ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។ ក្នុងហេតុការណ៍នេះគេឃើញរថយន្ដពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ដចំនួន៤គ្រឿងបានប្រដេញគ្នាសម្រុកចូលទៅបាញ់ទឹកពន្លត់ម្ដងពីរគ្រឿងដែលសរុបទៅអស់ទឹកជាង១០រថយន្ដ ។ ទោះជាបែបណា ផ្ទះដ៏ស្កឹមស្កៃនោះត្រូវព្រះអគ្គីលេបត្របាក់ទាំងស្រុងរួមជាមួយទ្រព្យសម្បត្ដិផងដែរ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា លំនៅឋានដែលក្លាយជាចំណីភ្លើងនេះ សាងសង់ថ្មពីក្រោមឈើលើ ប្រក់ស័ង្កសី ទំហំ៩ម៉ែត្រគុណនឹង១២ម៉ែត្រ ចែកជាបីខ្នងតូចៗ ហើយទ្រព្យសម្បត្ដិក្នុងផ្ទះក្លាយជាចំណីព្រះអគ្គីទាំងស្រុង ។ ដោយសារតែទ្រព្យសម្បត្ដិ និងផ្ទះសម្បែងដ៏ស្កឹមស្កៃ ដែលខំប្រឹងប្រែងរកស៊ីយ៉ាងលំបាកនោះត្រូវរលាយទៅវិញមួយប៉ប្រិចភ្នែកបែបនេះ បានធ្វើឱ្យលោក ចាន់ សៀន ជាម្ចាស់ផ្ទះរន្ធត់ក្នុងចិត្ដយ៉ាងខ្លាំងរហូតដល់ សន្លប់បាត់បង់ស្មារតី ហើយត្រូវក្រុមគ្រួសារសាច់ញាត់បញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ២១ក្បែរផ្ទះនោះ ខណៈភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ។
ក្នុងហេតុការណ៍ដ៏តក់ស្លុតនោះ មានរថយន្ដម៉ាកស៊ីអរវី ពណ៌សម្បកឪឡឹកមួយគ្រឿង ម៉ូតូមួយគ្រឿង រួមជាមួយទូរទស្សន៍មួយគ្រឿង និងទូទឹកកកពីរគ្រឿងត្រូវអ្នកជិតខាងជួយយកចេញពីចំណីភ្លើងបាន ក្រៅពីនេះត្រូវភ្លើងឆេះអស់ទាំងស្រុង ។ លោក ចាន់ សៀន នាយរងសេនាធិការយោធភូមិភាគទី១ ដែលជាម្ចាស់ផ្ទះបានរៀបរាប់បន្ទាប់ពីដឹងខ្លួនវិញថា លោកទើបចូលនិវត្ដន៍បានបួនទៅប្រាំខែប៉ុណ្ណោះ ។ ក្រៅពីមានមុខងារជាមន្ដ្រីយោធា លោកក៏ជាជាងជួសជុលទូរទស្សន៍ ម៉ាញ៉េ ទូទឹកកក និងម៉ាស៊ីនបោកសម្លៀកបំពាក់ផងដែរ ។
លោកបានបន្ដថា ផ្ទះមួយខ្នងនេះលោកបានសាងសង់ចាប់ពីឆ្នាំ១៩៩០មក ទើបជួសជុលធ្វើថ្មពីខាងក្រោម កាលពីឆ្នាំទៅមិញ ។ សរុបការខូចខាត រួមទាំងទ្រព្យសម្បត្ដិ លុយខ្មែរ និងលុយដុល្លារ ព្រមទាំងសម្ភារដែលគេយកមកជួសជុលត្រូវខាតបង់អស់សរុបប្រមាណ១២ម៉ឺុនដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ