ខេត្តកំពង់ឆ្នាំង ៖ បុរស២នាក់បានធ្វើអត្តឃាត នៅក្នុងថ្ងៃតែមួយ តែនៅកន្លែងផ្សេងគ្នា ដោយម្នាក់ផឹកថ្នាំពុលសម្លាប់ខ្លួន ព្រោះប្រចណ្ឌប្រពន្ធ និងម្នាក់ទៀតចង.កសម្លាប់ខ្លួន ព្រោះខឹងប្រពន្ធស្តីបន្ទោសរឿងផឹកស្រាស្រវឹង ។ យោងតាមសេចក្តីរាយការណ៍ឱ្យដឹងថា បុរសម្នាក់ឈ្មោះ ងួន សុភាព អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្រពាំងគាំ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ បានផឹកថ្នាំបំពុលសត្វ បណ្តាលឱ្យប្រកាច់ពេញព្រៃ នៅចម្ងាយប្រមាណ៥០០ម៉ែត្រខាងក្រោយផ្ទះ ហើយត្រូវបានអ្នកជិតខាងប្រទះឃើញ កាលពីវេលាម៉ោង១២ និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២០ មិថុនា ក៏រត់ទៅប្រាប់ក្រុមគ្រួសារ និងនាំគ្នាបញ្ជូនមកកាន់មន្ទីរពេទ្យភ្លាមៗ ។ ក្រោយការសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ បុរសរូបនេះក៏ស្លាប់ ព្រោះតែជាតិពុលបានជ្រាបចូលពេញសរសៃឈាមអស់ទៅហើយ ។
បើតាមមន្ត្រីប៉ូលិសស្រុករលាប្អៀរ ដែលបានស្រង់សំដីគ្រួសារបុរសធ្វើអត្តឃាតនេះឱ្យដឹងថា មូលហេតុនៃការសម្លាប់ខ្លួន គឺបណ្តាលមកពីតូចចិត្តនឹងប្រពន្ធផឹកស្រវឹងរាល់ថ្ងៃ ប្រដៅមិនស្តាប់ ។ ម៉្យាងវិញទៀត អាចបណ្តាលមកពីការប្រចណ្ឌប្រពន្ធ រួមនឹងភាពក្រីក្រញាំញីផងដែរ ។ ចំណែកបុរសម្នាក់ទៀត បានចង.កសម្លាប់ខ្លួនដោយពុំមាននរណាដឹងកាលពីយប់ លុះព្រឹកឡើងទើបធ្វើឱ្យមានការភ្ញាក់ផ្អើល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២១ មិថុនា នៅផ្លានដំបូលបង្គន់ខាងកើតផ្ទះ ស្ថិតក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ មន្ត្រីប៉ូលិសស្រុករលាប្អៀរដែលទៅធ្វើកោសល្យវិច័យបាននិយាយថា បុរសរូបនេះពិតជាចង.កសម្លាប់ខ្លួនមែន គឺអាចចង.កក្នុងចន្លោះពីម៉ោង១០ ទៅម៉ោង១១យប់ ថ្ងៃទី២០ មិថុនា ។
តាមស្ត្រីឈ្មោះ ប៊ូ យុត អាយុ៥៦ឆ្នាំ ដែលត្រូវជាម្តាយបង្កើតនិយាយថា កូនប្រុសគាត់ដែលចង.កសម្លាប់ខ្លួននេះឈ្មោះ ប៉ុល ភ័ក្រ អាយុ២៩ឆ្នាំ មានប្រពន្ធឈ្មោះ សន យឿន អាយុ២៧ឆ្នាំ ពួកគេបានរៀបការជាងមួយឆ្នាំហើយ តែគ្មានកូនទេ ។ គាត់មិនបានដឹងថា ការចង.កសម្លាប់ខ្លួនរបស់កូនប្រុសគាត់ដោយសារបញ្ហាអ្វីទេ គ្រាន់តែចាំថា កាលពី២ថ្ងៃមុនពេលកើតហេតុ ពីរនាក់ប្តីប្រពន្ធបានឈ្លោះប្រកែកគ្នាពីរឿងប្តីផឹកស៊ីជាមួយមិត្តភក្តិស្រវឹងមិនជួយធ្វើការងារប្រពន្ធ តែរឿងនោះបានស្ងាត់ទៅហើយ។
ស្រាប់តែនៅវេលាម៉ោងជាង៤ទៀបភ្លឺ ពេលគាត់ចុះពីលើផ្ទះមកដី ចូលក្នុងបង្គន់ឃើញកូនប្រុសគាត់ចង.កនឹងខ្សែអង្រឹងជាប់នឹងផ្លានបង្គន់ស្លាប់បាត់ទៅហើយ ។ សពបុរសទាំងពីរនាក់ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីនៅតាមលំនៅឋានរៀងៗខ្លួន ៕
ចែករំលែកព័តមាននេះ