ខេត្តបាត់ដំបង ៖ កម្លាំងការិយាល័យជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្ត បានឆ្មក់ចូលទៅបង្ក្រាបក្លិបកម្សាន្តមួយឈ្មោះ “BCI” កាលពីរសៀលថ្ងៃទី២០ មិថុនា ២០១៣ ក្នុងភូមិ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយបានឃាត់ខ្លួនថៅកែស្រី និងសិស្សវង្វេងសាលាជាង៧០នាក់ ភាគច្រើនជាអនីតិជននាំទៅកាន់ស្នងការដ្ឋានខេត្ត គ្រាដែលពួកគេគេចមិនចូលសាលា និងកំពុងផឹកស៊ី រាំយ៉ាងវក់វី ។
លោក កុយ ហៀង ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឱ្យដឹងថា ក្លិបកម្សាន្ត «ខមហ្វតអុិន ឬ BCI» មានម្ចាស់ឈ្មោះ ហុី ពិសិដ្ឋ ភេទប្រុស អាយុ៤៥ឆ្នាំ ។ យីហោក្លិបនោះមិនសរសេរជាភាសាខ្មែរទេ គឺសរសេរជាអក្សរអង់គ្លេស ។ កម្លាំងរបស់លោក និងកម្លាំងព្រហ្មទណ្ឌខេត្តបានឆ្មក់ចូលទៅបង្ក្រាបក្លិបនោះ ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត និងលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញារង បន្ទាប់ពីតំណាងអយ្យការឯកភាពតាមការស្នើសុំចូលឆែកឆេរ ព្រោះគេសង្ស័យថា ជាទីកន្លែងពង្វក់ស្មារតីយុវសិស្ស ។
សមត្ថកិច្ចរកឃើញសិស្សវង្វេងសាលាចំនួន៧៣នាក់ ក្នុងនោះប្រុស៤១នាក់ និងមានអនីតិជនទាំងស្រីទាំងប្រុសសរុប៤៣នាក់ ។ ពេលនោះពួកគេខ្លះរាំ ខ្លះអង្គុយណែនណាន់តាន់តាប់ ផឹកស៊ី និងឱបរឹតគ្នាយ៉ាងវក់វី ។ក្លិបកម្សាន្ត “BCI” របស់លោកថៅកែ ហុី ពិសិដ្ឋ បានបើកដំណើរការជាង១ឆ្នាំមកហើយ និងចាប់បើកទទួលភ្ញៀវពីម៉ោង៧ព្រឹកដល់ម៉ោង៣រំលងអធ្រាត្រ ។ ភ្ញៀវភាគច្រើនជាសិស្សសាលាចូលរាំ និងផឹកស៊ីទាំងថ្ងៃទាំងយប់ ដោយមិនខ្វល់ពីការសិក្សា ឬផ្ទះសម្បែងឡើយ ។
ពេលសមត្ថកិច្ចទៅបង្ក្រាបក្រុមយុវសិស្សទាំងនោះមិនស្ថិតក្នុងសម្លៀកបំពាក់សិស្សទេ ដោយខ្លះដោះទុកក្រោមកែបម៉ូតូ និងខ្លះទុកក្នុងកាបូបស្ពាយរៀងៗខ្លួន ហើយស្លៀកពាក់សម្លៀកបំពាក់ធម្មតាវិញ ។ ពួកគេភាគច្រើនគេចមិនចូលសាលា តាមការអូសទាញរបស់មិត្តភក្តិ ឬសង្សារ ប៉ុន្តែមានខ្លះអះអាងថា ពួកគេចូលក្លិបរាំផឹកស៊ីទាំងថ្ងៃក្នុងម៉ោងទំនេរ ។គួរកត់សម្គាល់ថា «អុីនធើរណេត ឬហ្គេម ខារ៉ាអូខេ អាហារដ្ឋានដែលបិទបាំងជិត និងក្លិបកម្សាន្ត» ត្រូវគេមើលឃើញរីករាលដាលយ៉ាងខ្លាំងនៅក្បែរវិទ្យាល័យនានាក្នុងក្រុងបាត់ដំបង ហើយពង្វក់ស្មារតីយុវសិស្សទាំងប្រុសទាំងស្រី ។
អាជ្ញាធរខេត្ត និងក្រុងត្រូវគេរិះគន់ថា មិនបានយកចិត្តទុកដាក់លើបញ្ហានេះទេ ដោយមានភាពធូររលុងមិនចាត់វិធានការជាក់ស្តែង ដូចជាធ្វើមិនដឹងមិនឮចំពោះក្លិបកម្សាន្ត “BCI” ជាដើម។ អ្នករិះគន់និយាយថា អាជ្ញាធរ ឬមន្ទីរជំនាញដែលបានផ្តល់អាជ្ញាប័ណ្ណឱ្យគេបើកធ្វើអាជីវកម្មហើយ មិនដែលបានតាមដានពីសកម្មភាព ថាតើស្របទៅតាមច្បាប់ដែលបានស្នើសុំដែរឬអត់នោះទេ? ផ្ទុយទៅវិញ មានមន្ត្រីខ្លះដើរប្រមូលលុយសំណែនប៉ុណ្ណោះ ។
លោក កុយ ហៀង ឱ្យដឹងថា ថៅកែក្លិបឈ្មោះ ហុី ពិសិដ្ឋ បានគេចខ្លួនបាត់ហើយ ប៉ុន្តែតំណាងអយ្យការបានបញ្ជាឱ្យឃាត់ខ្លួនអ្នកទទួលខុសត្រូវឈ្មោះ ហ៊ន ស្រី អាយុ៦២ឆ្នាំ ជាម្តាយថៅកែក្លិប និងបុគ្គលិក៧នាក់ទៀត ក្នុងនោះស្ត្រី៣នាក់ ។ ប្រភពដដែលបញ្ជាក់ថា សកម្មភាពរបស់ថៅកែក្លិបអាចជាប់សង្ស័យពីបទ «ផ្តល់ទីតាំងទំនាក់ទំនងខាងផ្លូវភេទ ដែលមានការចូលរួមពីអនីតិជន និងញុះញង់អនីតិជនឱ្យសេពគ្រឿងស្រវឹង» ។
ចំពោះយុវសិស្សដែលឃាត់ខ្លួនទាំងនោះ លោកស្នងការណែនាំឱ្យអប់រំ និងឱ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាត្រឹមត្រូវ មុនពេលឱ្យត្រឡប់ទៅផ្ទះវិញ ។ចំពោះម្ចាស់ក្លិប និងបុគ្គលិកទាំង៨នាក់ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ