ខេត្តកំពត ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារ និងអ្នកភូមិជួយដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ខណៈបុរសរូបនេះមានអាការប្រកាច់ និងក្អួតចង្អោរដូចជាពុលអ្វីមួយ ។ ពេលអ្នកភូមិនាំគ្នាជួយសង្គ្រោះ កូនរបស់បុរសនេះបានប្រាប់ជីដូនរបស់ខ្លួន និងអ្នកភូមិថា ឪពុករបស់ខ្លួនខឹងម្តាយ រួចផឹកថ្នាំពុលលាយជាមួយស្រា ទើបអ្នកស្រុកប្រញាប់ប្រញាល់ជួយដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ដើម្បីសង្គ្រោះឱ្យរួចផុតពីសេចក្តីស្លាប់ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៩ មិថុនា នៅផ្ទះជនរងគ្រោះក្នុងភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ។
តាមស្ត្រីចំណាស់ម្នាក់ដែលអះអាងថាជាម្តាយក្មេកជនរងគ្រោះបានប្រាប់ថា បុរសផឹកថ្នាំពុលឈ្មោះ សិុន ឡន អាយុ៣៩ឆ្នាំ មានកូន៨នាក់ (ស្រីបួនប្រុសបួន) រីឯប្រពន្ធទើបតែឆ្លងទន្លេកូនទី៨បានជាងមួយខែប៉ុណ្ណោះ ។ មុនពេលកើតហេតុ កូនប្រសារូបនេះបានទៅបាញ់ថ្នាំត្រសក់នៅឯចម្ការជាមួយគាត់ ដែលមានចម្ងាយជាងមួយគីឡូម៉ែត្រពីផ្ទះ ។ លុះនៅម៉ោងប្រហែលជាង៤រសៀល គេក៏បានបររទេះមកផ្ទះមុនម្នាក់ឯង ឯរូបគាត់ជាម្តាយក្មេកមិនទាន់មកទេ ។ ក្រោយមកក៏ស្រាប់តែឃើញចៅរត់ទៅប្រាប់គាត់ថា ឪពុកខឹងនឹងម្តាយ ក៏ផឹកថ្នាំពុល ហើយកំពុងប្រកាច់ ទើបរូបគាត់ប្រញាប់ប្រញាល់មកផ្ទះ ។
ស្ត្រីចំណាស់ជាម្តាយក្មេករៀបរាប់ទៀតថា ពេលមកដល់ផ្ទះទើបកូនស្រីគាត់ដែលជាប្រពន្ធប្រាប់ថា ប្តីចង់ហូបសម្លទំពាំង តែពុំបានស្លទំពាំងឱ្យហូបទេ ព្រោះរូបគាត់ជាប្រពន្ធទើបនឹងឆ្លងទន្លេ មិនហា៊នហូបសម្លទំពាំងទេ ខ្លាចមានពិស ក៏ស្លម្ជូរផ្លែចេកជាមួយកំពឹស និងត្រីចង្វា ។ ពេលប្តីមកដល់ផ្ទះឃើញស្លដូច្នេះក៏ខឹងរួចឈ្លោះប្រកែកគ្នាបន្តិចបន្តួចក៏ស្ងាត់ទៅ មិនដឹងថាប្តីទៅទិញស្រាមកលាយនឹងថ្នាំសម្លាប់សត្វផឹកទេ ។ លុះឃើញក្អួតប្រកាច់ហើយពេលអ្នកភូមិមកមើល ទើបប្រាប់គេថា ច្រឡំផឹកស្រាលាយជាមួយថ្នាំសម្លាប់សត្វល្អិត ទើបប្រពន្ធដឹងថា ប្តីមិនមែនច្រឡំទេគឺខឹងនឹងខ្លួន ព្រោះបានឈ្លោះប្រកែកជាមួយខ្លួនទៀតផង ។
ក្រោយពីមានហេតុការណ៍នេះ ម្តាយក្មេកនិងក្រុមគ្រួសារ ព្រមទាំងអ្នកភូមិបានជួយដឹកបុរសរូបនេះមកសង្គ្រោះ ដើម្បីឱ្យរួចផុតពីគ្រោះ ថ្នាក់ ។ ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យក៏ប្រញាប់ប្រញាល់ជួយសង្គ្រោះដោយលាងក្រពះបន្សាបជាតិថ្នាំយា៉ងយកចិត្តទុកដាក់អស់រយៈពេលជាងមួយម៉ោង ទើបបុរសនេះរួចផុតពីគ្រោះថ្នាក់ដល់ជីវិត ៕
ចែករំលែកព័តមាននេះ