ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបំភ្លឺ​របស់«កោះសន្តិភាព» ​ជុំ​វិញ​ចំណង​ជើង​​អត្ថ​បទ…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​កោះសន្តិភាព ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ​ជា​ពន់ពេក ចំពោះ​ការ​ចូលរួម​កែ​លម្អ​ការ​ផ្សាយ​របស់​ខ្លួន ពី​សំណាក់​លោក ជុំ កុសល រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន តាម​រយៈ​ហ្វេ​ស​ប៊ុ​ករប​ស់លោក…

រាជធានីភ្នំពេញ ៖ ​កោះសន្តិភាព ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ​ជា​ពន់ពេក ចំពោះ​ការ​ចូលរួម​កែ​លម្អ​ការ​ផ្សាយ​របស់​ខ្លួន ពី​សំណាក់​លោក ជុំ កុសល រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន តាម​រយៈ​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហើយ​ត្រូវ​បាន​បន្ទរដោយ​គេហទំព័រ​ក្នុងស្រុក​មួយ ។  ការ​កែ​លម្អ​របស់​លោក​នោះ គឺ​ចំណងជើង​អត្ថបទ​ព័ត៌​មាន​ដែល​ជា​ចំណងជើង​ធំចេញផ្សាយ​ នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ក្នុង​ឆ្នាំ​ទី​៥១ លេខ​៩៥៥៤ ។

កោះសន្តិភាព​សូម​ធ្វើការ​បំភ្លឺ​ជូន​ថា ចំណងជើង​អត្ថបទ​នេះ​ ប្រហែលជា​មិន​ដល់​ថ្នាក់​ធ្វើ​ឱ្យ​សាធារណជន​មានការ​យល់​ច្រឡំ​នោះ​ទេដោយសារ​ថា​ ការ​មាន​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ពី​បញ្ហា​នេះ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ផ្ទាល់​ តាម​បណ្តាញ​សង្គម តាម​រយៈ​គេហទំព័រ​ជា​ច្រើន ហើយ​ការ​ផ្សាយ​ប្រសាសន៍​របស់​សម្តេច ក៏​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​វិទ្យុ​ជា​ច្រើន​ប៉ុស្តិ៍ និង​តាម​ស្ថានីយទូរទស្សន៍ ។

រីឯ​ការ​ផ្សាយ​របស់​កោះសន្តិភាព​ គឺ​ក្រោយ​១​ថ្ងៃព្រោះថា​ ជា​សារព័ត៌មាន​បោះពុម្ព ។ ការ​ដាក់​ចំណងជើង​ខាងលើ​ មិន​មាន​ចេ​តនា​អាក្រក់​ណាមួយ​​ទេ ដោយសារ​ខ្លឹមសារ​អត្ថបទ​បាន​ផ្សាយ​គ្រប់គ្រាន់​ពី​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​សម្តេច​បានស្នើ​ឱ្យ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហ​ការ​ជាមួយ​ក្រសួងយុត្តិធម៌ ពិនិត្យ​ដោះស្រាយ​រាល់​បណ្តឹង​មេ​សហជីព​ ដែល​កំពុងស្ថិត​ក្នុង​យុត្តាធិការ​តុលា​ការ ដើម្បី​ឱ្យ​បញ្ចប់​ត្រឹម​ឆ្នាំ​២០១៨ ។

ក្នុង​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​ជំរុញ​ឱ្យ​មេ​សហជីព​ទាំងអស់​ ដែល​កំពុង​មាន​ក្តីក្តាំ​នៅ​តុលាការ ត្រូវ​បញ្ជូន​សំណើ​ដោះស្រាយ​បញ្ហា​ទៅ​កាន់​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ឱ្យ​លោក​រដ្ឋមន្ត្រី អុ​ិ​ត សំ​ហេង បន្ត​ធ្វើ​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស​វ​ឌ្ឍា​នា ក៏​ដូច​ជា​ស្ថាប័ន​តុលាការ ដើម្បី​ដោះស្រាយ​បញ្ហា​ឱ្យ​បាន​ឆាប់រហ័ស​ កុំឱ្យ​អូស​បន្លាយ​ដល់​ឆ្នាំ​២០១៩ ។

ឆ្លង​តាម​ការ​បំភ្លឺ​នេះ ក៏​ដូច​ជា​អត្ថបទ​ដែល​បាន​ចុះ​ផ្សាយ​ជាមួយ​គ្នា​នេះ មិន​មាន​ន័យ​ថា សម្តេចតេ​ជោ​នាយក​រដ្ឋមន្ត្រី​លូកដៃ​ ឬ​ក៏​ជ្រៀតជ្រែក​ក្នុងស្ថាប័ន​តុលាការ​នោះ​ទេ ហើយ​នរណា​ក៏​ដឹង​ដែរ​ថា សម្តេច​គ្រាន់តែ​ជំរុញ​តាម​​ស្ថាប័ន​របស់​រាជរ​ដ្ឋា​ភិបាល ​ដែល​ពាក់ព័ន្ធធ្វើ​ការងារ​ជាមួយ​តុលាការ​ដោះស្រាយ​បញ្ហា​ខាងលើ​នេះ ដោយ​​សម្តេច​មាន​ប្រសាសន៍​ថា «​នៅ​ពេល​ដែល​គេ​បញ្ចប់​ការ​ស៊ើបអង្កេត តុលាការ​គេ​នឹង​ធ្វើការ​តាមដាន ឬ​មួយ​គេ​នឹង​ចាត់ការ​យក​ទៅ​ជម្រះ ។ បើ​យក​ទៅ​ជម្រះ សូម​យក​ទៅ​ជម្រះ​ឱ្យ​បាន​ឆាប់រហ័ស ឬ​មួយ​គេ​ទម្លាក់​​​ចោល គេ​មិន​ចាត់ការ​តែ​ម្តង ។ តម្កល់​ទុក​មិន​ចាត់ការ ។ ដូច្នោះ​ បើ​តម្កល់​ទុក​មិន​ចាត់ការ គឺ​វា​ចប់​ហើយ កុំឱ្យ​មាន​សភាព​ដូច​សព្វ​ថ្ងៃនេះ មេ​សហជីព​យើង​ខ្លះ ​កំពុងធ្វើការ​នៅ​ក្រោម​ឥទ្ធិពល​នៃ​ពាក្យបណ្តឹង អាហ្នឹង​វា​មិនល្អ​នោះ​ទេ​» ។

សរុបសេចក្តី​មក កោះសន្តិភាព​រីករាយ​ទទួលយក​ការ​កែ​លម្អ​ ចំពោះ​ចំណងជើង​អត្ថបទ​នេះ និង​សូម​កែ​ចំណង​ជើង​ថា «​រឿង​ក្តី​មេ​សហជីព សម្តេច​តេ​ជោ​ស្នើ​ឱ្យ​បញ្ឈប់​ក្តីក្តាំ​ទាំងអស់​នៅ​តុលាការ តាម​រយៈ​ក្រសួង​ការងារ និង​ក្រសួងយុត្តិធម៌​»

ខាងក្រោម​នេះ គឺជា​ការ​ចុះ​ផ្សាយ​ម្តងទៀត ​ជុំវិញ​អត្ថបទ​ព័ត៌មាន​នេះ ៖

រឿង​ក្តី​មេ​សហជីព ៖ សម្តេច​តេ​ជោ​ស្នើ​ឱ្យ​បញ្ឈប់​ក្តីក្តាំ​ទាំងអស់​​នៅ​​តុលាការ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឱ្យ​បញ្ចប់រឿង​ក្ដីក្ដាំ​ជាមួយ​សហជីព​ទាំង​អស់​នៅ​តុលាការ​ឱ្យ​ចប់​សព្វគ្រប់​ត្រឹម​ឆ្នាំ​២០១៨ ក្នុង​នោះ​សម្ដេច​ក៏​បាន​ជំរុញ​ដល់​មេ​សហជីព​ទាំងអស់ ដែល​​កំពុង​មាន​ក្តីក្តាំ​នៅ​តុលាការ ត្រូវ​បញ្ជូន​សំណើ​ដោះស្រាយ​បញ្ហា​ទៅកាន់​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ។

សម្ដេច​តេ​ជោ​បាន​ពន្យល់​ថា បានជា​ជំរុញ​ឱ្យ​សហជីព​បញ្ជូន​សំណើ​ទៅ​កាន់​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​យ៉ាង​ដូច្នេះ គឺ​ដើម្បី​ឱ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ លោក អុ​ិ​ត សំ​ហេង បន្ត​ធ្វើការ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្ស​វ​ឌ្ឍា​នា ក៏​ដូច​ជា​ស្ថាប័ន​តុលាការ​ជា​បន្តបន្ទាប់​ទៀត​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​ឱ្យ​បាន​ឆាប់រហ័ស កុំឱ្យ​អូស​បន្លាយ​ដល់​ឆ្នាំ​២០១៩ ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​បែបនេះ នា​ឱកាស​ដែល​សម្ដេច​អញ្ជើញ​ជួប​សំណេះសំ​ណា​ល​ជាមួយ​កម្មករ​កម្មការិនី​ជិត​១៨​ពាន់​នាក់ មក​ពី​រោងចក្រ សហគ្រាស​ចំនួន​១២ នៅ​ក្នុង​ខេត្តកណ្តាល ដែល​បាន​ធ្វើ​ឡើង​នៅ​ភូមិ​ក្រាំង​ស្បូវ ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ។

សម្ដេច​តេ​ជោ​បន្ត​ថា តុលាការ​ក៏​កំពុង​ព​ន្លឿ​នការ​ស៊ើបអង្កេត​លើ​សំណុំរឿង​នេះ​ដែរ ហើយ នៅ​ពេល​គេ​ធ្វើការ​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​ហើយ តុលាការ​នឹង​ធ្វើការ​សន្និដ្ឋាន ឬ​មួយ​គេ​ចាត់ការ​យក​ទៅ​ជំនុំជម្រះ ។ សម្ដេច​តេ​ជោ​បាន​សង្កត់ធ្ងន់​ថា បើ​យក​ទៅ​ជំនុំជម្រះ​ក៏​ត្រូវ​ជម្រះ​ឱ្យ​រហ័ស ឬ​មួយ​គេ​ទម្លាក់​ចោល​មិន​ចាត់​ការ​តែ​ម្ដង (​តម្កល់​ទុក​មិន​ចាត់ការ​) ។

ទោះបីជា​បែប​ណា សម្ដេច​តេ​ជោ​បាន​ទទូចថា «​សូម​ឱ្យ​បិទ​បញ្ចប់រឿង​នេះ​នៅ​ត្រឹម​ឆ្នាំ​២០១៨​ទៅ កុំឱ្យ​មាន​សំណុំរឿង​នេះ​បន្ត​នៅ​ឆ្នាំ​២០១៩​ទៀត​» ។ សម្ដេច​តេ​ជោ បាន​កត់​សម្គាល់ថា សហជីព​ខ្លះ​ក្នុង​ពេល​កំពុង​បំពេញការងារ ក៏​កំពុង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​ពាក្យបណ្ដឹង​ដែរ ដែល​នេះ​ជា​រឿង​មិនល្អ​ទេ ។ លំហ​សេរី​ភាព​​នៃ​ការងារ របស់​សហជីព គឺ​មិន​ទាន់​ទទួល​បាន​ពេញ​លេញ ដូច្នេះ សូម​ឱ្យ​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​​វិជ្ជាជីវៈ សហការ​ជាមួយ​ក្រសួងយុត្តិធម៌ ហើយ​តាម​រយៈក្រសួងយុត្តិធម៌ សូម​ធ្វើការ​ជាមួយ​តុលា​ការ ដើម្បីបិទ​បញ្ចប់​សំណុំរឿង​ទាំងឡាយ ដែល​ពាក់ព័ន្ធ​ជាមួយនឹង​សកម្មភាព​របស់​សហជីព​ដែល​ជា​តំណាង​​ឱ្យ​កម្មករ​។

សម្តេច​តេ​ជោប្រមុខ​រាជរដ្ឋាភិបាល​បញ្ជាក់ថា ទាំងនេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ធានា​សិទ្ធិ​ន​យោបាយ និង​សិទ្ធិ​ការងារ​របស់​សហជីព និង​របស់​កម្មករ​ផង​ដែរ ។ ប៉ុន្តែ​ក៏​សូម​ឱ្យ​ទាំងអស់​គ្នា​គោរព​ច្បាប់ ម្ចាស់​រោងចក្រ​ក៏​គោរព​ច្បាប់ កម្មករ កម្មការិនី​ក៏​គោរព​ច្បាប់ អ្នក​ណា​ៗ​ក៏​គោរព​ច្បាប់ នោះសិទ្ធិ​សេរីភាព និង​ផលិតភាព​ការងារ​នឹង​កើត​មានក្នុង​រោងចក្រ ៕

អត្ថបទសរសេរ ដោយ