ខេត្តក្រចេះ ៖ មានប្រសាសន៍ក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មីដែលបានប្រារព្ធធ្វើនៅសាលមហោស្រពខេត្ត កាលពីរសៀលថ្ងៃទី១៩ មិថុនា លោកឧត្តមសេនីយ៍ត្រី ហ៊ាន សារឿន អនុប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងរបស់លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា សម្រាប់មន្ត្រីរាជការក្នុងជួររាជរដ្ឋាភិបាល ការផ្លាស់ប្តូរតួនាទីត្រូវបានចាត់ទុកជាប្រពៃណីសមស្របទៅតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ។ អញ្ជើញចូលរួមក្នុងពិធីនោះក៏មានវត្តមានលោកឧត្តមសេនីយ៍ត្រី ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្តផងដែរ ។
លោកវរសេនីយ៍ឯក ចាន់ វុទ្ធី នាយការិយាល័យបុគ្គលិកនគរបាលខេត្តក្រុង បានអានប្រកាសឱ្យដឹងថា មាននាយ នាយរង និងមន្ត្រីនគរបាលចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តក្រចេះចំនួន៦៨រូប ត្រូវបានទទួលការផ្លាស់ប្តូរមុខតំណែងតួនាទីថ្មី និងបំពាក់ឋានន្តរស័ក្តិ ។ ក្នុងចំណោមមន្ត្រីនគរបាលទាំង៦៨រូបនេះមានដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រីចំនួន៩រូប អនុសេនីយ៍ឯក១២រូប អនុសេនីយ៍ទោ២៥រូប អនុសេនីយ៍ត្រី៤រូប ព្រិន្ទបាលឯក៤រូប និងពលបាលឯក៣រូប និងបានផ្ទេរភារកិច្ចតែងតាំងមុខតំណែងថ្មីដល់នាយនគរបាលចំនួន១១រូបផងដែរ ។
បន្ទាប់ពីការឡើងមានមតិផ្តាំផ្ញើពីសំណាក់លោក គី សារ៉ា អភិបាលរងខេត្តរួចមក លោកឧត្តមសេនីយ៍ត្រី ហ៊ាន សារឿន មានប្រសាសន៍ជំរុញឱ្យនាយ នាយរង និងមន្ត្រីនគរបាលដែលទទួលបានតួនាទី និងមុខតំណែងថ្មី ត្រូវខិតខំបំពេញការងារជាមន្ត្រីនគរបាលយុត្តិធម៌ ជាសេនាធិការរបស់ប្រជាពលរដ្ឋ យកអស់ស្មារតីខិតខំបំពេញការងារជំនាញរបស់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ។ ជាមួយនេះ បានផ្តល់អនុសាសន៍ល្អៗមួយចំនួនពាក់ព័ន្ធដល់ការងារភូមិ-ឃុំមានសុវត្ថិភាព ដើម្បីយកទៅអនុវត្តការងារជំនាញជូនប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ