រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតចាប់ពីថ្ងៃចាប់ផ្តើមមកដល់ថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៣ លទ្ធផលដែលសម្រេចបានរបស់ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ លើការអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីក្នុងការវាស់ដី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋរួមមាន ការប្រកាសតំបន់វិនិច្ឆ័យចំនួន៣២២ឃុំ ដែលក្នុងនោះបានបំពេញសាលាកបត្របានចំនួន៦៩៨.៥០១ក្បាលដី កត់ត្រាក្នុងសម្រង់បញ្ជីឈ្មោះចំនួន៥១៧.៦៤០គ្រួសារ វាស់ក្បាលដីបានចំនួន៦៧៩.៩៨០ក្បាលដី គូរក្បាលដីបានចំនួន៦០៦.១៩២ក្បាលដី ទំហំក្បាលដីចំនួន៩៣៨.៦៤៤ហិកតា និងចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋបានចំនួន៣២០.២៩៧ប័ណ្ណ ។
គួរបញ្ជាក់ថា ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ដែលបានចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋមានចំនួន១៦៨ក្រុម មកពីខេត្តគោលដៅចំនួន១៨ ក្នុងនោះមានក្រុមគ្រូពេទ្យ៣៣៦នាក់ ក្រុមដឹកជញ្ជូន២៥០នាក់ និងក្រុមយុវជនស្ម័គ្រចិត្ត១.៩៩០នាក់ សរុបទាំងអស់ចំនួន២.៥៧៦នាក់ បានវិលត្រឡប់មកវិញហើយ នៅព្រឹកថ្ងៃទី២០ មិថុនា ២០១៣ ដោយជួបជុំគ្នានៅមជ្ឈមណ្ឌលកោះពេជ្រ ។ ការឈប់សម្រាករបស់ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោនាពេលនេះ គឺដើម្បីត្រៀមខ្លួនចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ កក្កដា ខាងមុខនេះ ។
ការវិលត្រឡប់របស់ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ស្ថិតក្រោមកិច្ចទទួលស្វាគមន៍ពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ព្រមទាំងអ្នកសម្របសម្រួលថ្នាក់កណ្តាល និងថ្នាក់ខេត្តផងដែរ ។ យុទ្ធនាការវាស់វែងដីធ្លីផ្តល់កម្មសិទ្ធិតាមបទបញ្ជាលេខ០១បប របស់រាជរដ្ឋាភិបាលកម្ពុជានេះ នឹងត្រូវផ្អាកមួយរយៈក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ដែលចាប់ផ្តើមនៅថ្ងៃទី២៧ មិថុនា ខាងមុខ រហូតដល់ការប្រកាសលទ្ធផលនៃការបោះឆ្នោតចប់ជាស្ថាពរ ។ ដូច្នេះ ពិនិត្យជារួមលទ្ធផលចុះបញ្ជីដីធ្លីសម្រេចបាននៅទូទាំងប្រទេស គឺជាលទ្ធផលមួយដ៏ធំធេងណាស់សម្រាប់ប្រទេសជាតិ ដែលជាមនុញ្ញផលនៃនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី ជាគោលនយោបាយជាប្រវត្តិសាស្ត្រប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋទូទៅ ដោយពុំមានប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ។
នេះជាការបង្កលក្ខណសម្បត្តិដល់ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងការធ្វើអាជីវកម្ម កសិកម្មលើដីធ្លីជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួនឱ្យអស់សក្តានុពល ដោយពុំមានការភ័យខ្លាចអ្វីទៀតឡើយ ។ ការកាន់កាប់ដីធ្លីច្បាស់លាស់របស់ប្រជាពលរដ្ឋក៏ជាលក្ខណសម្បត្តិច្បាស់លាស់សម្រាប់អ្នកវិនិយោគធ្វើការអភិវឌ្ឍដីធ្លីផងដែរ ។ ក្នុងនោះផងដែរ គោលការណ៍របស់រាជរដ្ឋាភិបាលគឺហាមដាច់ខាតមិនឱ្យមានការកាប់រានទន្ទ្រានដីរដ្ឋ និងដីព្រៃក្រោយពីមានបទបញ្ជាលេខ ០១បប ចុះថ្ងៃទី៧ ឧសភា ២០១២ ។ បទបញ្ជាលេខ០១ បប ក្នុងគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី ទទួលស្គាល់យកមកពិចារណាដើម្បីធ្វើការចុះបញ្ជី តែដីធ្លីដែលបានកាន់កាប់ប្រើប្រាស់ និងដាំដុះជាក់ស្តែងមុនថ្ងៃទី៧ ឧសភា ២០១២ តែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ