រាជធានីភ្នំពេញ ៖ សាស្ត្រាចារ្យជនជាតិបារាំងលោក ប្រ៊ុយណូ ប្រ៊ុយហ្គីយេ បានត្រៀមរៀបចំបោះពុម្ពផ្សាយសៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ ស្តីពីរមណីយដ្ឋានបុរាណវិទ្យានៅភាគខាងជើងប្រទេសកម្ពុជា ។ សៀវភៅដែលសាស្ត្រាចារ្យនៃសាលាបារាំងចុងបូពា៌រូបនេះចងក្រង រៀបរាប់យ៉ាងលម្អិតពីប្រាសាទកោះកែរ និងប្រាសាទព្រះខ័ន នៅកំពង់ស្វាយ ដែលសុទ្ធតែជារមណីយដ្ឋានមានការអភិវឌ្ឍបណ្តាញផ្លូវគមនាគមន៍នាពេលថ្មីៗនេះ ដើម្បីសម្របសម្រួលដល់ការធ្វើដំណើរទៅកាន់ទីនោះដោយគ្មានបញ្ហា ។ នៅក្បែរខាងប្រាសាទដ៏ស្កឹមស្កៃទាំងនោះមានស្នាដៃកេរដំណែលដែលគេស្គាល់មិនអស់មានចំនួនយ៉ាងច្រើនជាមួយលក្ខណៈដ៏សម្បូរបែបដែលសុទ្ធសឹងជាសក្ខីភាពបញ្ជាក់ឱ្យឃើញនូវឥទ្ធិពលនៃព្រះរាជាណាចក្រខ្មែរ ។
ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំធ្វើនៅវិទ្យាស្ថានបារាំងនៃកម្ពុជា កាលពីថ្ងៃទី១៩ មិថុនា ២០១៣ លោកសាស្ត្រាចារ្យ ប៊្រុយណូ ប្រ៊ុយហ្គីយេ ឱ្យដឹងថា កន្លងមកលោកបានបោះពុម្ពផ្សាយសៀវភៅប្រភេទនេះម្តងរួចមកហើយ ដែលនិយាយរៀបរាប់ពីប្រាសាទព្រះវិហារ ដែលត្រូវប្រទេសកម្ពុជាដាក់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ ចំណែកសៀវភៅដែលគ្រោងនឹងបោះពុម្ពផ្សាយបន្តទៀតនេះ គឺជាភាគទី៣ ដែលរៀបរាប់ទាំងអស់អំពីរមណីយដ្ឋានបុរាណនៃអាណាចក្រខេត្តភាគខាងជើងនៃប្រទេសកម្ពុជា លើកលែងតែប្រាសាទអង្គរវត្ត ។ ប្រាសាទអង្គរ គឺមានឯកសារជាច្រើន និងអ្នកឯកទេសសម្រាប់ប្រាសាទនោះហើយ ចំណែករូបលោក គឺមានឯកទេសនៅតំបន់ផ្សេងៗក្រៅពីតំបន់អង្គរ ។
គោលបំណងនៃការបោះពុម្ពផ្សាយសៀវភៅនេះ គឺលោក ប្រ៊ុយណូ ប្រ៊ុយហ្គីយេ ចង់សម្រួល និងជាឯកសារយោងសម្រាប់អ្នកស្រាវជ្រាវទាំងអស់ ព្រោះតាំងពីឆ្នាំ១៩៣៩មក គឺគ្មានអ្នកណាម្នាក់បោះពុម្ពផ្សាយពីចំណេះដឹងស្តីអំពីប្រាង្គប្រាសាទខ្មែរទាំងអស់ឱ្យបានល្អិតល្អន់ឡើយ ។ សៀវភៅនេះនឹងផ្តល់នូវព័ត៌មាន និងចំណេះដឹងផ្សេងៗដល់ភ្ញៀវទេសចរ នៅពេលដែលពួកគេទាំងនោះចង់ទៅទស្សនារមណីយដ្ឋានបុរាណខ្មែរផ្សេងទៀត ក្រៅអំពីប្រាសាទអង្គរវត្ត ។ លោកសាស្ត្រាចារ្យបញ្ជាក់ថា រយៈពេលជិត២០ឆ្នាំ ដែលលោកស្នាក់នៅ និងស្រាវជ្រាវប្រវត្តិប្រាសាទបុរាណនៅក្នុងប្រទេសកម្ពុជា ក្នុងនោះរយៈពេល១០ឆ្នាំចុងក្រោយ រូបលោកបានចំណាយពេលក្នុងការចុះបញ្ជី និងសារពើភណ្ឌបណ្តាប្រាសាទទាំងអស់នៅក្នុងប្រទេសកម្ពុជា ។
នៅក្នុងការស្រាវជ្រាវនេះ ក៏មានបុគ្គលិកខ្មែរចំនួន៥នាក់ដែរ មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា ចំណាយពេល៦ឆ្នាំ នៅក្នុងការចុះស្រាវជ្រាវជាមួយរូបលោក ។ ចំពោះការចំណាយប្រាក់សម្រាប់ការស្រាវជ្រាវនេះ គឺលោកមិនអាចនឹងគណនាបានឡើយ ដោយសារពេលខ្លះ លោកត្រូវធ្វើដំណើរដោយម៉ូតូពីកន្លែងមួយទៅកន្លែងមួយ និងមានពេលខ្លះលោកត្រូវសម្រាកនៅតាមទីវត្តអារាម ។ ប្រាក់ដែលលោកចំណាយលើការស្រាវជ្រាវនេះ គឺបានមកពីក្រសួងការបរទេសបារាំង ប៉ុន្តែប្រាក់សម្រាប់បោះពុម្ពផ្សាយសៀវភៅនេះ គឺជារបស់លោកផ្ទាល់ ។ សៀវភៅនេះបន្ទាប់ពីបោះពុម្ពរួចចែកផ្សាយនៅតាមតំបន់រមណីយដ្ឋានទាំងនោះ នៅក្នុងបណ្ណាល័យ និងបណ្ណាគារមួយចំនួន ។
លោក ប្រ៊ុយណូ ប្រ៊ុយហ្គីយេ អះអាងថា អ្វីដែលលោកចង់ស្រាវជ្រាវ និងបោះពុម្ពផ្សាយសៀវភៅនេះ គឺលើកកម្ពស់ដល់អាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសកម្ពុជាឱ្យមានការយល់ដឹងបន្ថែមទៀតក្នុងការថែរក្សា និងអភិរក្សប្រាសាទបុរាណផ្សេងទៀត ដោយមិនចាំបាច់តែប្រាង្គប្រាសាទធំៗទេ ។ បន្ទាប់ពីបោះពុម្ពផ្សាយសៀវភៅនេះហើយ លោក ប្រ៊ុយណូ ប្រ៊ុយហ្គីយេ នឹងបន្តស្រាវជ្រាវបន្ថែមទៀត ជាពិសេសគឺការស្រាវជ្រាវទៅលើប្រាសាទបន្ទាយឆ្មារ តាមដងទន្លេមេគង្គ ជាពិសេសនៅភាគខាងត្បូងនៃប្រទេសឡាវ ដែលនៅមានស្នាកស្នាមបូជនីយដ្ឋានរបស់ខ្មែរ ដូចជាប្រាសាទវត្តភូ ជាដើម និងនៅភាគខាងជើងប្រទេសកម្ពុជា គឺភ្នំគូលែន ។
លោក ប្រ៊ុយណូ ប្រ៊ុយហ្គីយេ ស្រាវជ្រាវពីប្រាសាទបុរាណខ្មែរ ដោយសារតែលោកមិននឹកស្មានដល់ថា ប្រទេសកម្ពុជាមានទំហំតូច ប៉ុន្តែមានប្រាង្គប្រាសាទបុរាណរាប់ពាន់ ដែលបុព្វបុរសបានបន្សល់ទុក ៕
ចែករំលែកព័តមាននេះ