ខេត្តកំពង់ធំ ៖ រថយន្តដឹកឈើគ្រញូងកំពុងតែកម្រើកឡើងវិញ ទោះបីជាប្រមុខរាជរដ្ឋាភិបាលបានចេញច្បាប់រឹតបន្តឹងយ៉ាងណាក៏ដោយ ក៏អ្នករកស៊ីធ្វើចរាចរណ៍ឈើគ្រញូងខុសច្បាប់ នៅតែលួចដឹកយ៉ាងគគ្រឹកគគ្រេងដដែល។ ក្នុងមួយថ្ងៃៗមានចាប់ពី១០ទៅ២០រថយន្តទាំងយប់ទាំងថ្ងៃ ក្នុងរយៈពេលមុនបោះឆ្នោតនេះ ដោយសារតែសមត្ថកិច្ចខ្លះត្រូវថ្នាំសណ្តំចុះចាញ់ឫទ្ធិអំណាចឥទ្ធិពលនៃប្រាក់ដុល្លារ ។ តាមការកត់សម្គាល់ រថយន្តធុនទំនើបមួយហ្វូងធំដឹកជញ្ជូនឈើគ្រញូងឆ្ពោះទៅព្រំដែនវៀតណាម កាត់តាមស្ពានគីហ្សុ៊ណាសឱ្យប្រសាចស្ទើររាល់យប់ ។
ឈើគ្រញូងត្រូវបានគេដឹងថា បានចូលស្រុកយួនតាមច្រកត្រពាំងផ្លុង និងជាពិសេសតាមច្រកដូងដោយសុវត្ថិភាពបំផុត សុទ្ធតែផ្ទុកដោយរថយន្តទំនើបៗ។ សមត្ថកិច្ចត្រពាំងផ្លុងប្រាប់ថា ចេញតាមច្រកដូងច្រើនជាង ព្រោះស្រួលនិយាយគ្នាជាមួយមេច្រក ។ ជាការពិត វាមិនសុទ្ធតែមានថ្ងៃហេងរហូតរបស់ក្រុមឈ្មួញដឹកគ្រញូងនោះទេ ជួនកាលស៊យម្តងៗដែរ ។ ជាក់ស្តែងនៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២០ មិថុនា រថយន្តដឹកគ្រញូង១គ្រឿងម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-8324 ផ្ទុកឈើគ្រញូងពេញបានបែកកង់ ។
ដោយសារតែបែកការណ៍ នាវេលាទៀបភ្លឺនោះឈ្មួញក៏បានអូសរថយន្តទៅលាក់ទុកនៅក្បែរពំនូកចំបើងរបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក រួចគេចខ្លួនបាត់ ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច ទើបអស់លោកចេញទៅចាប់ ។ លោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានដឹកនាំកម្លាំងចម្រុះយករថយន្តមកសាងឈើចេញខ្លះ រួចនាំយកទាំងរថយន្តទាំងឈើទៅកាន់រដ្ឋបាលព្រៃឈើកំពង់ថ្ម ដែលស្រួលមិនស្រួលចាប់យកប៉ះគ្នាឯងក៏មិនដឹង ព្រោះមិនដែលបានចាប់សោះ ។
គួររំលឹកថា កាលពីយប់ថ្ងៃទី១៧ មិថុនាកន្លងមក រថយន្តបាឡែនផ្សេងមួយទៀតដែលគេខ្សិបថាស្ថិតក្នុងក្រុមតែមួយ ថៅកែតែមួយ ដឹកឈើគ្រញូងពេញ ពាក់ស្លាកលេខ ភ្នំពេញ 2D-7788 ពណ៌ទឹកប្រាក់ ក៏ជួបវាសនាអាក្រក់បែកកង់ខាងឆ្វេងនៅចំណុចភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោងដូចគ្នានេះដែរ ត្រូវបានកម្លាំងសមត្ថកិច្ចអូសយករថយន្តនោះមកកាន់ផ្នែករដ្ឋបាលព្រៃឈើស្ទោង ធ្វើការវាស់វែងមានចំនួន៧៥ដុំ ស្មើនឹង១,៤៣៩ម៉ែត្រគូប រួចយកមករក្សាទុកដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
ប្រភពមួយខ្សិបប្រាប់កោះសន្តិភាពថា រថយន្តទំនើបដឹកឈើគ្រញូងមានប្រមាណជាង២០គ្រឿងជារបស់ថៅកែគ្រញូងតែម្នាក់ ។ រថយន្តទាំងនេះរកស៊ីតែពេលយប់ឆ្ពោះទៅព្រំដែនវៀតណាមយ៉ាងរំភើយ ដែលមេព្រៃខេត្តកំពង់ធំ ខេត្តកំពង់ចាម អាចស្គាល់ច្បាស់ជាងគេ ហើយសង្ស័យម៉ូយដុំទៀតផង ព្រោះទាល់តែក្រឡាប់ ឬទៅមុខលែងរួច ទើប…៕
ចែករំលែកព័តមាននេះ