រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួក៣នាក់ បានត្រូវប៉ូលិសខណ្ឌពោធិ៍សែនជ័យ សហការជាមួយប្រជាពលរដ្ឋចាប់ខ្លួន ក្នុងខណៈពួកគេធ្វើសកម្មភាពវាយបុរសម្នាក់ ដោយដំបងឈើជ្រុងមានបំណងប្លន់យកម៉ូតូមួយគ្រឿង ។ ក្រោយពីចាប់ខ្លួនបាន ប្រជាពលរដ្ឋរាប់សិបនាក់ដែលស្អប់ខ្ពើមឈ្មោះថាចោរ បានព្រួតគ្នាវាយម្នាក់មួយដៃមួយជើងបណ្តាលឱ្យរងរបួសធ្ងន់ដេកដួលសន្លប់ស្តូកស្តឹងនៅក្នុងថ្លុកឈាមទាំង២នាក់ បើកុំតែប៉ូលិសប្រឹងប្រែងជួយទាន់ប្រហែលជាគ្មានដង្ហើមដកនោះទេ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ មិថុនា នៅលើផ្លូវបេតុងមួយកន្លែងស្ថិតក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យជាចោរប្លន់ទាំង២នាក់នេះម្នាក់ឈ្មោះ សួន សិលា ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករសំណង់មានទីលំនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះ សួន លីន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅតាមបណ្តោយផ្លូវសឡា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកឯបក្សពួកម្នាក់ទៀតដែលរត់រួចឈ្មោះ សួន សេរីវុទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវជាបងប្អូនបង្កើតរបស់ឈ្មោះ សួន សិលា ។
ជនសង្ស័យឈ្មោះ សួន សេរីវុទ្ធ បានជិះម៉ូតូមួយគ្រឿងមា៉កអាយខន ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1S-9482 រត់គេចខ្លួនបាត់ ។ ដោយឡែកម្ចាស់ម៉ូតូដែលក្រុមជនសង្ស័យប៉ុនប៉ងប្លន់ឈ្មោះ សំរឹទ្ធ សេរី អាយុ២៦ឆ្នាំ ធ្វើការនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ហើយម៉ូតូរបស់គេដែលត្រូវក្រុមចោរវាយប្លន់យកមិនបានសម្រេចនេះមា៉កហុងដាស្គូពី ពណ៌ឈាមជ្រូកលាយទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AU-7474 ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុលោក សំរឹទ្ធ សេរី បានជិះម៉ូតូរបស់ខ្លួនតែម្នាក់ឯងចេញពីហូបអាហារនៅមុខផ្សារសិុនជូរីប្លាហ្សាសំដៅទៅផ្ទះ ។ លុះពេលទៅដល់មុខផ្ទះក៏ឈប់និយាយទូរស័ព្ទហៅប្អូនឱ្យបើកទ្វារដើម្បីចូលទៅក្នុងផ្ទះ ខណៈនោះក្រុមចោរប្លន់៣នាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាទៅដល់ ហើយយកដំបងឈើជ្រុងវាយម្ចាស់ម៉ូតូទាំងកំរោលបំណងប្លន់យកម៉ូតូស្គូពី ។
ប៉ុន្តែពេលនោះជនរងគ្រោះបានយកដៃរងជាប់ និងដណ្តើមយកដំបងឈើជ្រុងនោះបាន រួចវាយតបតវិញ និងស្រែកថា«ចោរៗ» បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងប៉ូលិសដែលកំពុងដើរល្បាតនៅក្បែរនោះ រួមជាមួយប្រជាពលរដ្ឋចេញមកឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យបាន២នាក់ភ្លាមៗ ក្នុងពេលពួកគេព្យាយាមរត់គេចខ្លួនបានចម្ងាយប្រមាណជាង១០០ម៉ែត្រពីកន្លែងកើតហេតុ ។ ឯម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់ ។ ប្រភពដដែលបានបន្តថា ក្រោយពេលចាប់ខ្លួនបាន ប្រជាពលរដ្ឋបាននាំគ្នាបញ្ចេញកំហឹងព្រួតគ្នាវាយទៅលើក្រុមចោរប្លន់ទាំងពីរនាក់នោះយ៉ាងចាស់ដៃ បណ្តាលឱ្យរងរបួសយា៉ងធ្ងន់ដេកដួលនៅក្នុងថ្លុកឈាម ហើយបើកុំតែបានប៉ូលិសធ្វើអន្តរាគមន៍ទាន់ ប្រហែលជនទាំងពីរនាក់នោះស្លាប់បាត់ទៅហើយ។ ជនទាំងពីរនាក់ដែលនៅសល់តែដង្ហើមចង្រិត ត្រូវសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់ និងបានដាក់កម្លាំងប៉ូលិសយាមពេញមួយយប់ទៀតផង ដោយដាក់ខ្នោះដៃជាប់គ្រែពេទ្យ ។
លោកវរសេនីយ៍ទោ ប៊ន សំអាត អធិការប៉ូលិសខណ្ឌពោធិ៍សែនជ័យថ្លែងថា ដោយទទួលបានបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ លោកបានរៀបចំកម្លាំងចេញល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ។ នៅយប់កើតហេតុកងកម្លាំងប៉ូលិសខណ្ឌបានសហការជាមួយប្រជាពលរដ្ឋបង្ក្រាបបានក្រុមជនសង្ស័យជាចោរប្លន់ខាងលើ ក្នុងខណៈពួកគេកំពុងធ្វើសកម្មភាពប្លន់ម៉ូតូនាវេលារំលងអធ្រាត្របានពីរនាក់ និងរត់រួចម្នាក់ ហើយលោកកំពុងដាក់កម្លាំងតាមរកចាប់ខ្លួនបន្តទៀត ។
លោកអធិការបានបន្តថា ក្រុមជនសង្ស័យនេះធ្លាប់បានធ្វើសកម្មភាពវាយស្ត្រីម្នាក់ប្លន់យកម៉ូតូមា៉កស្គូពីបានមួយគ្រឿងរួចមកហើយនៅក្នុងខណ្ឌសែនសុខ ខណៈពេលដែលស្ត្រីរូបនោះជិះម៉ូតូចេញពីក្លិបឌីស្កូមួយ ។ ក្រោយពេលធ្វើសកម្មភាពបានសម្រេច ក្រុមចោរបានរត់គេចខ្លួនបាត់ ។ លុះមកដល់ពេលនេះបានធ្វើសកម្មភាពវាយប្លន់បុរសខាងលើនៅក្នុងភូមិសាស្ត្រសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវអស់លក្ខណ៍តែម្តង ។ ជនសង្ស័យទាំងពីរនាក់ ក្រោយពេលព្យាបាលរបួសរួច ត្រូវកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ