រាជធានីភ្នំពេញ ៖ មនុស្សរាប់សិបនាក់បាននាំគ្នាចោមរោមមើលសង្សារមួយគូដែលមានជម្លោះវាយតប់គ្នាបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតាមផ្លូវលេខ២០០៤ ចំណុចបញ្ជរបង់ប្រាក់ក្នុងភូមិត្រពាំងឈូក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ការវាយតប់គ្នានេះដោយសារតែរឿងប្រចណ្ឌ បន្ទាប់ពីពួកគេទាំងពីរបានជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ មានស្លាកលេខភ្នំពេញ 1BQ-8672 មួយគ្រឿង ធ្វើដំណើរតាមដងផ្លូវ ។ ជម្លោះវាយតប់គ្នានោះមានរយៈពេលប្រមាណ១០នាទី កាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី១៩ មិថុនា ។ ពេលវាយតប់គ្នាបណ្តាលឱ្យស្ត្រីសង្សារបានមុតដៃនិងឡាមខ្លួនឯងដែលយកមកគំរាមបុរសជាសង្សារ ។
តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ២នាក់សង្សារវ័យក្មេងនេះបានជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ធ្វើដំណើរតាមផ្លូវលេខ២០០៤ ហៅផ្លូវម៉ៃដា ក្នុងទិសដៅពីកើតទៅលិច ។ នៅពេលធ្វើដំណើរហួសបញ្ជរបង់ប្រាក់ប្រមាណជា១០មែ៉ត្រមិនដឹងមូលហេតុអ្វីទេ ស្រាប់តែ២នាក់សង្សារបានឈប់ម៉ូតូ ហើយប្រវាយត្រតប់គ្នាធ្វើឱ្យមានការឈរមើលពីអ្នកដំណើរតាមផ្លូវរហូតកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។
តាមសាក្សីបានឱ្យដឹងថា នៅខណៈនោះគេឃើញស្រីស្នេហ៍បានចាប់ក្របួច.កអាវយុវជនជាសង្សារទាញជាប់មិនឱ្យជិះម៉ូតូចេញ ។ ភ្លាមនោះបុរសជាសង្សារបានព្យាយាមជិះម៉ូតូគេចតែត្រូវស្រ្តីរូបនោះបានស្ទុះទៅវាយ និងចាប់ទាញពីលើម៉ូតូទើបត្រូវយុវជនជាសង្សារខឹងចុះពីលើម៉ូតូទៅវាយលើនារីរូបនោះក៏កើតមានការវាយតប់គ្នាម្តងទៀត តែត្រូវប្រជាពលរដ្ឋនាំគ្នាជួយ ឃាត់ ។ លុះក្រោយមកបុរសជាសង្សារបានបាត់ទៅហើយស្ត្រីជាសង្សារបានទាក់ទងហៅតាក់ស៊ីឱ្យដឹកទៅកន្លែងធ្វើការ ។
តាមស្ត្រីជាសង្សារបានឱ្យដឹងថា ខ្លួនឈ្មោះ ស្រី កា អាយុ១៩ឆ្នាំ ជាអ្នកបម្រើការខារ៉ាអូខេ នៅហាងញ៉ូស្តារ ។
ចំណែកបុរសជាសង្សារឈ្មោះ ភារម្យ ហៅខេម អាយុ២២ឆ្នាំ ជាសិស្សរៀនភាសាកូរ៉េ មានលំនៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថា្ល ខណ្ឌសែនសុខ ។ ទាក់ទិននឹងទំនាស់នេះត្រូវស្រីកាឱ្យដឹងថា នាងបានស្រឡាញ់គ្នារយៈពេលជាងមួយឆ្នាំហើយ ។ នៅមុនពេលកើតហេតុ នាងនិងសង្សារឈ្មោះ ភារម្យ បានធ្វើដំណើរឌុបគ្នាតាមម៉ូតូថាទៅលេងផ្ទះបុរសជាសង្សារនៅពេលធ្វើដំណើរក៏មានទំនាស់ពាក្យសម្តីដោយសារតែសង្សារនាងមានស្រីផ្សេង ។ ពេលនោះនាងនិយាយថា បើមានសង្សារថ្មី នាងឈប់ស្រឡាញ់ហើយ តែត្រូវសង្សាររបស់នាងខឹងក៏វាយនាងមួយដៃ ហើយនាងបានវាយវិញតែម្តងទៅ ៕
ចែករំលែកព័តមាននេះ