ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ប្លន់​3​នាក់​​ប្រើ​ដំបង​វាយ​ប្លន់​ម៉ូតូ​ ប្រជា​ពល​រដ្ឋ​ព្រួត​វាយ​ដេក​ដួល​2​នាក់​ ម្នាក់​រត់​បាត់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​២​នាក់​ក្នុង​ចំណោម​បក្ស​ពួក​៣​នាក់​ បាន​ត្រូវ​​​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ សហ​ការ​ជាមួយ​ប្រជា​ពល​រដ្ឋ​​ចាប់​ខ្លួន​ ក្នុង​ខណៈ​​ពួក​គេ​ធ្វើ​សកម្ម​ភាព​វាយ​​បុរស​ម្នាក់​ ដោយ​ដំបង​ឈើ​ជ្រុង​មាន​បំណង​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ ។ ក្រោយ​ពី​ចាប់​ខ្លួន​បាន​ ប្រជា​ពល​រដ្ឋ​រាប់​សិប​នាក់​ដែល​ស្អប់​ខ្ពើម​ឈ្មោះ​ថា​ចោរ​ បាន​ព្រួត​គ្នា​វាយ​​ម្នាក់​មួយ​ដៃ​មួយ​ជើង​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​​ដេក​

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​២​នាក់​ក្នុង​ចំណោម​បក្ស​ពួក​៣​នាក់​ បាន​ត្រូវ​​​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ សហ​ការ​ជាមួយ​ប្រជា​ពល​រដ្ឋ​​ចាប់​ខ្លួន​ ក្នុង​ខណៈ​​ពួក​គេ​ធ្វើ​សកម្ម​ភាព​វាយ​​បុរស​ម្នាក់​ ដោយ​ដំបង​ឈើ​ជ្រុង​មាន​បំណង​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ ។ ក្រោយ​ពី​ចាប់​ខ្លួន​បាន​ ប្រជា​ពល​រដ្ឋ​រាប់​សិប​នាក់​ដែល​ស្អប់​ខ្ពើម​ឈ្មោះ​ថា​ចោរ​ បាន​ព្រួត​គ្នា​វាយ​​ម្នាក់​មួយ​ដៃ​មួយ​ជើង​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​​ដេក​ដួល​សន្លប់​ស្តូក​ស្តឹង​នៅ​ក្នុង​ថ្លុក​ឈាម​ទាំង​២​នាក់​ បើ​កុំ​តែ​​ប៉ូលិស​ប្រឹង​ប្រែង​ជួយ​ទាន់​ប្រហែល​ជា​គ្មាន​ដង្ហើម​ដក​នោះ​ទេ ។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំ​លង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០​ មិ​ថុនា​ នៅ​លើ​ផ្លូវ​បេ​តុង​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ចំការ​ឪ​ឡឹក​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ជន​សង្ស័យ​ជា​ចោរ​ប្លន់​ទាំង​២​នាក់​នេះ​ម្នាក់​ឈ្មោះ​ សួន​ សិលា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជា​កម្ម​ករ​សំណង់​មាន​ទី​លំ​នៅ​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ និង​ម្នាក់​ទៀត​ឈ្មោះ​ សួន​​ លីន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មាន​ទី​លំ​នៅ​តាម​បណ្តោយ​ផ្លូវ​​សឡា​ ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។ ចំណែក​ឯ​បក្ស​ពួក​ម្នាក់​ទៀត​ដែល​រត់​រួច​ឈ្មោះ​ សួន​ សេ​រី​វុទ្ធ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ​ត្រូវ​ជា​បង​ប្អូន​បង្កើត​របស់​ឈ្មោះ​ សួន​ សិ​លា​ ។ ជន​សង្ស័យ​ឈ្មោះ​ សួន​ សេរី​វុទ្ធ​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មា៉ក​អាយ​ខន​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1S-9482 រត់​គេច​ខ្លួន​បាត់​​ ។

ដោយ​ឡែក​ម្ចាស់​ម៉ូតូ​ដែល​ក្រុម​ជន​សង្ស័យ​ប៉ុន​ប៉ង​ប្លន់​ឈ្មោះ​ សំ​រឹទ្ធ​ សេ​រី​ អាយុ​២៦​ឆ្នាំ​ ធ្វើ​ការ​នៅ​ក្នុង​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ មាន​ទី​លំ​នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​ ហើយ​ម៉ូតូ​របស់​គេ​ដែល​ត្រូវ​ក្រុម​ចោរ​វាយ​ប្លន់​យក​មិន​បាន​សម្រេច​នេះ​មា៉ក​ហុង​ដា​ស្គូ​ពី​ ពណ៌​ឈាម​ជ្រូក​លាយ​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AU-7474 ។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹងថា​ មុន​ពេល​កើត​ហេតុ​លោក​ សំរឹទ្ធ​ សេ​រី​ បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​តែ​ម្នាក់​ឯង​ចេញ​ពី​ហូប​អាហារ​នៅ​មុខ​ផ្សារ​សិុន​ជូ​រី​ប្លា​ហ្សា​សំដៅ​ទៅ​ផ្ទះ​ ។ លុះ​ពេល​ទៅ​ដល់​​មុខ​ផ្ទះ​​ក៏​​ឈប់​និយាយ​ទូរ​ស័ព្ទ​ហៅ​ប្អូន​​ឱ្យ​បើក​ទ្វារ​​ដើម្បី​ចូល​ទៅ​ក្នុង​ផ្ទះ​ ខណៈ​នោះ​ក្រុម​ចោរ​ប្លន់​៣​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ទៅ​ដល់​ ​ហើយ​​យក​ដំបង​ឈើ​ជ្រុង​វាយ​​ម្ចាស់​ម៉ូតូ​ទាំង​កំរោល​បំណង​ប្លន់​យក​ម៉ូតូ​ស្គូ​ពី​ ។ ប៉ុន្តែ​ពេល​នោះ​ជន​រង​គ្រោះ​បាន​យក​ដៃ​រង​​ជាប់​ និង​​ដណ្តើម​យក​ដំបង​ឈើ​ជ្រុង​នោះ​បាន​ រួច​វាយ​តប​ត​វិញ​ និង​ស្រែក​ថា​«ចោរ​ៗ»​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​កម្លាំង​​ប៉ូលិស​ដែល​កំពុង​ដើរ​ល្បាត​នៅ​ក្បែរ​នោះ​ រួម​ជាមួយ​ប្រជា​ពល​រដ្ឋ​ចេញ​មក​ឡោម​ព័ទ្ធ​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​២​នាក់​ភ្លាម​ៗ​​ ក្នុង​ពេល​​ពួក​គេ​ព្យា​យាម​រត់​គេច​ខ្លួន​បាន​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ​ ។ ឯ​ម្នាក់​ទៀត​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​ ។

ប្រភព​ដដែល​បាន​បន្ត​ថា​ ក្រោយ​ពេល​ចាប់​ខ្លួន​បាន​ ប្រជា​ពល​រដ្ឋ​បាន​នាំ​គ្នា​បញ្ចេញ​កំហឹង​ព្រួត​គ្នា​វាយ​ទៅ​លើ​ក្រុម​ចោរ​ប្លន់​ទាំង​ពីរ​នាក់​នោះ​យ៉ាង​ចាស់​ដៃ​ បណ្តាល​ឱ្យ​រង​របួស​យា៉ង​ធ្ងន់​​ដេក​ដួល​នៅ​ក្នុង​ថ្លុក​ឈាម​ ហើយ​បើ​កុំ​តែ​បាន​ប៉ូលិស​ធ្វើ​អន្តរា​គមន៍​ទាន់​ ប្រហែល​ជន​ទាំង​ពីរ​នាក់​នោះ​​ស្លាប់​បាត់​​ទៅ​ហើយ​។  ជន​ទាំង​ពីរ​នាក់​ដែល​នៅ​សល់​តែ​ដង្ហើម​ចង្រិត​ ត្រូវ​​សមត្ថ​កិច្ច​ហៅ​រថ​យន្ត​សង្គ្រោះ​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ព្រះ​កុសុ​មៈ​ ដើម្បី​សង្គ្រោះ​បន្ទាន់​ និង​បាន​ដាក់​កម្លាំង​ប៉ូលិស​យាម​ពេញ​មួយ​យប់​ទៀត​ផង​ ដោយ​ដាក់​ខ្នោះ​ដៃ​ជាប់​គ្រែ​ពេទ្យ​ ។

លោក​វរ​សេ​នីយ៍​ទោ​ ប៊ន​ សំ​អាត​ អធិការ​ប៉ូលិស​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​​ថ្លែង​ថា​ ដោយ​ទទួល​បាន​បទ​បញ្ជា​ និង​ការ​ណែ​នាំ​ពី​​លោក​ឧត្តម​សេនីយ៍​ឯក​ ជួន​ សុវណ្ណ​ ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ លោក​បាន​រៀប​ចំ​កម្លាំង​ចេញ​ល្បាត​ទាំង​យប់​ទាំង​ថ្ងៃ​ ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ផ្សេង​ៗ​នៅ​ក្នុង​មូល​ដ្ឋាន​ ។ នៅ​យប់​​កើត​ហេតុ​កង​កម្លាំង​ប៉ូលិស​ខណ្ឌ​បាន​សហ​ការ​ជាមួយ​​ប្រជា​ពល​រដ្ឋ​បង្ក្រាប​បាន​ក្រុម​ជន​សង្ស័យ​ជា​ចោរ​ប្លន់​ខាង​លើ​ ក្នុង​ខណៈ​​ពួក​គេ​កំពុង​ធ្វើ​សកម្ម​ភាព​ប្លន់​ម៉ូតូ​​នា​វេលា​រំលង​អធ្រាត្រ​បាន​ពីរ​នាក់​ និង​រត់​រួច​ម្នាក់​ ហើយ​លោក​កំពុង​ដាក់​កម្លាំង​តាម​រក​ចាប់​ខ្លួន​បន្ត​ទៀត​ ។ លោក​អធិ​ការ​បាន​បន្ត​ថា​ ក្រុម​ជន​សង្ស័យ​នេះ​ធ្លាប់​បាន​ធ្វើ​សកម្ម​ភាព​វាយ​ស្ត្រី​ម្នាក់​ប្លន់​យក​ម៉ូតូ​មា៉ក​ស្គូ​ពី​បាន​មួយ​គ្រឿង​រួច​មក​ហើយ​នៅ​ក្នុង​ខណ្ឌ​សែន​សុខ​ ខណៈ​ពេល​ដែល​ស្ត្រី​រូប​នោះ​ជិះ​ម៉ូតូ​ចេញ​ពី​ក្លិប​ឌី​ស្កូ​មួយ​ ។

ក្រោយ​ពេល​ធ្វើ​សកម្ម​ភាព​បាន​សម្រេច​ ក្រុម​ចោរ​បាន​រត់​គេច​ខ្លួន​បាត់​ ។ លុះ​មក​ដល់​ពេល​នេះ​​បាន​ធ្វើ​សកម្ម​ភាព​វាយ​ប្លន់​បុរស​ខាង​លើ​នៅ​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ក៏​ត្រូវ​អស់​លក្ខណ៍​តែ​ម្តង​ ។ជន​សង្ស័យ​ទាំង​ពីរ​នាក់ ​ក្រោយ​ពេល​ព្យាបាល​របួស​រួច​ ត្រូវ​​កសាង​សំ​ណុំ​រឿង​ដើម្បី​បញ្ជូន​ទៅ​សា​លា​ដំបូង​​ ដើម្បី​​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ៕