ខេត្តតាកែវ ៖ ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់បញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ដើម្បីចាត់ការបន្ត យោងតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារនារីរងគ្រោះដោយចោទប្រកាន់ពីបទចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច ។ ការចាប់រំលោភនេះកើតឡើងខណៈនាងទៅយាមចម្ការឪឡឹក ហើយជនសង្ស័យដើររកកាប់អុស លុះពេលមេឃភ្លៀងក៏ដើរទៅរោងចាំចម្ការឪឡឹក ដែលនារីរងគ្រោះនៅទីនោះ ហើយឃើញឱកាសល្អក៏ធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ប៉ុន្តែ៣ថ្ងៃក្រោយមកទើបក្រុមគ្រួសារប្តឹងប៉ូលិសឱ្យចាប់ខ្លួនជនសង្ស័យយកទៅផ្តន្ទាទោសតាមច្បាប់ ។
បុរសម្នាក់នេះបានត្រូវចាប់ខ្លួន កាលពីថ្ងៃទី១៩ មិថុនា វេលាម៉ោង៣និង៣០នាទីរសៀល នៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបុរី ។ លោកវរសេនីយ៍ត្រី មួល ហួន អធិការនគរបាលស្រុកអង្គរបុរីឱ្យដឹងថា ជនសង្ស័យដែលប៉ូលិសឃាត់ខ្លួននេះឈ្មោះ វណ្ណី ស៊ីណា អាយុ២៧ឆ្នាំ មានប្រពន្ធកំពុងពពោះ រស់នៅក្នុងឃុំខាងលើ ចំណែកនារីរងគ្រោះអាយុ២៧ឆ្នាំ ។
លោកអធិការនគរបាលស្រុកបានបន្តទៀតថា នៅមុនពេលកើតហេតុកាលពីថ្ងៃទី១៦ មិថុនា វេលាម៉ោង៤និង១៥នាទីរសៀល នារីរងគ្រោះបានអង្គុយក្នុងរោងចាំចម្ការឪឡឹកស្ថិតក្នុងឃុំបាស្រែ តែម្នាក់ឯង ។ ចំណែកជនសង្ស័យបានដើររកកាប់អុស ពេលនោះមេឃធ្លាក់ភ្លៀងក៏រត់ទៅសុំជ្រកភ្លៀងក្នុងរោងជាមួយនារីរងគ្រោះ លុះពេលឃើញឱកាសល្អ ជនកំហូចនេះក៏ចាប់នាងរំលោភរហូតបានសម្រេច ហើយមកនៅផ្ទះធ្វើដូចជាអត់មានរឿងអី្វកើតឡើង ទាល់តែបីថ្ងៃក្រោយមកប៉ូលិសទៅចាប់ខ្លួនទើបក្រុមគ្រួសារមានការភ្ញាក់ផ្អើល ។
នៅចំពោះមុខប៉ូលិស ជនឈ្មោះវណ្ណី ស៊ីណាសារភាពថា រូបគេពិតជាបានចាប់នាងរំលោភប្រាកដមែន ហើយគិតថាស្មានអត់មានរឿងអី លុះពេលប៉ូលិសមកចាប់ទើបភ្ញាក់ខ្លួន តែអ្វីៗហួសពេលអស់ទៅហើយ ។ លោក ហ៊ុន ហែម នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឱ្យដឹងថា ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ