ខេត្តកំពង់ឆ្នាំង ៖ លោក ដួង ហុង អធិការស្រុកសាមគ្គីមានជ័យ បានបដិសេធនូវពាក្យចចាមអារ៉ាមថា មានរថយន្តកូរ៉េដឹកកម្មករបានក្រឡាប់បណ្តាលឱ្យរបួសធ្ងន់១៦នាក់ និងស្រាលជាង២០នាក់ កាលពីយប់ថ្ងៃទី១៩ មិថុនា ។ លោកបានបញ្ជាក់ថា កាលពីនៅព្រឹកថ្ងៃទី២០ មិថុនា បន្ទាប់ពីមានវិទ្យុក្នុងស្រុកមួយបានបានផ្សាយគ្មានប្រភពច្បាស់លាស់ថា រថយន្តដឹកកម្មករមួយគ្រឿងបានក្រឡាប់ បណ្តាលឱ្យរបួសធ្ងន់ និងស្រាលយ៉ាងច្រើន ។
លោកអធិការបានបញ្ជាក់ទៀតថា កាលពីវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី១៩ មិថុនា មានរថយន្តកូរេ៉ ពាក់ស្លាកលេខភ្នំពេញ 2E-4835 បើកបរដោយឈ្មោះ នាគ បូរី អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងម្ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យបានដឹកកម្មករចេញពីរោងចក្រមកដល់ចំណុចភូមិរលាំង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ បានជ្រុលកង់មុខធ្លាក់ផ្លូវបន្តិច តែមិនបានក្រឡាក់នោះទេ សូម្បីតែផ្អៀងបន្តិចក៏គ្មានដែរ ។
ឮលោកបានបន្តថា ក្រោយពីមានហេតុការណ៍នេះ រថយន្តបានថយក្រោយវិញ ហើយបានបន្តដំណើរទៅមុខជាធម្មតា ដោយពុំមានគ្រោះថ្នាក់ សូម្បីប៉ះពាល់តែបន្តិចដល់កម្មករម្នាក់ក៏គ្មានឡើយ ។ជុំវិញព័ត៌មានចចាមអារ៉ាមនេះ លោកបានមានប្រសាសន៍ទៀតថា ការផ្សព្វផ្សាយព័ត៌មានមិនមានប្រភពច្បាស់លាស់បែបនេះ វាបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសនោះគឺធ្វើឱ្យប៉ូលិសឈឺក្បាលមិនតិចទេ ៕
ចែករំលែកព័តមាននេះ