ខេត្តពោធិ៍សាត់ ៖ កាលពីរសៀលថ្ងៃទី១៩ មិថុនា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តពោធិ៍សាត់ ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកខូយ សុខា អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នាយកដ្ឋាន មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំមន្ទីរនានានៅក្នុងខេត្ត ។
តាមប្រកាសរបស់ក្រសួងលេខ២៣៥ ចុះថ្ងៃទី២១ មីនា ឆ្នាំ២០១៣ បានសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូនលោក ឆែ វណ្ណសូដា ឱ្យបំពេញមុខងារជាប្រធានមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តពោធិ៍សាត់ជំនួសលោក ម៉ៅ សាន ដែលត្រូវចូលនិវត្ត។ លោក ឆែ វណ្ណសូដា ប្រធានមន្ទីរថ្មីបានឡើងប្ដេជ្ញាចិត្តថា នឹងខិតខំដឹកនាំការងារបន្តពីលោកម៉ៅ សាន ឱ្យកាន់តែប្រសើរឡើងថែមទៀត ពិសេសធ្វើឱ្យមានសាមគ្គីភាពផ្ទៃក្នុងល្អ បែងចែកការងារដល់អនុប្រធានមន្ទីរគ្រប់គ្រង និងរៀបចំកន្លែងធ្វើការឱ្យបានល្អ ។
លោក ខូយ សុខា អភិបាលខេត្តបានមានប្រសាសន៍ថា កន្លងមកមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលដឹកនាំគ្រប់គ្រងការងារបានល្អទាំងអគ្គិសនី រដ្ឋាករទឹក រ៉ែ សិប្បកម្ម និងអាជីវកម្មផ្សេងៗ ។ ការតែងតាំងប្រធានមន្ទីរថ្មីជំនួសប្រធានចាស់ដែលចូលនិវត្តនេះជាសេនាធិការឱ្យខេត្តក្នុងការអនុវត្តការងារឱ្យកាន់តែរីកចម្រើនលូតលាស់ ។ លោករដ្ឋមន្ត្រី ស៊ុយ សែម មានប្រសាសន៍ថា ការប្រកាសតែងតាំង វាជារឿងធម្មតារបស់មន្ត្រីរាជការ ខណៈប្រធានចាស់ចូលនិវត្ត ឬមរណភាពត្រូវតែមានប្រធានថ្មីបន្តដឹកនាំ ។ជាមួយគ្នានេះលោកសូមឱ្យប្រធានថ្មីបន្តដឹកនាំពីប្រធានមន្ទីរចាស់ឱ្យបានល្អប្រសើរថែមទៀតដោយមានការទទួលខុសត្រូវធ្វើយ៉ាងណាឱ្យមន្ត្រីក្រោមឱវាទស្រឡាញ់ពេញចិត្ត និងសហការជាមួយអាជ្ញាធរមន្ទីរពាក់ព័ន្ធនានាឱ្យបានល្អប្រសើរ ៕
ចែករំលែកព័តមាននេះ