តាមសំណើរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ជួយបញ្ជូនពលរដ្ឋខ្មែររងគ្រោះដោយការជួញដូរមនុស្សចំនួន៦នាក់ មកកម្ពុជាវិញ ។ ពលរដ្ឋខ្មែររងគ្រោះចំនួន៦នាក់នេះ នឹងធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសនៅថ្ងៃទី២០ មិថុនា ២០១៣ វេលាម៉ោង៤និង១០នាទីរសៀលនេះ ។
ពលរដ្ឋខ្មែររងគ្រោះទាំង៦នាក់នេះ ស្ថិតក្នុងចំណោមពលរដ្ឋខ្មែររងគ្រោះដោយការជួញដូរមនុស្សចំនួន១៦នាក់ ដែលស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី សហការជាមួយអាជ្ញាធរម៉ាឡេស៊ី ជួយសង្គ្រោះនាពេលកន្លងមកនេះ ។ ពលរដ្ឋខ្មែររងគ្រោះទាំងនេះ ត្រូវបានមេខ្យល់បោកបញ្ឆោតយកទៅធ្វើការដោយខុសច្បាប់លើទូកនេសាទថៃ ហើយត្រូវបានជួយសង្គ្រោះនៅពេលទូកនេសាទនេះ ចូលនេសាទខុសច្បាប់ក្នុងដែនទឹកប្រទេសម៉ាឡេស៊ី ។
រីឯពលរដ្ឋខ្មែររងគ្រោះដែលនៅសល់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បន្តសហការជាមួយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ដើម្បីធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ជាបន្តបន្ទាប់នាពេលឆាប់ៗខាងមុខនេះ ៕
ចែករំលែកព័តមាននេះ