ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហទេព​និង​នកុល​ក្រោយ​បែក​មាតុ​ភូមិ​ជាង​30​ឆ្នាំ​កំពុង​ញញឹម​រាក់​ទាក់​ប្រតិភូ​បេតិ​កភណ្ឌ​ពិភព​លោក​ បង្ហាញ​ពី​កិត្តិយស​កម្ពុជា​ និង​ការ​ប្រគល់​ជូន​ដោយ​សន្តិ​ភាព​និង​សុចរិត​ពី​សារមន្ទីរ​នៅ​អាមេរិក​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ «យើង​ច្បាស់​ជា​នឹក​ដល់​រូប​ចម្លាក់​ទាំង​ពីរ​នេះ​ចាប់​ពី​ពេល​នេះ​ទៅ​…»​ នេះ​ជា​សម្តី​របស់​លោក​ Maxwell k. Hearn តំណាង​សារមន្ទីរ​ Metropolitan ដែល​គ្រប់​គ្រង​រូប​ចម្លាក់​ «សហទេព» និង «នកុល» ហើយ​នាំ​យក​មក​ប្រគល់​ជូន​កម្ពុជា​វិញ​ ប៉ុន្តែ​អ្នក​ «នឹក​» លើស​ពី​ការ​នឹក​នោះ​ឥតគណនា​បាន​គឺ​ «កម្ពុជា» និង​បដិមា​បុរាណ​ទាំង​២អង្គ​ «នឹក» មាតុ​ភូមិ​ឥត​គណនា​ដែរ។

រាជធានីភ្នំពេញ​ ៖ «យើង​ច្បាស់​ជា​នឹក​ដល់​រូប​ចម្លាក់​ទាំង​ពីរ​នេះ​ចាប់​ពី​ពេល​នេះ​ទៅ​…»​ នេះ​ជា​សម្តី​របស់​លោក​ Maxwell k. Hearn តំណាង​សារមន្ទីរ​ Metropolitan ដែល​គ្រប់​គ្រង​រូប​ចម្លាក់​ «សហទេព» និង «នកុល» ហើយ​នាំ​យក​មក​ប្រគល់​ជូន​កម្ពុជា​វិញ​ ប៉ុន្តែ​អ្នក​ «នឹក​» លើស​ពី​ការ​នឹក​នោះ​ឥតគណនា​បាន​គឺ​ «កម្ពុជា» និង​បដិមា​បុរាណ​ទាំង​២អង្គ​ «នឹក» មាតុ​ភូមិ​ឥត​គណនា​ដែរ។

ឥឡូវ​ «សហទេព» និង​ «នកុល» បាន​មក​នៅ​រួម​រស់​លើ​ទឹក​ដី​មាតុភូមិ​វិញ​ហើយ​ ដោយ​ពិធី​ប្រគល់​ជា​ផ្លូវ​ការ​របស់​តំណាង​សារមន្ទីរ​ Metropolitan នៅ​បុរី​ញូវយ៉ក​ ជូន​កម្ពុជា​ តំណាង​ដោយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​ ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​បេតិ​កភណ្ឌ​ពិភព​លោក​លើក​ទី​៣៧​ នៅ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៦ មិថុនា​ ២០១៣​ ។ ពេល​នេះ​បដិមា​បុរាណ​ដ៏​មាន​តម្លៃ​ទាំង​ពីរ​អង្គ​កំពុង​បង្ហាញ​ខ្លួន​នៅ​វិមាន​សន្តិ​ភាព​ សម្រាប់​គណៈ​ប្រតិភូ​នៃ​គណៈ​កម្មា​ធិការ​បេតិ​កភណ្ឌ​ពិភព​លោក​ចំនួន​១៩០​ប្រទេស​ទស្សនា។

ការ​ដាក់​បង្ហាញ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ឱ្យ​អន្តរ​ជាតិ​បាន​ដឹង​ថា​ បដិមា​ទាំង​ពីរ​អង្គ​នេះ​បាន​មក​ដល់​ប្រទេស​ដើម​វិញ​ហើយ​ៗក៏​ចង់​បង្ហាញ​ពី​កិត្តិ​យស​របស់​ប្រទេស​កម្ពុជា​ផង​ និង​ម្ចាស់​សារមន្ទីរ​ដែល​បាន​ផ្តល់​ឱ្យ​ដោយ​សុចរិត​ និង​សន្តិ​ភាព​មិន​មាន​ការ​ប្តឹង​ប្តល់​ ។
លោក​ ជុច​ ភឿន​ រដ្ឋ​លេខា​ធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ឱ្យ​ដឹង​ថា​ បដិមា​ទាំង​ពីរ​អង្គ​សហទេព​ និង​នកុល​ ត្រូវ​រដ្ឋា​ភិបាល​កម្ពុជា​ទាម​ទារ​យក​មក​វិញ​ ក្រោម​កិច្ច​សហការ​ជាមួយ​នឹង​រដ្ឋា​ភិបាល​របស់​សហ​រដ្ឋ​អាមេរិក​ ។ បដិមា​ទាំង​ពីរ​នេះ​ត្រូវ​បាន​ប្រគល់​មក​ឱ្យ​កម្ពុជា​វិញ​ ដោយ​សន្តិ​ភាព​ ពោល​គឺ​មិន​មាន​ការ​ប្តឹង​ប្តល់​អ្វី​ទាំង​អស់​ ប៉ុន្តែ​​កម្ពុជា​ក៏​មាន​គោល​បំណង​ប្តឹង​យក​មក​វិញ​ដែរ​ ក្នុង​ករណី​ដែល​សារមន្ទីរ​ Metropolitan មិន​ព្រម​ប្រគល់​ឱ្យ​នោះ​ ។​

លោក​រដ្ឋ​លេខា​ធិការ​បញ្ជាក់​ថា​ មុន​នឹង​ឈាន​ដល់​ការ​វិល​ត្រឡប់​មក​វិញ​នៃ​បដិមា​ទាំង​ពីរ​​អង្គ​នេះ​ គឺ​មាន​បដិមា​ពីរ​អង្គ​ទៀត​របស់​ខ្មែរ​ត្រូវ​គេ​ដាក់​ដេញ​ថ្លៃ​ ហើយ​ត្រូវ​ក្រុម​ជំនាញ​របស់​អង្គ​ការ​យូណេស្កូ​ផ្តល់​ដំណឹង​នេះ​មក​កម្ពុជា​ ហើយ​កម្ពុជា​បាន​ស្វែង​រក​វិធី​ដើម្បី​នាំ​យក​បដិមា​ទាំង​នោះ​មក​វិញ​ ។ ទន្ទឹម​នោះ​ គហបតី​ម្នាក់​អះ​អាង​ថា​ ប្រសិន​បើ​មាន​ការ​ប្តឹង​ប្តល់​នោះ​ គឺ​មិន​ងាយ​នឹង​បាន​ឡើយ​ ហេតុ​នេះ​គាត់​សន្យា​នឹង​ទិញ​ពី​អ្នក​លក់​នោះ​ដើម្បី​ទុក​ជា​កាដូ​មក​ឱ្យ​សារមន្ទីរ​របស់​ខ្មែរ​យើង​ ។ ការ​ទិញ​នោះ​ ក្នុង​បដិមា​មួយ​អង្គ​តម្លៃ​១លាន​ដុល្លារ​ ប៉ុន្តែ​ក្រុម​ហ៊ុន​ដែល​លក់​នោះ​ មិន​យល់​ព្រម​ឡើយ​ ដោយ​ថា​ គេ​លក់​ក្នុង​តម្លៃ​៤​ទៅ៥​លាន​ដុល្លារ​ឯ​ណោះ​ ។

ក្រោយ​មក​ទៀត​ យើង​លែង​ប្រើ​ប្រាស់​វិធី​នៃ​ការ​ទិញ​ តែ​ប្រើ​ប្រាស់​ផ្នែក​ច្បាប់​ជំនួស​វិញ​ ដោយ​ក្នុង​នោះ​ គឺ​យើង​បាន​ស្នើ​សុំ​សហការ​ជាមួយ​រដ្ឋា​ភិបាល​អាមេរិក​ ។ អាមេរិក​បាន​យល់​ព្រម​ជួយ​ ដោយ​បាន​រៀប​ចំ​អ្នក​ច្បាប់​មួយ​ក្រុម​ធ្វើ​កិច្ច​ការ​នេះ​ ចំណែក​កម្ពុជា​យើង​បាន​រៀប​ចំ​ឯក​សារ​ជា​ទឡ្ហីករណ៍​ខាង​ផ្នែក​បុរាណ​វិទ្យា​បញ្ជាក់​ថា​ បដិមា​ទាំង​នេះ​ជា​របស់​ខ្មែរ​ និង​ត្រូវ​គេ​លួច​យក​ទៅ​ដល់​ទីនោះ​ដោយ​ខុស​ច្បាប់​ ។

លោក​ ជុច ភឿន បញ្ជាក់​ថា​ ក្នុង​ពេល​រឿង​ក្តី​នេះ​កំពុង​តែ​ដំណើរ​​ការ​ សារ​មន្ទីរ​ Metropolitan បាន​ទាក់​ទង​មក​មន្ត្រី​កម្ពុជា​ថា​ គេ​មាន​បដិមា​ខ្មែរ​ចំនួន​២អង្គ​ដែរ​គឺ​ «សហទេព» និង​ «នកុល» ។ ក្រោយ​ពី​គេ​បាន​សិក្សា​យ៉ាង​ល្អិត​ល្អន់​ថា​ បដិមា​ទាំង​២​នោះ​ពិត​ជា​របស់​ខ្មែរ​ គេ​សម្រេច​ប្រគល់​មក​ឱ្យ​កម្ពុជា​វិញ​ ដោយ​ស្រប​តាម​ច្បាប់​របស់​ប្រទេស​គេ ។ បន្ទាប់​ពី​ទទួល​មក​វិញ​បដិមា​របស់​ខ្មែរ​ទាំង​ពីរ​នេះ​ លោក​រដ្ឋ​លេខា​ធិការ​ ថ្លែង​ថា​ បដិមា​ចំនួន​៣​ទៀត​ដែល​កម្ពុជា​ជឿ​ថា​ នៅ​សេស​សល់​នោះ​ នឹង​អាច​វិល​ត្រឡប់​មក​វិញ​ដូច​គ្នា​ជា​បន្ត​បន្ទាប់​ ។​

លោក​ ជុច​ ភឿន​ ឱ្យ​ដឹង​ថា​ សហទេព​ និង​នកុល​ គឺ​ស្ថិត​ក្នុង​ចំណោម​បដិមា​ទាំង​៩​អង្គ​ ដែល​មួយ​អង្គ​ស្ថិត​នៅ​ក្នុង​អភិរក្ស​អង្គរ​ តែ​មិន​មាន​ព្រះ​កេស​ឡើយ​ ។ បដិមា​សហទេព​ និង​នកុល​ សាង​សង់​ឡើង​ក្នុង​សតវត្សរ៍​ទី​១០​ នៅ​ប្រាសាទ​កោះ​កេរ​ ប៉ុន្តែ​បាត់​ក្នុង​អំឡុង​​ទសវត្សរ៍​១៩៧០​ ខណៈ​ប្រទេស​កម្ពុជា​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​នយោ​បាយ​ ។ បដិមា​ទាំង​ពីរ​នេះ​មាន​កម្ពស់​ប្រហែល​១,២​ម៉ែត្រ​ និង​មួយៗ​មាន​ទម្ងន់​ប្រហែល​៩០​គីឡូ​ក្រាម ។

ឮសហ​ទេព​ និង​នកុល​ កសាង​ឡើង​ដើម្បី​រំលេច​របៀប​ជា​សិល្បៈ​នៃ​ជ័យ​ជម្នះ​របស់​ចក្រ​ភព​ខ្មែរ​នៅ​សតវត្សរ៍​ទី​១០​នៃ​រាជ​ធានី​កោះ​កេរ (ខេត្ត​ព្រះ​វិហារ​បច្ចុប្បន្ន​) ។ បដិមា​ទាំង​ពីរ​នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​និមិត្ត​រូប​រំលេច​ឡើង​នូវ​ការ​ប្រយុទ្ធ​គ្នា​រវាង​ភីម​ (ជា​បង​ប្អូន​បន​ទវៈ​ម្នាក់​ទៀត)​ និង​រូប​បដិមា​ ទុរ្យោ​ធនៈ​ (ជា​ជីដូន​មួយ​របស់​គាត់​ និង​ជា​មេ​ដឹក​នាំ​គូ​ប្រយុទ្ធ​ត្រកូល​កុរុ)។

ការ​ប្រយុទ្ធ​គ្នា​នេះ​ ក្នុង​រឿង​និទាន​ដ៏​ល្បី​រន្ទឺ​គឺ​រឿង​ព្រេង​ «មហា​ភារតៈ​» ដែល​ការ​ប្រយុទ្ធ​នេះ​មាន​សាក្សី​៧​នាក់​ រាប់​បញ្ចូល​ទាំង​ព្រះ​គ្រឹស្នៈ​ និង​បន​ទវៈ​ ។ រចនា​បថ​ប្រាសាទ​កោះ​កេរ​ ត្រូវ​បាន​គេ​មើល​ឃើញ​ជា​រចនា​បថ​ចម្លាក់​ខ្មែរ​ដ៏​ល្បី​ល្បាញ​បំផុត​ ដោយ​បង្ហាញ​ឱ្យ​ឃើញ​លក្ខណៈ​ពិសេស​នៃ​ចលនា​នៅ​ជុំវិញ​រូប​ចម្លាក់​បង្ហាញ​នូវ​កាយ​វិការ​សម្តែង​ល្ខោន​ ៕