ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​កង់ឡាននិងសាំង…ដុតស្វាគមន៍សាលដីកា​​តុលា​​ការ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រួសារ​យោធិន​ពិការ​ប្រមាណ​៣០​នាក់​បាន​សម្រេចចិត្តត្រៀម​ដុត​កង់​រថយន្ត​ និង​សាំង​ចំនួន​២​កាន ដើម្បី​ធ្វើការ​ប្រឆាំង​ជំទាស់​នឹង​សមត្ថកិច្ច​ចម្រុះ ដែល​គ្រោង​ចុះ​មក​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ដោយ​ពួក​គាត់​ចាត់​ទុក​ថា អយុត្តិធម៌​សម្រាប់ពួក​គាត់​នៅ​ក្នុង​ទំនាស់​ដីធ្លី​ដ៏​ចម្រូងចម្រាស​មួយ រវាង​ឪពុកមា ដែល​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់…

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រួសារ​យោធិន​ពិការ​ប្រមាណ​៣០​នាក់​បាន​សម្រេចចិត្តត្រៀម​ដុត​កង់​រថយន្ត​ និង​សាំង​ចំនួន​២​កាន ដើម្បី​ធ្វើការ​ប្រឆាំង​ជំទាស់​នឹង​សមត្ថកិច្ច​ចម្រុះ ដែល​គ្រោង​ចុះ​មក​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ដោយ​ពួក​គាត់​ចាត់​ទុក​ថា អយុត្តិធម៌​សម្រាប់ពួក​គាត់​នៅ​ក្នុង​ទំនាស់​ដីធ្លី​ដ៏​ចម្រូងចម្រាស​មួយ រវាង​ឪពុកមា ដែល​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ និង​ក្មួយ​ជីដូន​មួយ ​ដែល​ជា​យោធិន​ពិការ ។

ការ​ភ្ញាក់ផ្អើល​ពី​គម្រោង​ធ្វើការ​តវ៉ា​ប្រឆាំង​សាលដីកា​តុលាការ​នេះ​ បាន​កើត​មាននៅ​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា នៅ​ចំណុច​តាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។ ទោះ​បី​ជា​​យ៉ាងណា សមត្ថកិច្ច​ក៏​បាន​លើក​ពេល​វិញ​ដែរ ដោយ​ខ្លាច​មានការ​ប៉ះទង្គិច​គ្នា ជាយថាហេតុ​ណាមួយ​ធ្វើ​ឱ្យ​រឿង​ក្តី​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ និង​កាន់តែ​វែង​ឆ្ងាយ ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៨ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា កម្លាំង​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អាជ្ញាសាលា​គ្រោង​ចុះ​មក​អនុវត្តន៍ សាលដីកា​លេខ​៨៨«​ខ​»​ចុះ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨ ក្នុង​សំណុំរឿង​រដ្ឋប្បវេណី​លេខ​១៨​ចុះ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៧ រវាង​ដើមចោទ​ឈ្មោះ កើត សា​រ៉េ​ត ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ដែល​គេ​ស្គាល់​ថា​ ជា​អនុរដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ មាន​លំនៅ​ផ្ទះ​លេខ​១៣​អា សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក និង​ចុង​ចម្លើយ​ឈ្មោះ មាស សុ​ផាត ហៅ​កុយ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ (​ជា​យោធិន​ពិការ​ជា​អ្នក​ចាញ់ក្តី​និង​ត្រូវជា​ក្មួយ​) ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​នោះ​ក្រុម​គ្រួសារ​អ្នក​ចាញ់ក្តី​ ក៏​បាន​ប្រមូលផ្តុំ​បងប្អូន​កូនចៅ​ប្រមាណ​៣០​នាក់ និង​បាន​ត្រៀម​កង់​រថយន្ត​ និង​ប្រេងសាំង ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំង​ដោយ​នាំ​គ្នា​ស្រែ​កថា​«​អយុត្តិធម៌​»​ព្រមទាំង​មានការ​សរសេរ​បដា​ធ្វើការ​អំពាវនាវ​ដល់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ជា សុ​ផា​រ៉ា និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ផង​ដែរ ។

តាម​លោក មាស សុ​ផាត ដែល​ជា​យោធិន​ពិការ​និង​ជា​អ្នក​ចាញ់ក្តី​បាន​អះអាង​ថា ដី​នេះ​ត្រូវ​បាន​ឪពុកមា (​ជា​បងប្អូន​ជីដូនមួយ​) ឈ្មោះ កើត សា​រ៉េ​ត ដែល​បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយ​កម្ម ​និង​សំណង់ បាន​ហៅ​ឲ្យ​មក​ស្នាក់​នៅ​លើ​ដី​របស់​គាត់​ផ្នែក​ខាង​មុខ ទំហំ​ប្រមាណ​ជាង​៤០​អា តាំងពី​ឆ្នាំ​១៩៩២ ។ បន្ទាប់​ពី​ស្នាក់​នៅ​គាត់​ក៏​បាន​កាន់កាប់​ដី​ថែរក្សា​ផ្នែក​ខាងក្រោយ​ដែល​ជា​ដី​បឹង និង​ព្រៃ​ប្រមាណ​ជិត​២​ហិ​កតា ។

លុះ​ក្រោយមក​ឪពុកមា​រូប​នេះ ក៏​បាន​បបួល​គាត់​លក់​ដី​នោះ​ចូល​គ្នា ហើយ​ក៏​បាន​ឲ្យ​គេ​ចុះ​វាស់វែង ស្រាប់តែ​ឪពុកមា​បាន​លួច​ធ្វើ​ប្លង់​រំលោភ​យក​ដី​របស់​គាត់​ទាំងអស់​តែ​ម្តង និង​បាន​ប្តឹងប្តល់​ដេញ​គាត់​និង​ក្រុម​គ្រួសារ​ឲ្យ​ចេញពី​ដី​នោះ រហូត​ដល់​ឈ្នះ​នៅ​តុលាការ​កំពូល ហើយ​គ្រោង​មក​អនុវត្ត​សាលដីកា​នៅ​ពេល​នោះ ។លោក មាស សុ​ផាត ក៏​បាន​ស្រែ​កថា អយុត្តិធម៌​ណាស់ ហើយ​គាត់​ពុំ​ព្រម​ចាកចេញ​នោះ​ទេ សុខចិត្ត​ស្លាប់​លើ​ដី​នេះ ។

ទោះបីជា​យ៉ាងណា ការ​បរិយាយ​ខាងលើ​នេះ​ជាស​ម្តី​ភាគី​ម្ខាង ដែល​អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​ភាគី​អ្នក​ឈ្នះក្តី​បាន​នៅឡើយ​ទេ ។ ដោយសារ​តែ​មានការ​ពុះកញ្ជ្រោល​ពី​សំណាក់​អ្នក​ចាញ់ក្តី​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​ក៏​បាន​លើក​ពេល​អនុវត្ត​សាលដីកា​វិញ តែ​មិនដឹង​ថា​នឹង​ធ្វើ​នៅ​ពេល​ណា​ទៀត​នោះ​ឡើយ ៕​

អត្ថបទសរសេរ ដោយ