ខេត្តព្រះសីហនុ ៖ បុរសខ្មែរជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលរំដោះចេញពីការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃពីសំណាក់បុរសជនជាតិរុស្ស៊ី៣នាក់ កាលពីវេលាមោ៉ង៩យប់ថ្ងៃទី១៨ មិថុនា ខណៈដែលបុរសខ្មែររូបនេះ បានចូលលួចទូរស័ព្ទដៃមួយគ្រឿងក្នុងផ្ទះដែលជនរុស្ស៊ីស្នាក់នៅក្រុមទី៣០ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។ នេះជារឿងគួរឱ្យភ្ញាក់ផ្អើលមួយនិងមិនធ្លាប់មានកន្លងមកទេ ដែលជនសង្ស័យពេលត្រូវបានចាប់ខ្លួន ហើយទទួលរងការធ្វើទារុណកម្ម ដូចជាកាត់ម្រាមមេដៃស្តាំរួចយកច្រវាក់មកដាក់.ក និងចងកំណាត់ទុយោបិទមាត់ដូចដាក់ប្រឡៅឆ្កែ ហើយយកខ្សែចងដៃទៅក្រោយ និងចងជើងទៀត ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១៨ មិថុនា វេលាម៉ោង៩យប់ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនជនជាតិរុស្ស៊ី៣នាក់ នៅផ្ទះជួលមួយកន្លែងស្ថិតក្នុងក្រុមទី៣០ ភូមិ៤ សង្កាត់៣ ក្រុងព្រះសីហនុ ពីបទចាប់មនុស្សបង្ខាំងធ្វើទារុណកម្ម ។ ជនជាតិរុស្ស៊ីទាំង៣នាក់នោះ គឺ១-ឈ្មោះ Sundakov Vadym ភេទប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិរុស្ស៊ី កាន់លិខិតឆ្លងដែនលេខ P.O 743585 ជាអ្នកទេសចរ ។ ២-ឈ្មោះ Kulikov Alexader ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិរុស្ស៊ី កាន់លិខិតឆ្លងដែនលេខ 723479161 ជាអ្នកទេសចរ និង ៣-ឈ្មោះ Anatoll vlamirrovich Krutakov ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិអ៊ុយគ្រែន ។
ជនបរទេសទាំង៣នាក់ជាប់ពីបទបង្ខាំងមនុស្សខុសច្បាប់ និងធ្វើទារុណកម្មទៅលើបុរសខ្មែរឈ្មោះ មុំ ឫទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ មិថុនា ។ ការចាប់បង្ខាំងនេះ ដោយសារតែបុរសខ្មែរខាងលើបានចូលលួចយកទូរស័ព្ទដៃមួយគ្រឿង ពីផ្ទះជួលរបស់ជនជាតិរុស្ស៊ីទាំងនោះ កាលពីយប់ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ មិថុនា ហើយត្រូវបានជនបរទេសទាំងបីនាក់ចាប់ឃុំខ្លួនធ្វើទារុណកម្មដោយដាក់ច្រវាក់ដៃជើងឱ្យបៀមទុយោ និងកាត់ម្រាមមេដៃដោយមិនប្រគល់ឱ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់របស់កម្ពុជាឡើយ ។
ប្រភពព័ត៌មានដដែលបានឱ្យដឹងទាក់ទងទៅនឹងការធ្វើទារុណកម្មនេះថា បន្ទាប់ពីចាប់បុរសខ្មែរជាចោរលួចទូរស័ព្ទ ដោយធ្វើទារុណកម្មយ៉ាងព្រៃផ្សៃរួចមក ជនម្នាក់ក្នុងចំណោមបរទេស៣នាក់ គឺឈ្មោះ Sundakov Vadym បានយកកន្ត្រៃដងជ័រមកកាន់មេដៃស្តាំចោលទៀត បណ្តាលឱ្យហូរឈាមយ៉ាងខ្លាំង ពេលនោះជនរងគ្រោះឈឺខ្លាំងមិនអាចទ្រាំបានក៏ស្រែកឱ្យគេជួយនៅវេលាម៉ោងជាង៧យប់ថ្ងៃទី១៨ មិថុនា ទើបត្រូវបានអ្នកជិតខាងដឹងក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយរំដោះនៅវេលាមោ៉ងប្រមាណ៩យប់ក្នុងថៃ្ងដដែល ។
ក្រោយពេលសមត្ថកិច្ចនគរបាលរំដោះបាន ហើយ បុរសខ្មែរដែលជាជនរងគ្រោះត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកចម្ការចេកក្រុងព្រះសីហនុជាបន្ទាន់ ។ ចំណែកជនជាតិរុស្ស៊ីទាំង៣នាក់នោះ ត្រូវសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។ យោងតាមលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ឱ្យដឹងថា ជនជាតិរុស្សុីគឺស្ថិតនៅលំដាប់លេខ១ក្នុងចំណោមជនបរទេសដែលមកធ្វើទេសចរណ៍នៅខេត្ដមាត់សមុទ្រខ្មែរនេះ ។ ជនជាតិរុស្សុីមួយចំនួនបានមករស់នៅ និងកសាងជាភូមិគ្រឹះមានរយៈពេលច្រើនឆ្នាំមកហើយ ដោយអ្នកខ្លះបាននាំយកក្រុមគ្រួសារ ឪពុកម្ដាយដែលចាស់ជរាមកស្នាក់នៅជាមួយខណៈរដូវត្រជាក់ក្នុងប្រទេសរុស្សុីចូលមកដល់ លុះដល់រដូវកាលមានអាកាសធាតុធម្មតា ទើបគេបញ្ជូនក្រុមគ្រួសារ ឬឪពុកម្ដាយរបស់គេឱ្យវិលត្រឡប់ទៅប្រទេសរុស្សុីវិញ ។
យោងតាមប្រភពលោកនាយប៉ុស្ដិ៍រដ្ឋបាលខាងលើបានបញ្ជាក់ថា ឈ្មោះ មុំ រិទ្ធី អាយុ២៨ឆ្នាំ ពិតជាបានចូលទៅក្នុងផ្ទះស្នាក់នៅរបស់ជនជាតិរុស្សុី និងលួចយកទូរស័ព្ទដៃម៉ាក Nokia N77 ហើយត្រូវបានជនទាំង៣នាក់ខាងលើចាប់បាន ។ តាមលោកឧត្ដមសេនីយ៍ត្រី តាក វណ្ណថា ស្នងការនគរបាលខេត្ដប្រាប់ថា ជនបរទេសទាំង៣នាក់ខាងលើនេះបានប្រព្រឹត្ដបទឧក្រិដ្ឋធ្វើទារុណកម្ម៤ចំណុចគឺ ទី១-ចាប់បង្ខាំងមនុស្សក្នុងផ្ទះខុសច្បាប់ ទី២-យកបំពង់ទីបជ័រចងបិទមាត់ ទី៣-ដាក់ច្រវាក់ក ដៃនិងជើង និងទី៤-បង្អត់ អាហារ ។ នេះជាអំពើអមនុស្សធម៌មួយដែលប្រជាជននៅលើពិភពលោកស្អប់ខ្ពើមយ៉ាងខ្លាំង មិនថាធ្វើទារុណកម្មទៅលើជនជាតិណាមួយទេ ។ បច្ចុប្បន្ន ជនបរទេសទាំង៣នាក់នេះកំពុងត្រូវបានឃុំខ្លួនដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដ ដើម្បីចាត់វិធានការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ