ខេត្ដបាត់ដំបង ៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិវៀតណាមម្នាក់ រួមជាមួយអ្នកបកប្រែជនជាតិខ្មែរម្នាក់ផង ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៨ មិថុនា នៅក្នុងសណ្ឋាគារ «ប្រេស៊ីដង់» ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ដោយសារតែក្រុមនេះស្ពាយប្រាក់ដុល្លារក្លែងក្លាយដល់ទៅ១០ម៉ឺុន(ដុល្លារឆេងម៉េង ឬដុល្លារខ្មោច) ដើរស៊ីចាយ និងបង់ថ្លៃសណ្ឋាគារ ។ លោក មៀន ឡាយ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនិយាយថា ក្រុមនេះមាន ៖
១-ឈ្មោះ លី ថៃសេង អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ រស់នៅក្បែរផ្សារដើមថ្កូវ ខណ្ឌចំការមន ជាមន្ដ្រីយោធានៅការិយាល័យទី២ កងទ័ពជើងអាកាស មានឋានន្ដរស័ក្ដិអនុសេនីយ៍ឯក និងជាអ្នកបកប្រែ ។
២-ឈ្មោះ ឆាន់ វ៉ាន់ឡុង អាយុ៤៧ឆ្នាំ ជនជាតិម៉ាឡេស៊ី ។
៣-ឈ្មោះ ហ្វាង ចិនថុង អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ។
លោកនិយាយថា ក្រុមនេះកាន់ប្រាក់ដុល្លារក្លែងក្លាយដល់ទៅ១០ម៉ឺុនដុល្លារ ដែលភាគច្រើនជា «ដុល្លារឆេងម៉េង» ដើរចាយក៏ត្រូវគេសង្ស័យរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង ។
នៅពេលឃាត់ខ្លួន ជនជាតិម៉ាឡេស៊ី និងជនជាតិវៀតណាមប្រាប់ថា ពួកគេទើបចូលមកប្រទេសកម្ពុជាជាលើកទី១ តាមរយៈអ្នកបកប្រែជនជាតិខ្មែរឈ្មោះ លី ថៃសេង ។ ពួកគេឆ្លើយថា ពួកគេទាំង៣នាក់មកដល់ខេត្ដបាត់ដំបង នៅព្រឹកថ្ងៃទី១៨ មិថុនា ហើយអ្នកបកប្រែឈ្មោះ ថៃសេង ប្រាប់ថា នៅស្រុកខ្មែរអាចចាយលុយខ្មៅបានស្រួលណាស់គ្មានអ្នកណាស្គាល់ទេ ។ បុរសបរទេសទាំង២នាក់នេះប្រាប់ទៀតថា ឈ្មោះ ថៃសេង ប្រាប់ពួកខ្លួនថា បើមានប្រាក់ដុល្លារអាមេរិកសុទ្ធចំនួន៦ម៉ឺុនដុល្លារ អាចដូរយកប្រាក់ដុល្លារខ្មៅបាន១០ម៉ឺុនដុល្លារ ហើយរូបគេស្គាល់អ្នកមានដុល្លារខ្មៅនោះ ។
ដោយគិតថា ដុល្លារសុទ្ធ៦ម៉ឺុនដុល្លារដូរបាន១០ម៉ឺុនដុល្លារខ្មៅ ហើយស្រួលចាយផង និងចំណេញ៤ម៉ឺុនដុល្លារទៀត ពួកគេទាំង២នាក់ឱ្យអ្នកបកប្រែទាក់ទងទៅអ្នកមានដុល្លារខ្មៅដើម្បីដូរ រីឯពួកគេទាក់ទងសាច់ញាតិនៅប្រទេសកំណើត ដើម្បីឱ្យវេរប្រាក់ដុល្លារសុទ្ធមកឱ្យ ។ ពួកគេបញ្ជាក់ថា នៅរសៀលថ្ងៃដដែលសាច់ញាតិបានវេរប្រាក់ដុល្លារសុទ្ធជាង៥ម៉ឺុនដុល្លារ តាមរយៈផ្ទះដូរលុយលេខ៧៣ ខាងលិចផ្សារណាត់ ក្នុងក្រុងបាត់ដំបង ។
ចំណែកអ្នកបកប្រែជនជាតិខ្មែរឈ្មោះ លី ថៃសេង និយាយថា ក្រោយពីបើកលុយបានគ្រប់ចំនួន ពួកគេទាក់ទងដើម្បីណាត់ជួបអ្នកកាន់លុយដុល្លារខ្មៅឈ្មោះ ចាន់ និងឈ្មោះ ផល នៅឯផ្លូវជាយក្រុងចម្ងាយ៤គីឡូម៉ែត្រ ដើម្បីដោះដូរលុយសុទ្ធ និងលុយក្លែងក្លាយនោះ ។ លុះដោះដូររួច ក៏នាំគ្នាជិះរថយន្ដត្រឡប់មកសណ្ឋាគារវិញ ប៉ុន្ដែពេលពិនិត្យ និងរាប់លុយនោះម្ដងទៀត បែរជាឃើញសុទ្ធតែក្រដាសប្រាក់ «ដុល្លារឆេងម៉េង» ហៅដុល្លារខ្មោច ដោយគេយកប្រាក់ដុល្លារសុទ្ធរៀបអមសងខាងដុំលុយ១ម៉ឺុនៗ ។ រីឯខាងក្នុងដុំលុយនោះ សុទ្ធតែប្រាក់ដុល្លារខ្មោច ។
អ្នកបកប្រែរូបនេះថា ពេលឃើញដូច្នេះបុរសម៉ាឡេស៊ី និងបុរសវៀតណាមក្ដៅក្រហាយយ៉ាងខ្លាំង ថែមទាំងរកវាយតប់ខ្លួនក្នុងបន្ទប់ទៀត ដោយចោទថា ខ្លួនជាអ្នករៀបចំគម្រោងនេះ ។ ពួកគេបានយកលុយឆេងម៉េងនោះទៅបង់ថ្លៃសណ្ឋាគារ និងព្យាយាមទៅទិញទំនិញនៅក្បែរនោះ ទើបបែកការណ៍ដល់សមត្ថកិច្ចតែម្ដង ។
លោក មៀន ឡាយ បញ្ជាក់ថា សំណុំរឿងនេះបានបែកធ្លាយ ដោយសារតែក្រុមនេះព្យាយាមធ្វើចរាចរណ៍ក្រដាសប្រាក់ដុល្លារខ្មោច តាមរយៈការបង់ថ្លៃសណ្ឋាគារ និងទិញទំនិញក្បែរសណ្ឋាគារនោះ ធ្វើឱ្យគេសង្ស័យក៏រាយការណ៍ប្រាប់សមត្ថកិច្ច ។
លោកស្នងការនគរបាលខេត្ដ បានចេញបញ្ជាឱ្យស្រាវជ្រាវឃាត់ខ្លួនជនប្រព្រឹត្ដភ្លាមៗដែរ ។ លោកបន្ថែមថា ជនទាំងបីនាក់ខាងលើនេះ ត្រូវសមត្ថកិច្ចចូលទៅឃាត់ខ្លួនក្នុងបន្ទប់លេខ៣១៥ សណ្ឋាគារ«ប្រេស៊ីដង់» និងឆែកឆេរដកហូតបានវត្ថុតាងរួមមាន ប្រាក់ដុល្លារក្លែងក្លាយ(ដុល្លារខ្មោច) ប្រភេទក្រដាស១០០ដុល្លារ ចំនួន១១២សន្លឹក ប្រាក់ដុល្លារសុទ្ធប្រភេទក្រដាស១០០ដុល្លារចំនួន២០សន្លឹក និងក្រដាស១ដុល្លារសុទ្ធចំនួន៦៨០ដុល្លារ និងដុល្លារក្លែងក្លាយមួយចំនួនទៀតនៅលាយផ្សំជាមួយនឹងដុល្លារសែនខ្មោច ។ ក្រៅពីនេះ ក៏បានដកហូតទូរស័ព្ទដៃ៦គ្រឿង ប៉ាស្ព័រ៤ និងកុំព្យូទ័រ១គ្រឿង ។
លោក មៀន ឡាយ បញ្ជាក់ថា តាមការផ្ដល់ចម្លើយ និងស្រាវជ្រាវយើងអាចសន្និដ្ឋានជំហានដំបូងថា ការយកប្រាក់ដុល្លារសុទ្ធជាង៥ម៉ឺនដុល្លារ ទៅដូរយកប្រាក់ដុល្លារខ្មោច១០ម៉ឺុនដុល្លារនេះ គឺជាការរៀបចំរបស់អ្នកបកប្រែជនជាតិខ្មែរឈ្មោះ លី ថៃសេង ឈ្មោះ ផល និងឈ្មោះ ចាន់ គឺជាបក្ខពួកតែមួយ ។ ប៉ុន្ដែវាក៏អាចជាតម្រិះជិះក៏ឯងរបស់ជនបរទេសទាំង២នាក់នេះដែរ ព្រោះនៅលើខ្លួនពួកគេសមត្ថកិច្ចរកឃើញក្រដាសប្រាក់ដុល្លារក្លែងក្លាយមួយចំនួន ។ ដូច្នេះបានន័យថា ជនបរទេសទាំង២នាក់នេះ ក៏ជាអ្នកធ្វើចរាចរណ៍លុយក្លែងក្លាយយ៉ាងសកម្មនាពេលកន្លងមកដែរ និងអាចចាត់ទុកសំណុំរឿងនេះថា ជារឿង «ពាលស៊ីពាល» ក៏អាចថាបាន ។
ទោះជាយ៉ាងណា ទឹកប្រាក់សុទ្ធជាង៥ម៉ឺុនដុល្លាររបស់ជនជាតិម៉ាឡេស៊ី និងបុរសវៀតណាមនោះ ត្រូវជនជាតិខ្មែរ២នាក់ចាយវាយយ៉ាងសប្បាយដៃ ។ចំណែកជនទាំង៣នាក់ត្រូវលោកស្នងការនគរបាលខេត្ដ បញ្ជាឱ្យកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រួមទាំងវត្ថុតាង ថែមទាំងបញ្ជាឱ្យស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកមួយចំនួនទៀត ៕
ចែករំលែកព័តមាននេះ