រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ មិថុនា អ្នកស្រី សម ផល្លា ម្តាយប្រពន្ធចុងលោក កឹម សុខា បានចាកចេញពីមន្ទីរពេទ្យកាល់ម៉ែត ហើយនិងត្រូវបានទូរទស្សន៍ និងអ្នកសារព័ត៌មានក្នុងស្រុកបានសុំធ្វើបទសម្ភាសន៍អ្នកស្រីទាក់ទិននឹងការទទួលរងនូវអំពើហិង្សាដែលបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុននេះនៅក្រុងព្រៃវែង ។ អ្នកស្រីបានបញ្ជាក់យ៉ាងច្បាស់ថា «នេះមិនមែនជារឿងនយោបាយ ហើយក៏មិនមែនជារឿងប្រឌិតដែរ គឺជារឿងកើតចេញពីក្រអៅបេះដូងអ្នកស្រីពិតៗ ហើយក៏ដោយសារតែលោក កឹម សុខា គេចវេះមិនទទួលខុសត្រូវចិញ្ចឹមប្រពន្ធ
កូន» ។
អង្គុយលើកៅអីថ្មក្នុងមន្ទីរពេទ្យកាល់ម៉ែត អ្នកស្រីបានអះអាងនៅមុខអ្នកថតទូរទស្សន៍ និងអ្នកសារព័ត៌មានថា អ្នកស្រីនឹងដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តព្រៃវែងនៅថ្ងៃទី១៩ មិថុនា ដើម្បីឱ្យតុលាការផ្តល់យុតិ្តធម៌ទៅតាមច្បាប់ជូនអ្នកស្រី ដែលត្រូវអង្គរក្ស និងក្មួយស្រីរបស់លោក កឹម សុខា វាយដំទាត់ធ្លាក់នៅមុខវេទិកាមួយស្ថិតនៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៣ មិថុនាកន្លងមកនោះ ។
អ្នកស្រី សម ផល្លា បានបញ្ជាក់ថា នេះមិនមែនជារឿងនយោបាយ ហើយក៏មិនមែនជារឿងប្រឌិតដែរ ។
អ្នកស្រីមិនអាចលក់ឧត្តមគតិរបស់អ្នកស្រីបានឡើយ ហើយរឿងលោក កឹម សុខា និងកូនស្រីរបស់គាត់បានកើតឡើងជាច្រើនឆ្នាំមកហើយ ដោយសារតែលោក កឹម សុខា គេចវេះមិនទទួលខុសត្រូវចិញ្ចឹមប្រពន្ធកូន ទុកឱ្យគ្នារស់នៅយ៉ាងវេទនាបំផុត ។ អ្នកស្រី និងកូនស្រីដែលជាប្រពន្ធចុងលោក កឹម សុខា បានសុំឱ្យក្រសួងកិច្ចការនារីជួយដាក់ពាក្យបណ្តឹងទៅតុលាការ ព្រោះលោក កឹម សុខា តែងតែបដិសេធរហូត និងយកលេសថាជាប់រវល់បេសកកម្មទៅបារាំង-អាមេរិក ។
ដោយសារកង្វះជីវភាពក្នុងគ្រួសារ ដល់ពេលទ្រាំលែងកើត ព្រោះអ្នកស្រីនិងកូនតែងតែស្វែងរកលោក កឹម សុខា តាមគ្រប់វេទិកាជាច្រើនលើកដើម្បីនិយាយគ្នា សុំឱ្យលោក កឹម សុខា ជួយចិញ្ចឹមប្រពន្ធកូនផង ប៉ុន្តែត្រូវបានអង្គរក្ស និងសកម្មជនរបស់លោករារាំងមិនឱ្យចូលជួបលោក កឹម សុខា ទាល់តែសោះ ។ អ្នកស្រីបានចោទថា រឿងដែលកើតឡើងនូវអំពើហិង្សាមុខវេទិកាជួបសកម្មជនរបស់គណបក្សសង្គ្រោះជាតិនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ក៏ដោយសារតែលោក កឹម សុខា ជាអ្នកបញ្ជាដែរ ។
ដូច្នេះអ្នកស្រីត្រូវតែដាក់ពាក្យបណ្តឹងជាដាច់ខាត មិនអាចលើកលែងបានឡើយ។ អ្នកស្រី សម ផល្លា លើកឡើងថា អ្នកស្រីនិងកូនត្រូវជនមិនស្គាល់មុខមានទូរស័ព្ទលេខ០០១ មកគំរាមថា ឱ្យអ្នកស្រីប្រយ័ត្ន និងប្រើ ពាក្យគំរាមជាច្រើនទៀត ។ ចំពោះប្រពន្ធចុងលោក កឹម សុខា ក៏មានទូរស័ព្ទលេខ០០១ ទៀត ។ រកស៊ីផ្លូវណាបាន ទៅរកស៊ីផ្លូវនោះទៅ។ តាមរយៈលេខ០០១ គឺជាលេខកូដពីក្រៅប្រទេស ហើយក៏មិនដឹងថាជននោះមានបំណងអាក្រក់មកលើអ្នកស្រី និងកូនបែបណានោះទេ ។ គួរកត់សម្គាល់ថា ក្រោយពេលមានរឿងវាយដំលើម្តាយរបស់ប្រពន្ធចុងកើតឡើង គេឃើញលោក កឹម សុខា ទៅបរទេសច្រើនថ្ងៃមកហើយ ៕
ចែករំលែកព័តមាននេះ