ខេត្តកំពង់ចាម៖ លោកតាអ៊ុក យ៉ាត អាយុ៦៣ឆ្នាំរស់នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ត្រូវបានចោរ៣នាក់ ដែលក្នុងនោះមានម្នាក់ស្លៀកពាក់បន្លំធ្វើជាសមត្ថកិច្ចបានមកចាប់កៀកនិងរឹត.កជាប់ ប្លន់យកកាបូបលុយអស់ជាង៣០០ដុល្លារ ។
ហេតុការណ៍បន្លំប្លន់យកលុយនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី ១៧ មិថុនា ២០១៣ នៅក្បែរហាង៧២ ស្ថិតក្នុងភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។
លោកស៊ឹង ចាន់អូន នាយប៉ុស្ដិ៍រដ្ឋបាលសំបួរមាស បានប្រាប់ឱ្យដឹងថា លោកតារងគ្រោះបានជិះម៉ូតូចេញពីផ្ទះតែម្នាក់ឯង ដើម្បីមកផ្សាររកទិញរបស់របរទៅផ្ទះ តែមិនទាន់ដល់ផ្សារផងត្រូវជនសង្ស័យម្នាក់ជិះម៉ូតូមកក្បែរ ដោយធ្វើជាសួរនាំ តើមណ្ឌលកុមារកំព្រានៅឯណាដែរ? លោកបន្តថា នៅពេលឈប់ម៉ូតូកំពុងសួរនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមកក្បែរ មានម្នាក់ស្លៀកពាក់ខោអាវជាអង្គរក្សប្រដាប់ដោយអាយកូម១គ្រឿង មកចាប់កៀកគាត់ប្លន់យកលុយ៣០០ដុល្លារ និងសោម៉ូតូរបស់គាត់ទៅបាត់៕
ចែករំលែកព័តមាននេះ