ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឿន ឧត្តម ផ្តឹប​មង្គល​ការ​ដោយ​សារ​សំពាយ​គ្រួសារ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ក្នុង​ពេល​ដែល​តារា​ចាស់​ថ្មី​មួយ​ចំនួន​សម្រេច​ចិត្ត​ចូល​រោង​ការ​ជា​បន្ត​បន្ទាប់​ទៅ​ហើយ​នោះ​ ប៉ុន្តែ​សម្រាប់​តារា​ចម្រៀង​ចាស់​ឆ្នាំ​លោក​ ឈឿន​ ឧត្តម​ នៅ​មិន​ទាន់​មាន​ដំណឹង​ណា​មួយ​លេច​ចេញ​មក​ថា​ មាន​គម្រោង​នឹង​កាន់​ផ្កា​ស្លា​ទទួល​ពរ​ជ័យ​ពី​មេបា​ចាស់​ទុំ​នៅ​ពេល​ណា​ទេ​ បើ​ទោះ​បី​ជា​ពេល​នេះ​លោក​មាន​អាយុ​ជ្រេ​បន្តិច​ទៅ​ហើយ​ក្តី​ ។ នៅ​ពេល​ជជីក​សួរ​ដល់​បញ្ហា​មួយ​

រាជធានីភ្នំពេញ​ ៖ ក្នុង​ពេល​ដែល​តារា​ចាស់​ថ្មី​មួយ​ចំនួន​សម្រេច​ចិត្ត​ចូល​រោង​ការ​ជា​បន្ត​បន្ទាប់​ទៅ​ហើយ​នោះ​ ប៉ុន្តែ​សម្រាប់​តារា​ចម្រៀង​ចាស់​ឆ្នាំ​លោក​ ឈឿន​ ឧត្តម​ នៅ​មិន​ទាន់​មាន​ដំណឹង​ណា​មួយ​លេច​ចេញ​មក​ថា​ មាន​គម្រោង​នឹង​កាន់​ផ្កា​ស្លា​ទទួល​ពរ​ជ័យ​ពី​មេបា​ចាស់​ទុំ​នៅ​ពេល​ណា​ទេ​ បើ​ទោះ​បី​ជា​ពេល​នេះ​លោក​មាន​អាយុ​ជ្រេ​បន្តិច​ទៅ​ហើយ​ក្តី​ ។ នៅ​ពេល​ជជីក​សួរ​ដល់​បញ្ហា​មួយ​នេះ​ តារា​ចម្រៀង​សំនៀង​ស្រួយ​ដែល​មាន​ប្រភព​មក​ពី​ខេត្ត​ព្រៃវែង​ រូប​នេះ​បញ្ជាក់​ថា​ លោក​បាន​សម្រេច​ចិត្ត​ផ្តឹប​ចោល​មង្គល​ការ​ខ្លួន​ឯង​ ដោយ​សារ​តែ​លោក​មាន​តួនាទី​យឹត​យោង​សំពាយ​គ្រួសារ​ដោយ​មិន​អាច​ខ្វះ​បាន​ ។

តារា​ចម្រៀង​ ឈឿន ឧត្តម​ ទទួល​ស្គាល់​ថា​ នៅ​ក្នុង​ពេល​ដែល​លោក​ឈាន​ដល់​អាយុ​ជាង​៣០​ឆ្នាំ​ទៅ​ហើយ​នោះ​ វា​អាច​និយាយ​បាន​ថា​ ជា​ពេល​វេលា​មួយ​ដែល​តម្រូវ​ឱ្យ​លោក​ត្រូវ​មាន​គ្រួសារ​ដោយ​ខាន​មិន​បាន​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ លោក​នៅ​តែ​មិន​អាច​គិត​គូរ​រឿង​គ្រួសារ​បាន​នៅ​ឡើយ​ទេ​ ខណៈ​ពេល​ដែល​ជីវ​ភាព​ក្រុម​គ្រួសារ​របស់​លោក​នៅ​មិន​ទាន់​មាន​ភាព​រឹង​មាំ​នៅ​ឡើយ​នោះ។

ម្ចាស់​បទ​រនោច​ខែ​ប្រាំង​រូប​នេះ​បញ្ជាក់​ថា​ប្រសិន​បើ​លោក​ចង់​រៀប​ការ​នោះ​ គឺ​លោក​អាច​រៀប​ការ​បាន​តាំង​ពី​យូរ​បាត់​ទៅ​ហើយ​ ប៉ុន្តែ​ដោយ​សារ​តែ​លោក​មាន​តួនាទី​ដើម្បី​រក​ប្រាក់​មក​ផ្គត់​ផ្គង់​ឪពុក​ម្តាយ​ចាស់​ និង​ជួយ​ទំនុក​បម្រុង​បង​ប្អូន​ឱ្យ​មាន​គូ​ស្រករ​រួច​រាល់​ជា​មុន​សិន​ មុន​ពេល​ដែល​លោក​ត្រូវ​ឈាន​ជើង​ផ្តាច់​ចេញ​ពី​រង្វង់​គ្រួសារ​ ។ កន្លង​មក​លោក​បាន​រៀប​ចំ​ឱ្យ​បង​ប្រុស​មាន​គូ​ស្រករ​ម្នាក់​រួច​មក​ហើយ​ ប៉ុន្តែ​នៅ​ប្អូន​ស្រី​ម្នាក់​ទៀត​ដែល​មិន​ទាន់​មាន​ ខណៈ​ពេល​ដែល​លោក​ក៏​មាន​ភារកិច្ច​រក​ប្រាក់​ផ្គត់​ផ្គង់​ឱ្យ​ឪពុក​ម្តាយ​ចាស់​ឱ្យ​បាន​សេស​សល់​មួយ​ចំនួន​សិន​ មុន​ពេល​ដែល​លោក​សម្រេច​ចិត្ត​ដើរ​លើ​ផ្លូវ​មួយ​តែ​ឯង​នោះ​ ។

លោក​ ឈឿន​ ឧត្តម​ ជឿ​ថា​ ប្រសិន​បើ​លោក​សម្រេច​ចិត្ត​រៀប​ការ​នៅ​ក្នុង​ពេល​នេះ​ គឺ​វា​ហាក់​បី​ដូច​ជា​ទុក​ឱ្យ​ឪពុក​ម្តាយ​ និង​បង​ប្អូន​រង​ទុក្ខ​លំបាក​ ដោយ​សារ​តែ​ថវិកា​ដែល​លោក​រក​បាន​មួយ​ផ្នែក​ធំ​ គឺ​ត្រូវ​ឱ្យ​ភរិយា​ ហើយ​នៅ​ពេល​ដែល​ត្រូវ​បែង​ចែក​ឱ្យ​ឪពុក​ម្តាយ​នោះ​ គឺ​ទាម​ទារ​ឱ្យ​មាន​ការ​ពិភាក្សា​ជាមួយ​ភរិយា​ជា​មុន​សិន​ មិន​មែន​អារ​កាត់​តែ​ម្នាក់​ឯង​ដូច​ពេល​ដែល​លោក​នៅ​តែ​ម្នាក់​ឯង​ទេ​ ។
បើ​ទោះ​បី​ជា​សំពាយ​គ្រួសារ​ធ្ងន់​ធ្លាក់​មក​លើ​រូប​លោក​ក៏​ដោយ​ ក៏​មិន​មែន​មាន​ន័យ​ថា​ លោក​ឧត្តម​បោះ​បង់​ចោល​ការ​មាន​គូ​ស្រករ​ឡើយ​ ពោល​គឺ​លោក​នឹង​ចាប់​ផ្តើម​ជីវិត​គ្រួសារ​នៅ​ក្នុង​ពេល​ណា​មួយ​ ក្នុង​ពេល​ដែល​លោក​គិត​ថា​ ជា​ពេល​វេលា​សម​រម្យ​សម្រាប់​ខ្លួន​ឯង​នោះ​ ។

ពាក់​ព័ន្ធ​ទៅ​នឹង​អាជីព​សិល្បៈ​វិញ​ លោក​ ឈឿន​ ឧត្តម​ ឱ្យ​ដឹង​ថា​ នៅ​ដំណាច់​ឆ្នាំ​នេះ​ លោក​មាន​គម្រោង​ចេញ​ទៅ​សម្តែង​នៅ​អាមេរិក​រយៈ​ពេល​៣ខែ​​ តាម​ការ​ស្នើ​សុំ​ពី​ម្ចាស់​ឧបត្ថម្ភ​នៅ​ទី​នោះ​ ។ ប៉ុន្តែ​គម្រោង​មួយ​នេះ​នៅ​មិន​ទាន់​ច្បាស់​លាស់​មួយ​រយ​ភាគ​រយ​នៅ​ឡើយ​ទេ​ ព្រោះ​វា​ស្ថិត​នៅ​ក្នុង​ការ​ត្រៀម​ទុក​ជា​មុន​សិន​ ។ យ៉ាង​ណា​ក៏​ដោយ​គម្រោង​ចេញ​ទៅ​សម្តែង​នៅ​អាមេរិក​ អាច​ចេញ​ជា​រូប​រាង​ និង​មិន​អាច​នោះ​មិន​មែន​ជា​បញ្ហា​សម្រាប់​រូប​លោក​ឡើយ​ ដោយ​សារ​តែ​ក្នុង​អំឡុង​ពេល​នោះ​ នៅ​ក្នុង​ស្រុក​ក៏​មាន​កម្ម​វិធី​ច្រើន​ដែល​វា​ក៏​ជា​ឱកាស​សម្រាប់​លោក​ក្នុង​ការ​រក​ប្រាក់​ផង​ដែរ​ ។

លោក​ ឈឿន​ ឧត្តម​ មាន​ស្រុក​កំណើត​នៅ​ស្រុក​ពារាំង​ ខេត្ត​ព្រៃ​វែង​ ។ លោក​ជា​កូន​ទី២​ នៅ​ក្នុង​ចំណោម​បង​ប្អូន​៣​នាក់​ ក្នុង​នោះ​ស្រី​ម្នាក់។ ឪពុក​លោក​ឈ្មោះ​ ឈូក​ ឈឿន​ អាយុ​ជាង​៦០​ឆ្នាំ​ ជា​កសិករ​ ឯ​ម្តាយ​ឈ្មោះ​ ឡូ​ ថន​ អាយុ​ជាង​៥០​ឆ្នាំ​ ជា​កសិករ​ដែរ​ ។
លោក​ឧត្តម​ បាន​ចាប់​កំណើត​ក្នុង​គ្រួសារ​ដែល​មាន​ជីវ​ភាព​ក្រីក្រ​ ។ ភាព​ក្រី​ក្រ​នេះ​បាន​បណ្តាល​ឱ្យ​លោក​ដាច់​ខាត​ត្រូវ​បោះ​បង់​សាលា​ចំណេះ​ទូទៅ​ត្រឹម​ថ្នាក់​ទី១០​ ។

លោក​ឧត្តម​ បាន​ក្លាយ​ជា​តារា​ចម្រៀង​នៅ​ឆ្នាំ​១៩៩៨​ បន្ទាប់​ពី​ចូល​ប្រឡង​ក្នុង​កម្ម​វិធី​ «គន្លង​តារា» នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ ជាប់​ចំណាត់​ថ្នាក់​លេខ២​ ដែល​កាល​នោះ​លោក​ជ្រើស​រើស​យក​បទ​ «អក្ខរា​ទឹក​ភ្នែក» យក​មក​បក​ស្រាយ​ ។ ក្នុង​ឆ្នាំ​២០០១​ លោក​ឧត្តម​ បាន​ចូល​ច្រៀង​ក្នុង​ផលិត​កម្ម​រស្មី​ស្ទឹង​សង្កែ​ ដែល​ជា​ឱកាស​លោក​បាន​ថត​សំឡេង​ជា​លើក​ដំបូង​ ។ បទ​ចម្រៀង​របស់​លោក​ទទួល​បាន​ប្រជា​ប្រិយ​ភាព​ភ្លាមៗ​តាំង​ពី​លោក​ចេញ​វ៉ុល​ដំបូង​ក្នុង​ផលិត​កម្ម​រស្មី​ស្ទឹង​សង្កែ​ មាន​បទ​ «ខ្លាច​រកាដែក» «ឱប​ស្រមោល» «រនោច​ខែ​ប្រាំង» «ទឹក​ភ្នែក​ជន​ពាល» និង​បទ «ទូរស័ព្ទ​អ្នកណា» ៕