រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៨ មិថុនា ២០១៣ តារាចម្រៀងរបស់ផលិតកម្ម Bigman លោក ម៉ារីអូ បានបង្ហោះរូបថតមួយសន្លឹកនៅលើទំព័រហ្វេសប៊ុក បង្ហាញឱ្យឃើញលោកដេកលើគ្រែក្នុងមន្ទីរពេទ្យមួយ ព្រមទាំងសរសេរថា «លោកឈឺហើយ» ។ រឿងនេះធ្វើឱ្យមិត្តភក្តិរបស់លោកមួយចំនួន និងអ្នកគាំទ្ររបស់លោកឆ្ងល់ថា តើលោកមានជំងឺអ្វីទៅ ។
ម្ចាស់បទ «ទឹកភ្នែកឆ្កួត» រូបនេះប្រាប់កោះសន្តិភាពតាមទូរស័ព្ទឱ្យដឹងកាលពីថ្ងៃទី១១ មិថុនា ២០១៣ ថា លោកមានជំងឺរហូតដល់ឪពុកម្តាយបញ្ជូនទៅមន្ទីរពេទ្យ តែមិនធ្ងន់ទេ គ្រាន់តែក្តៅខ្លួនខ្លាំង និងធ្វើឱ្យលោកញាក់ប៉ុណ្ណោះ ។ គ្រូពេទ្យបញ្ជាក់ថា លោកមានជំងឺគ្រុនញាក់ តែពេលនេះលោកបានធូរស្បើយហើយ ។
តារាចម្រៀងកូនកាត់ចិនមាឌធំ សម្បុរស វ័យ២១ឆ្នាំរូបនេះប្រាប់ឱ្យដឹងថា លោកកើតមានជំងឺនេះ ដោយសារតែរូបលោកគេងមិនគ្រប់គ្រាន់ ព្រោះជាងមួយខែមកនេះ លោកបានទៅច្រៀងនៅភោជនីយដ្ឋានមួយ ដែលតម្រូវឱ្យរូបលោកច្រៀងដល់យប់ជ្រៅ ។ កាលពីមុន លោកមិនដែលច្រៀងដល់យប់ជ្រៅបែបនេះទេ ដូច្នេះរូបលោកស៊ូមិនរួចទើបឈឺតែម្តង ។ ទោះជាយ៉ាងណាក្តី លោកនឹងតស៊ូច្រៀងតទៅទៀត បន្ទាប់ពីលោកជាពីជំងឺវិញ គឺមិនចុះចាញ់ទេ ។
នៅក្នុងខែកញ្ញា ឆ្នាំ២០១៣នេះ លោក ម៉ារីអូ នឹងចេញទៅច្រៀងបទស៉្បតពាណិជ្ជកម្មក្រុមហ៊ុនម៉ូតូហុងដា២០១៤ នៅប្រទេសថៃ បន្ទាប់ពីទទួលភាពជោគជ័យនៅក្នុងការច្រៀងឱ្យក្រុមហ៊ុននេះកាលពីឆ្នាំ២០១២ និង២០១៣រួចមក ។ លោក ម៉ារីអូ មានឈ្មោះពិត ឡាវ ច័ន្ទណារិទ្ធ ជាតារាចម្រៀងរបស់ផលិតកម្ម Bigman និងជាពិធីកររបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ នៅក្នុងកម្មវិធី «សួនកុមារ» បន្ទាប់ពីរូបលោកបានប្រឡងជាប់ចំណាត់ថ្នាក់លេខ២ ផ្នែកចម្រៀង កាលពីឆ្នាំ២០១០ ។ បច្ចុប្បន្ននេះ លោកជានិស្សិតសិក្សាផ្នែកឌីហ្សាញផងដែរ ៕
ចែករំលែកព័តមាននេះ