ក្រុងប៉ោយប៉ែត ៖ បុរស២នាក់ត្រូវបានចាប់ខ្លួនពីបទក្លែងឯកសារសាធារណៈនៅក្រុងប៉ោយប៉ែត បន្ទាប់ពីជននេះបានធ្វើសកម្មភាពចេញលិខិតប្រើប្រាស់ម៉ូតូ និងសិទ្ធិឆ្លងដែនតាមច្រកបានអន្តរជាតិប៉ោយប៉ែត ដល់ជនបរទេស៤នាក់ ដោយមិនឆ្លងកាត់មន្ត្រីជំនាញគយព្រំដែន។
ប្រភពពីកន្លែងកើតហេតុឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះហេង គឹមឡុង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត និងជនម្នាក់ទៀតឈ្មោះរឿង រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា ។ ជនទាំង២នាក់នេះមានមុខរបរជាអ្នករត់ការឯកសារក្រៅច្បាប់ជួយសម្រួលដល់ជនបរទេសទាំងឡាយណាដែលឆ្លងដែនចូលកម្ពុជា កាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
មុនការចាប់ខ្លួនជនសង្ស័យបានជួយសម្រួលឯកសារដល់ជនជាតិម៉ាឡេស៊ី៤នាក់ជិះម៉ូតូធំមានបំណងឆ្លងកាត់ពីប៉ោយប៉ែតទៅសៀមរាប យកកម្រៃ២.០០០បាត ដោយក្លែងឯកសារទាំងនោះជំនួសមន្ត្រីជំនាញព្រំដែន ។ ពេលមកដល់ប៉ុស្តិ៍ត្រួតពិនិត្យជនបរទេសបានលើកឯកសារក្លែងក្លាយនោះបង្ហាញដល់មន្ត្រីជំនាញ ទើបឈានដល់កំណត់មុខសញ្ញា និងចាប់ខ្លួនជនទាំង២នាក់ វេលាម៉ោង១១និង៣០នាទីថ្ងៃទី១២ មិថុនា ២០១៣ ។
តាមចម្លើយសារភាពជននេះធ្លាប់ប្រព្រឹត្តក្លែងឯកសាររបៀបនេះជាច្រើនលើច្រើនសារមកហើយ ខណៈពេលនេះក្រុមសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ