ទីក្រុងសេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុនបានព្រមព្រៀងគ្នាកាលពីថ្ងៃសៅរ៍ថា នឹងពង្រឹងការគ្រប់គ្រងព្រំដែនដើម្បីធានាថាការរាតត្បាតនៃជំងឺផ្តាសាយជ្រូកក្នុងប្រទេសចិននឹងមិនមកដល់ឧបទ្វីបកូរ៉េ។ ការព្រមព្រៀងខាងលើត្រូវបានសម្រេចឡើងក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីកសិកម្មកូរ៉េ Lee Gae-ho និងភាគីខាងប្រទេសចិន និងជប៉ុន នៅរដ្ឋធានីប៉េកាំង ។
អ្នកទាំងបីរូបបានសន្យាថា នឹងខិតខំបន្ថែមក្នុងផ្នែកចែករំលែកព័ត៌មានសុខភាពសត្វ ការតាមដាន រាយការណ៍ និងការស៊ើបអង្កេតស្វែងរកមូលហេតុដែលបង្កឲ្យមានជំងឺនេះ ព្រមទាំងការសហការស្រាវជ្រាវលើជំងឺសត្វឆ្លងព្រំដែនជាដើម ។ ការសម្រេចចិត្តនេះកើតមានឡើងក្នុងរយៈពេល២ថ្ងៃ បន្ទាប់ពីប្រទេសចិនបានប្រកាសឲ្យដឹងពីការរីករាតត្បាតនៃជំងឺផ្តាសាយជ្រូកនៅខេត្ត Fujian នៃប្រទេសចិន ។
សារព័ត៌មានក្នុងស្រុកបានឲ្យដឹងកាលពីថ្ងៃសុក្រមកថា ក្នុងចំណោមជ្រូកទាំង៤.៥២១ក្បាលដែលត្រូវបានចិញ្ចឹមក្នុងកសិដ្ឋានមួយនៅក្រុង Putian មានជ្រូក៨៥ក្បាលដែលបានឆ្លងជំងឺ និងងាប់ ។ កាលពីខែសីហាកន្លងមកនេះ ជំងឺផ្តាសាយជ្រូកបានរាតត្បាតនៅក្រុង Senyang ។
ជាមួយគ្នានេះផងដែរ រដ្ឋមន្ត្រីទាំងបីរូបបានព្រមព្រៀងថា នឹងប្រារព្ធកិច្ចប្រជុំមួយជាមួយនឹងមន្ត្រីដែលពាក់ព័ន្ធផ្នែកចិញ្ចឹមសត្វដើម្បីចែករំលែកគោលនយោបាយ និងស្ថានការនៃវិស័យចិញ្ចឹមសត្វ ព្រមទាំងផ្លាស់ប្តូរគំនិតជាដើម ។
យោងតាមអង្គការអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា នៅមិនទាន់មានវ៉ាក់សាំងការពារជំងឺផ្តាយសាយជ្រូកនៅឡើយទេ ហើយជំងឺនេះមិនគំរាមកំហែងដល់សុខភាពមនុស្សឡើយ ។
ប្រទេសចិនបានសម្លាប់សត្វជ្រូកច្រើនជាង ២,៤ម៉ឺនក្បាលទៅទៀតក្នុងខេត្តចំនួន៤ ដើម្បីទប់ស្កាត់ជំងឺនេះកុំឲ្យរីកសាយបន្ថែម ៕
ចែករំលែកព័តមាននេះ