ខេត្តកំពង់ធំ ៖ កាលពីថ្ងៃទី១០ មិថុនា អនុវិទ្យាល័យសំព្រោច ស្ថិតក្នុងភូមិស្លាក់ក្រាញ់ ឃុំសំព្រោច ស្រុកស្ទោង មានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង ធ្វើពីបេតុង មាន៥បន្ទប់ ក្រោមអធិបតីភាពលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ក្រុមការងារចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទោង ។
អគារសិក្សា១ខ្នងនេះ ជាអំណោយរបស់ធនាគារកម្ពុជាសាធារណៈ តាមរយៈលោកទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីចូលរួមចំណែកលើកស្ទួយដល់វិស័យអប់រំរបស់ស្រុកស្ទោងឱ្យមានការរីកចម្រើនថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺអប់រំសម្រាប់ទាំងអស់គ្នា និងទាំងអស់គ្នាសម្រាប់អប់រំ ។
លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បានរាយការណ៍ជូនគណៈអធិបតីអំពីការរីកចម្រើនវិស័យអប់រំទូទាំងស្រុក ក៏ដូចវិស័យផ្សេងៗទៀតដែរ គឺមានការរីកចម្រើនជាបន្តបន្ទាប់ ក្រោមការជួយឧបត្ថម្ភ និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល អង្គការដៃគូ និងសប្បុរសជននានា ពិសេសសម្តេចអគ្គមហាទាំងបី និងលោក ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា ។ បច្ចុប្បន្នក្នុងស្រុកស្ទោងមានសាលាចំនួន៩៣ ស្មើនឹង១៩០អគារ ក្នុងនោះបឋមសិក្សាមាន១៦១អគារ មធ្យមសិក្សាបឋមភូមិមាន៨អគារ មធ្យមសិក្សាទុតិយភូមិមាន២១អគារ និងមានសិស្សសរុបចំនួន២៣៤៧៥នាក់ និងលោកគ្រូ អ្នកគ្រូចំនួន៤៨៤នាក់ ។ លោកអភិបាលស្រុកបន្តថា អគារសិក្សានៅតែខ្វះខាត ព្រោះតែចំនួនសិស្សពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងឥតឈប់ឈរ ។
នាឱកាសនោះ លោក ជា ចាន់តូ បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ វិស័យអប់រំទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ ហើយបានក្លាយជាវិស័យអាទិភាពមួយក្នុងវិស័យអាទិភាពជាច្រើននៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៤ ។ ជាមួយគ្នានេះដែរ ដើម្បីលើកស្ទួយវិស័យអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស សម្តេចតេជោ បានខិតខំកសាងអគារសិក្សារាប់ពាន់ខ្នង រហូតដល់ជនបទ ក្នុងនោះបានកំណត់ឱ្យមានអនុវិទ្យាល័យនៅតាមឃុំនីមួយៗផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលបានចូលរៀនគ្រប់ៗគ្នា យ៉ាងហោចណាស់រៀនចប់ត្រឹមថ្នាក់ទី៩ ។
លោកបានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីឱ្យការរៀនសូត្របានពូកែ លុះត្រាណាតែខិតខំរៀន ព្រោះថា មានថ្នាក់រៀនល្អ គ្រាន់តែជាផ្នែកមួយសម្រាប់ជួយដល់ការរៀនប៉ុណ្ណោះ ។ ប៉ុន្តែដើម្បីឱ្យការរៀនទទួលជោគជ័យ ត្រូវតែមានការប្តេជ្ញាចិត្ត និងការចូលរួមទាំងអស់គ្នា ក្នុងនោះត្រូវមានការខិតខំដោយផ្ទាល់ពីយើងម្នាក់ៗ ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រទេសជាតិទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ មិនតែប៉ុណ្ណោះ សម្តេចតេជោ នៅតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋថែមទៀតផង តាមរយៈការកាត់ឡូត៍នេសាទជាលក្ខណៈគ្រួសារ និងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជាសក្ខីភាពស្រាប់ ។ ដូចនេះត្រូវបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៥ និងអាណត្តិក្រោយៗទៀត ដោយបោះឆ្នោតជូនគណបក្សប្រជានកម្ពុជា មានលេខរៀងទី៤ នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ខាងមុខនេះ ។
នៅក្នុងឱកាសនោះដែរ លោក ជា ចាន់តូ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភដល់កម្មវិធី១លានរៀល និងចែកជូនដល់ប្រជាពលរដ្ឋ និងមាតាបិតាសិស្សចំនួន៦០០នាក់ ក្នុងម្នាក់ៗសារុង១ ថវិកា១ម៉ឺនរៀល យាយជី តាជី១០០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ១៣នាក់ ក្នុងម្នាក់ៗ សារុង១ និងថវិកា២ម៉ឺនរៀល សិស្សានុសិស្ស២៧២នាក់ ក្នុងម្នាក់ៗមានថវិកា សៀវភៅ ប៊ិក ខ្មៅដៃ និងបានប្រកាសផ្តល់អគារសិក្សាមួយខ្នងដល់អនុវិទ្យាល័យព្រះដំរី និងប្រគេនស៊ីម៉ងត៍២០តោនជូនវត្តល្វា និង១០តោនទៀតដល់វត្តហប់ សម្រាប់កសាងសាលាឆាន់បន្តទៀត ៕
ចែករំលែកព័តមាននេះ