ក្លឹបអ្នកកាសែតកម្ពុជានៅថ្ងៃទី១១ មិថុនា ២០១៣ បានសម្តែងការសោកស្តាយចំពោះមរណភាពរបស់ លោក ឡាច ពៅ អ្នកថតរូបនិងវីដេអូឲ្យសារព័ត៌មានរ៉យទ័រប្រចំាកម្ពុជា ។
នៅក្នុងសេចក្តីជូនដំណឹងមរណភាពរបស់ក្លឹបអ្នកកាសែតកម្ពុជា ក៏បានបញ្ជាក់ទៀតថាលោក ឡាច ពៅ បានចូលរួមចំណែកយ៉ាងច្រើននៅក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន និង លទ្ឋិប្រជាធិបតេយ្យនៅកម្ពុជា ហើយចាត់ទុកមរណភាពរបស់លោក ឡាច ពៅ គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយសំរាប់សារព័ត៌មានកម្ពុជា ។ ក្លឹបអ្នកកាសែតកម្ពុជាក៏បានសម្តែងការសោកស្តាយ និង ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព លោក ឡាច ពៅ ។
គួរបញ្ជាក់ថា លោក ឡាច ពៅ បានទទួលរងគ្រោះថ្នាក់ចរាចរណ៏កាលពីយប់ថ្ងៃទី០៨ មិថុនា ២០១៣ នៅចំណុចស្តុបចំការមន ដោយសាររថយន្តកូរ៉ូឡា០១គ្រឿង ពាក់ស្លាកលេខ 2V 7279 ដែលម្ចាស់ស្រវឹងបានបើកបុកម៉ូតូសេ១០០ របស់លោក ឡាច ពៅ ពីក្រោយពេញទំហឹងបណ្តាលឲ្យបាក់ជើង និងត្រូវរបួសក្បាលធ្ងន់ធ្ងរ ខណៈដែលរថយន្តនេះ បានបុករះម៉ូតូកង់៣ក្រឡាប់ផ្ងារឡើងលើបណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាលជាច្រើននាក់ មុននឹងរេចង្កូតមកបុកម៉ូតូលោក ឡាច ពៅ ។
ភ្លាមៗក្រុមគ្រួសារលោក ឡាច ពៅ បានបញ្ជូនលោកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរលោក ឡាច ពៅ ក៏បានទទួលមរណភាពនៅរសៀលថ្ងៃទី១០ មិថុនា ២០១៣ ។
សពលោក ឡាច ពៅ ត្រូវបានក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិនៅវត្តសន្សំកុសល នឹងត្រូវបូជានៅព្រឹកថ្ងៃទី១២ មិថុនា ២០១៣ ។
តាមរយៈដំណឹងនេះ សង្ឃឹមថា អ្នកសារព័ត៌មានរួមអាជីពទំាងអស់នឹងអញ្ជើញចូលរួមបុណ្យសព លោក ឡាច ពៅ ដើម្បីគោរពវិញ្ញាណក្ខន្ឋ និង លាគ្នាជាចុងក្រោយដោយក្តីសោកសង្រេងជាទីបំផុត ៕
ចែករំលែកព័តមាននេះ