ខេត្តបន្ទាយមានជ័យ៖ ប៉េអឹមក្រុងប៉ោយប៉ែត បានចាប់ឃាត់ខ្លួនជនសង្ស័យ៣ ដែលបានដេញកាប់គ្នាផ្អើលពេញក្រុងប៉ោយប៉ែត ដែលការចាប់ឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១១ យប់ថ្ងៃទី១០ មិថុនា ២០១៣ នៅក្រុងប៉ោយប៉ែត។
ប្រភពព័ត៌មានពីប៉េអឹមក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនបង្កបានឈ្លោះទាស់ទែងគ្នារឿងស្រី ហើយបានកាប់ជនរងគ្រោះត្រូវមួយកាំបិត ជនរងគ្រោះក៏បានជួលម៉ូតូឌុបជិះរត់ តាំងពីភូមិប៉ាឡាលេយ្យ១ រហូតដល់ភូមិក្បាលស្ពាន១ ជនរងគ្រោះក៏រត់គេចខ្លួនបាត់ ចំណែកម៉ូតូឌុបភ័យពេកក៏ផ្ដូលម៉ូតូរត់ចូលក្នុងកាស៊ីណូ។ ប្រភពបន្តថាក្រុមជនសង្ស័យនឹកស្មានម្ចាស់ម៉ូតូឌុប ជាបក្សពួកជនរងគ្រោះក៏កាប់កំទេចម៉ូតូ ដែលផ្ដួលម៉ាក c125 ស៊េរី ២០១៣ ខ្ទេចអស់កាលពីវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី១០ មិថុនា ២០១៣។ ដោយឡែកជនរងគ្រោះដែលត្រូវគេកាប់មួយកាំបិត ពេលនេះមិនទាន់ដឹងដំណឹងនៅឡើយទេ មិនដឹងថាស្លាប់ ឬរស់។
ក្រោយពីមានពាក្យបណ្ដឹងពីជនរងគ្រោះជាម្ចាស់ម៉ូតូ សមត្ថកិច្ចបានតាមចាប់ឃាត់ខ្លួនជនសង្ស័យបាន៣ នាក់ ១.ឈ្មោះម៉េង ខេម ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ ២.ឈ្មោះឡេង ប៊ុធឿន ហៅតយ ភេទប្រុស អាយុ ២០ឆ្នាំ ៣.ឈ្មោះប៊ុន ពៅ ហៅយួន ភេទប្រុស អាយុ២១ឆ្នាំ ៕
ចែករំលែកព័តមាននេះ