រាជធានីភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជានាព្រឹកថ្ងៃទី១០ មិថុនា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើសុំឱ្យប្រទេសអូស្ត្រាលី ធ្វើការសិក្សារួមគ្នាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីផ្តល់ហិរញ្ញប្បទានជាជំនួយឥតសំណងដល់ប្រទេសកម្ពុជា ក្នុងការស្តារឡើងវិញនូវកំណាត់ផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែត ខណៈដែលទំហំនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ។
គួរបញ្ជាក់ថា នៅទីស្តីការក្រសួងកាលពីថ្ងៃទី១០ មិថុនា លោកស្រី Alison Burrows ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជាបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ នាឱកាសនោះ ភាគីទាំងពីរបានបង្ហាញនូវជំហររួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរឹងមាំថែមទៀត ។ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានសម្តែងនូវការអរគុណចំពោះប្រទេសអូស្ត្រាលី ដែលកន្លងមកបានផ្តល់ជាជំនួយឥតសំណងជាបន្តបន្ទាប់ដល់ការអភិវឌ្ឍវិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា ។
ទន្ទឹមនឹងនោះ ប្រទេសអូស្ត្រាលីក៏បានផ្តល់ជំនួយដល់កម្ពុជា ក្នុងការស្តារឡើងវិញនូវកំណាត់ផ្លូវដែកសំខាន់ពីភ្នំពេញទៅក្រុងព្រះសីហនុ ដែលសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ។ ផ្តើមពីនោះ លោកឧបនាយករដ្ឋមន្ត្រី បានស្នើតាមរយៈឯកអគ្គរដ្ឋទូតថ្មីឱ្យរដ្ឋាភិបាលប្រទេសអូស្ត្រាលី សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីសិក្សាស្រាវជ្រាវ និងផ្តល់ជំនួយឥតសំណងដល់កម្ពុជា ដើម្បីស្តារឡើងវិញកំណាត់ផ្លូវដែកពីភ្នំពេញទៅក្រុងប៉ោយប៉ែត ព្រោះថាបច្ចុប្បន្ននេះ ទំហំនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ក្នុងឆ្នាំ២០១២កន្លងទៅនេះ មានការកើនឡើងរហូត៤០% ខណៈដែលភាគីទាំងពីរមានគម្រោងជំរុញទំហំពាណិជ្ជកម្មឱ្យកើនក្នុងរង្វង់ជាង៣០%ក្នុងមួយឆ្នាំៗ ។
ជាការឆ្លើយតប លោកស្រី Alison Burrows បានលើកឡើងថា ប្រទេសអូស្ត្រាលី បាននិងកំពុងយកចិត្តទុកដាក់ជាសំខាន់លើការស្តារ និងអភិវឌ្ឍវិស័យផ្លូវដែកនៅកម្ពុជា ខណៈពេលដែលវិស័យនេះផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេស និងប្រជាជនកម្ពុជា ។ ទន្ទឹមនោះ ការកម្ចាត់មេរោគគ្រុនចាញ់ ក៏ជាអាទិភាពសម្រាប់ប្រទេសអូស្ត្រាលី ក្នុងការជួយដល់កម្ពុជាផងដែរ ។ ទាក់ទងនឹងការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានសម្តែងនូវការមិនសប្បាយចិត្តចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសមួយចំនួន ដែលអាចចាត់ទុកថា ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសន្យាចំពោះមុខលោកស្រីឯកអគ្គរដ្ឋទូតអូស្ត្រាលីថា រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំធ្វើយ៉ាងណាដើម្បីឱ្យការបោះឆ្នោតនាពេលខាងមុខប្រព្រឹត្តទៅដោយសេរី តម្លាភាព យុត្តិធម៌ និងអាចទទួលយកបាន ៕
ចែករំលែកព័តមាននេះ