ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ជំនួញ​ឈើ​ក្នុង​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​ធី​ធី​ហ្វាយ

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ ឈើ​លេខ​១​ប្រភេទ​កកោះ​ និង​ស្រឡៅ​​ចំនួន​ជិត​២០​ម៉ែត្រ​គូប​ និង​រថ​យន្ត​កូរ៉េ​មួយ​គ្រឿង​បាន​ត្រូវ​​កម្លាំង​អភិ​រក្ស​ជីវ​ចម្រុះ​សី​មាឃាត់​ចាប់​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា​ នៅ​ក្នុង​បរិ​វេណ​ក្រុម​ហ៊ុន​វិ​និ​យោគ​ព្រៃ​សម្ប​ទាន​ធី​ធី​ហ្វាយ​ មាន​ទី​តាំង​នៅ​ចំណុច​គី​ឡូ​ម៉ែត្រ​លេខ​១៣១​ ក្នុង​ភូមិ​សាស្ត្រ​ព្រៃ​ដែន​ជម្រក​ស្នួល​ ​ឃុំ​២​ធ្នូ​ ស្រុក​ស្នួល​ ។

ខេត្ត​ក្រចេះ​ ៖ ឈើ​លេខ​១​ប្រភេទ​កកោះ​ និង​ស្រឡៅ​​ចំនួន​ជិត​២០​ម៉ែត្រ​គូប​ និង​រថ​យន្ត​កូរ៉េ​មួយ​គ្រឿង​បាន​ត្រូវ​​កម្លាំង​អភិ​រក្ស​ជីវ​ចម្រុះ​សី​មាឃាត់​ចាប់​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា​ នៅ​ក្នុង​បរិ​វេណ​ក្រុម​ហ៊ុន​វិ​និ​យោគ​ព្រៃ​សម្ប​ទាន​ធី​ធី​ហ្វាយ​ មាន​ទី​តាំង​នៅ​ចំណុច​គី​ឡូ​ម៉ែត្រ​លេខ​១៣១​ ក្នុង​ភូមិ​សាស្ត្រ​ព្រៃ​ដែន​ជម្រក​ស្នួល​ ​ឃុំ​២​ធ្នូ​ ស្រុក​ស្នួល​ ។

ប្រ​ភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា​ ការ​ចាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ទី​តាំង​ក្រុម​ហ៊ុន​វិនិយោគ​ព្រៃ​សម្ប​ទាន​នេះ​បាន​ធ្វើ​ឡើង​ពេញ​មួយ​ព្រឹក​​ដោយ​មន្ត្រី​អភិ​រក្ស​ជីវ​ចម្រុះ​សី​មា​ តែ​មន្ត្រី​សមត្ថ​កិច្ច​ពុំ​បាន​ចាប់​ឃាត់​ជន​ណា​ម្នាក់​ដែល​ជាប់​ចោទ​ក្នុង​ជំនួញ​ឈើ​ខុស​ច្បាប់​ទាំង​នេះ​ទេ​ ។ ប្រភព​ពី​មន្ត្រី​ដែល​ចុះ​បង្ក្រាប​បាន​ឱ្យ​ដឹង​ថា​ ឈើ​ទាំង​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ព្រៃ​​​ក្នុង​​បរិវេណ​ដី​របស់​ក្រុម​ហ៊ុន​សម្ប​ទាន​សេដ្ឋ​កិច្ច​ដែល​មាន​ទី​តាំង​ក្នុង​ព្រៃ​ដែន​ជម្រក​សត្វ​ស្នួល​ គឺ​សុទ្ធ​សឹង​ជា​ឈើ​លេខ​១​ប្រភេទ​កកោះ​ និង​ស្រឡៅ​មាន​ចំនួន​ជិត​២០​ម៉ែត្រ​គូប​ ។

ជាមួយ​នឹ​ង​ការ​បង្ក្រាប​នេះ​ សមត្ថ​កិច្ច​ក៏​បាន​ចាប់​ឃាត់​​រថ​យន្ត​កូរ៉េ​មួយ​គ្រឿង​ដែល​មាន​ផ្ទុក​ឈើ​កកោះ​ជា​ច្រើន​ដុំ​និង​កំពុង​ជាប​់​ផុង​នៅ​តាម​ផ្លូវ​ក្នុង​ក្រុម​ហ៊ុន​នេះ​ផង​ដែរ​ ។ ក្រោយ​ពី​ចាប់​ឃាត់​រួច​ រថ​យន្ត​និង​ឈើ​ទាំង​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​នាំ​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​អភិ​រក្ស​ជីវ​ចម្រុះ​សី​មា ដែល​មាន​ទី​តាំង​នៅ​ស្រុក​កែវ​សី​មា​ ខេត្ត​មណ្ឌល​គិរី​ ។ ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ទៀត​ថា​ ឈើ​ទាំង​នេះ​គឺ​សុទ្ធ​សឹង​ជា​ឈើ​ខុស​ច្បាប់​ដែល​ជ្រក​ក្រោម​រូប​ភាព​ក្រុម​ហ៊ុន​វិនិយោ​គ​ដី​សម្ប​ទាន​ និង​បាន​អា​រ​ច្រៀក​ចេញ​ពី​ក្រុម​ហ៊ុន​ប៊ិញ​ភឿក​២​ រួច​ដឹក​ចេញពី​​គី​ឡូ​ម៉ែត្រ​លេខ​១១៥​​ឆ្ពោះ​ទៅ​ប្រទេស​វៀត​ណាម​តាម​ច្រក​របៀង​ ។

ប្រជា​ពល​រដ្ឋ​​និយាយ​ថា​ ការ​ដឹក​ជញ្ជូន​ខុស​ច្បាប់​នូវ​ឈើ​អារ​លេខ​១​ ប្រភេទ​កកោះ​ និង​ស្រឡៅ​នេះ​​កំពុង​កើត​មាន​ពេញ​បន្ទុក​នៅ​ក្នុង​ទឹក​ដី​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល​ ដែល​ការ​ដឹក​ជញ្ជូន​បាន​ធ្វើ​ឡើង​ទាំង​យប់​ទាំង​ថ្ងៃ​ ពី​សំណាក់​ក្រុម​ឈ្មួញ​មាន​អំណាច​មួយ​ចំនួន​ ដោយ​ដឹក​តាម​រថយន្ត​ធុន​ធំ​ ប្រភេទ​រថយន្ត​ច្នៃ​ នាំ​ឆ្ពោះ​ទៅ​ប្រទេស​វៀត​ណាម​ ។ ប្រភព​ព័ត៌​មាន​បញ្ជាក់​ថា​ ឈ្មួញ​ឈើ​ដែល​កំពុង​ធ្វើ​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​លេខ​១​ខុស​ច្បាប់​​នេះ​ គឺ​គេ​ឃើញ​មាន​វត្ត​មាន​លោក​ ហ៊ត​ ប៊ុន​គីម​ ដែល​ជា​មន្ត្រី​យោធា​​និង​ដែល​គេ​ស្គាល់​ថា​ ជា​មេ​ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ច្បាប់​ដ៏​ធំ​ប្រចាំ​តំបន់​នេះ​ផង​ដែរ​ ។

ប្រជា​ពល​រដ្ឋ​​និយាយ​ទៀត​ថា​ កន្លង​មក​ សហ​គមន៍​ ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​ បាន​ប្តឹង​រាយ​ការណ៍​​ទៅ​លោក​ គង់​ ងីម​ ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល​ ដើម្បី​មាន​វិធាន​ការ​បង្ក្រាប​ និង​ទប់​ស្កាត់​​បទ​ល្មើស​​ដឹក​ជញ្ជូន​ឈើ​អនា​ធិប​តេយ្យ​នេះ​ដែរ​ តែ​លោក​មិន​ដែល​​​លើក​ទូរស័ព្ទ​ឡើយ​ ។​ ​ចំណែក​កោះ​សន្តិ​ភាព​ក៏​បាន​សុំ​ការ​បំភ្លឺ​ទៅ​លោក​ គង់​ ងីម​ ជុំវិញ​ការ​ដឹក​ជញ្ជូន​ឈើ​អនា​ធិប​តេយ្យ​ ក្នុង​ព្រៃ​ដែន​ជម្រក​ជ្រក​ក្រោម​រូប​ភាព​ក្រុម​ហ៊ុន​វិនិ​យោគ​នេះ​ តែ​លោក​មិន​លើក​ទូរស័ព្ទ​ទេ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា​ ​៕​