ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋជាង៤០នាក់ដែលជាឪពុកម្តាយនិងអាណាព្យាបាលពលករចំណាកស្រុក កាលពីព្រឹកថ្ងៃទី១០ មិថុនា បាននាំគ្នាមកកាន់ការិយាល័យសិទ្ធិមនុស្សអាដហុក ប្រចាំនៅខេត្តកំពង់ឆ្នាំង ដើម្បីសុំអន្តរាគមន៍រឿងប្រាក់ខែរបស់កូនៗពួកគាត់ដែលបានបាត់ ដោយខ្លះបាត់ជាច្រើនខែ និងខ្លះទៀតបាត់ជាច្រើនឆ្នាំ ហើយក្រុមហ៊ុនដែលនាំពលករឈ្មោះ Giant Dcean International Fishery ពេលនេះត្រូវបានបញ្ឈប់ទៅហើយដោយសារតែការជ្រើសរើសពលករមិនស្របច្បាប់ ។
លោកសំ ច័ន្ទគា ប្រធានអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង និយាយថា បងប្អូនប្រជាពលរដ្ឋទាំងនោះមកពីឃុំមួយចំនួនក្នុងស្រុករលាប្អៀរ បានមកសុំខាងសិទ្ធិមនុស្សឱ្យជួយរឿងកូនៗគាត់ដែលទៅធ្វើការនេសាទលើកបា៉ល់នៅក្រៅប្រទេស ខ្លះជាង៨ខែ និងខ្លះទៀតជាង៣ឆ្នាំ ដោយពុំបានទទួលប្រាក់ខែបន្ទាប់ពីក្រុមហ៊ុន ខាងលើដែលមានទីតាំងនៅរាជធានីភ្នំពេញបានរំសាយ ។ លោកបានបន្តថា ពលករទាំងនោះ ត្រូវបានក្រុមហ៊ុនបញ្ជូនទៅធ្វើការនៅលើកបា៉ល់នេសាទនៅសមុទ្រអាហ្វ្រិកប៉ុន្តែខ្លះមកដល់ពេលនេះគ្មានបើកប្រាក់ខែបានឡើយ ខ្លះក៏បើកបាន១ ឬ២ខែ ហើយក៏បាត់រហូតទៅ ។
ក្នុងចំណោមពួកគាត់ទាំងជាង៤០នាក់ មាន៣នាក់នៅបាត់ខ្លួននៅឡើយទេ រហូតមកដល់ពេលនេះ ។ ពលករទាំងនោះបានចាកចេញពីប្រទេសកម្ពុជានៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០១១ ។ លោកសំ ច័ន្ទគា បញ្ជាក់ថា បន្ទាប់ពីពួកគាត់ជាពលករចាកចេញទៅបានប៉ុន្មានខែក្រុមហ៊ុន ខាងលើក៏បានបិទទ្វារ ទើបចាប់ពីពេលនោះមកពួកគាត់បាត់ប្រាក់ខែដែលឪពុកម្តាយនៅស្រុកខ្មែរទៅបើកមិនបានហើយក៏បែករឿងក្រុមហ៊ុនបិទទ្វារតែម្តង ។ ពេលនេះលោកបានជួយសម្រួលពាក្យបណ្តឹងឱ្យពួកគាត់ដាក់រួមទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងលើសំណុំរឿងរដ្ឋប្បវេណី ទាមទារប្រាក់ខែដែលបានបាត់បង់ ហើយកន្លងមកថ្មីៗនេះ អ្នកទទួលខុសត្រូវក្រុមហ៊ុននេះម្នាក់ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប ។
លោកបញ្ជាក់ថា មកដល់ពេលនេះប្រធានក្រុមហ៊ុនមួយនេះមិនទាន់បានស្គាល់ឈ្មោះនៅឡើយទេ ។ ស្ត្រីឈ្មោះ ម៉ែន ផល្លា អាយុ៤៩ឆ្នាំ មានកូនទៅធ្វើពលករឈ្មោះ នក់ ផល្លី អាយុ អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្មែត ឃុំពង្រ ស្រុករលាប្អៀរ និយាយថា កូនគាត់ទៅធ្វើពលកររយៈពេលមួយឆ្នាំគ្មានបានប្រាក់ខែមួយសេនណាទេ ។ បន្ទាប់ពីគាត់ទទួលដំណឹងថា ក្រុមហ៊ុននៅភ្នំពេញរលាយទៅ គាត់ក៏បានព្យាយាមទាក់ទងគ្រប់ស្ថាប័នទម្រាំបានកូនគាត់ត្រឡប់មកវិញ ។
ឯពលករឈ្មោះ កែវ តុល អាយុ៣៣ឆ្នាំ និងឈ្មោះ សាន ភារិទ្ធ អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិស្មែតដែរនិយាយថា ពួកគាត់បានទៅធ្វើកម្មករនេសាទលើកប៉ាល់ក្នុងសមុទ្រអាហ្វ្រិក ដោយមួយកប៉ាល់មានកម្មករចម្រុះជាតិសាសន៍ប្រមាណ៣០នាក់ នេសាទរាយសន្ទូចចាប់ត្រីធំៗមួយក្បាលមានទម្ងន់ជាង២០០គីឡូក្រាម ។ ពួកគាត់មានពេលសម្រាកតិចតួចណាស់ គឺធ្វើការរហូត ភាគច្រើនថៅកែជាជនជាតិសិង្ហបុរី ។ តាមពួកគាត់ជាឪពុកម្តាយពលករទាំងនោះនិយាយថា បន្ទាប់ពីចេញពីការិយាល័យសិទ្ធិមនុស្សអាដហុកហើយ នឹងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដាក់ពាក្យបណ្តឹងថែមទៀត ដើម្បីឱ្យជួយដល់ពួកគាត់ដែលជាជនរងគ្រោះ ៕
ចែករំលែកព័តមាននេះ