ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ជួប​ជុំ​បងប្អូន​នាំ​អង្ករ​ជាង​2​តោន​និង​សម្ភារ​មួយ​ចំនួន​ផ្តល់​ឱ្យ​កុមារ​កំព្រា​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ សមាគម​ជួប​ជុំ​បង​ប្អូន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨​ មិថុនា​ បាន​នាំ​យក​អង្ករ​ជាង​២​តោន​ (៤៥​បាវ)​ និង​សម្ភារ​ជា​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ផ្តល់​ឱ្យ​កុមារ​កំព្រា​ និង​ផ្ទុក​មេរោគ​អេដស៍​ចំនួន​២៤៥​នាក់​នៅ​អង្គការ​-សមាគម​ចំនួន​បី​ផ្សេងៗ​គ្នា​រួម​មាន​ សមាគម​អភិវឌ្ឍន៍​គ្រួសារ​ពលី និង​កុមារ​កំព្រា​ សមាគម​រស្មីក​ុមារ​កម្ពុជា (ស.រ.ក.ក) និង​អង្គការ​សេវា​ហេភី​ទ្រី ។​

រាជ​ធានី​ភ្នំពេញ ៖ សមាគម​ជួប​ជុំ​បង​ប្អូន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨​ មិថុនា​ បាន​នាំ​យក​អង្ករ​ជាង​២​តោន​ (៤៥​បាវ)​ និង​សម្ភារ​ជា​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ផ្តល់​ឱ្យ​កុមារ​កំព្រា​ និង​ផ្ទុក​មេរោគ​អេដស៍​ចំនួន​២៤៥​នាក់​នៅ​អង្គការ​-សមាគម​ចំនួន​បី​ផ្សេងៗ​គ្នា​រួម​មាន​ សមាគម​អភិវឌ្ឍន៍​គ្រួសារ​ពលី និង​កុមារ​កំព្រា​ សមាគម​រស្មីក​ុមារ​កម្ពុជា (ស.រ.ក.ក) និង​អង្គការ​សេវា​ហេភី​ទ្រី ។​

លោក​ អូខេហ្សេ​ ព្រីន​ស្វៀល​ អេហ្សេ​ឃីល ប្រធាន​សមាគម​ជួបជុំ​បង​ប្អូន​ មាន​ប្រសាសន៍​ថា​ សមាគម​ជួប​ជុំ​បង​ប្អូន​បាន​បង្កើត​ឡើង​ជាង​៣​ឆ្នាំ​មក​ហើយ​ ក្នុង​គោល​បំណង​ជួយ​កុមារ​កំព្រា​ដែល​ឪពុក​ម្តាយ​ស្លាប់​ចោល​ និង​កុមារដែល​មាន​ផ្ទុក​មេរោគ​អេដស៍​នៅ​​ក្នុងប្រទេស​កម្ពុជា ។​ ចំណែក​អង្ករ​និង​សម្ភារ​ជា​ឧប​ភោគ​បរិភោគ​ដែល​នាំ​យក​មក​ក្នុង​ថ្ងៃ​នេះ​បាន​មក​ពី​ទឹក​ចិត្ត​របស់​សមាជិក​អង្គការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​សមាជិក​ដែល​រស់​នៅ​អាហ្វ្រិក​ អាហ្គានីស្ថាន​ និងបណ្តា​ប្រទេស​ផ្សេងៗ​មួ​យចំនួន​ទៀត ។

ក្នុង​ជំនួប​ជា​មួយ​កុមារ​កំព្រា​ លោក​ប្រធាន​សមាគម​បាន​ផ្តាំ​ផ្ញើ​ដល់​ប្អូន​ៗ​ឱ្យ​ធ្វើ​អំពើ​ល្អ​ ស្តាប់​បង្គាប់​ ចេះ​សេព​គប់​មិត្ត​ល្អ​ និង​គោរព​តាម​ដំបូន្មាន​ខិត​ខំ​រៀន​សូត្រ​ ។​ លោក​ប្រធាន​បន្ត​ថា​ សមាគម​បាន​ផ្តល់​ជូន​អង្ករ​ដល់​សមាគម​អភិវឌ្ឍន៍​គ្រួសារ​ និង​កុមារ​កំព្រា​ចំនួន​១៥​បាវ​ សមាគម​រស្មី​កុមារ​កម្ពុជា​ (ស.រ.ក.ក) ១៥​បាវ​ អង្គការ​សេវា​ហេភី​ទ្រី​១៥​បាវ​ និង​សម្ភារ​ជា​គ្រឿង​ឧបភោគ​បរិ​ភោគមួយ​ចំនួន​ទៀត ។​

លោក​ស្រី​ អ៊ុក​ មុនីណា​ ប្រធាន​ផ្នែក​មើល​ថែ​កុមារ​បាន​ឱ្យ​ដឹង​ថា​ សមាគម​អភិវឌ្ឍន៍​គ្រួសារ​ពលី​ និង​កុមារ​កំព្រា (SFODA) ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ធ្វើការ​ជាមួយ​កុមារ​កំព្រា និង​កុមារ​ងាយ​រងគ្រោះ​ គ្រួសារ និង​សហគមន៍​របស់​ពួក​គេ​ ដើម្បី​លើកក​ម្ពស់​ជីវ​ភាព​រស់​នៅ​របស់​ពួក​គេ​ ឆ្លើយ​តប​តាម​តម្រូវ​ការ​របស់​ពួក​គេ​ស្រប​តាម​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​ ។​ សមាគម​បានបង្កើត​ឡើង​ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​១៩៩៧​ ហើយ​សមាគម​បាន​អប់រំ​កុមារ​រាប់​រយ​នាក់​មក​ហើយ​ និងបាន​ជំនួយ​ពី​បង​ប្អូន​ អង្គការ​នៅ​ក្នុង​ស្រុក​ និង​បរទេស​ ។ បច្ចុប្បន្ន​សមាគម​មាន​កុមារ​រស់​នៅ​ចំនួន​៥១​នាក់​ ក្នុង​នោះ​ស្រី​១៦​នាក់​ និង​បុគ្គលិក​បម្រើ​ការងារ​២៣​នាក់​ (ស្រី​ចំនួន​១៧​នាក់​) បុគ្គលិក​ស្ម័គ្រ​ចិត្ត​តាម​សហ​គមន៍​ និង​មណ្ឌល​ចំនួន​២៥​នាក់​ ក្នុងនោះ​មាន​ជន​បរទេស​ចំនួន​៣​នាក់ ។​

លោក​ស្រី​បន្ថែម​​ថា សមាគម​មាន​កម្មវិធី​៤​សម្រាប់​កុមារ​គឺ ៖
ទី១-​កម្មវិធី​ចិញ្ចឹម​មណ្ឌល​ (ទទួលចិញ្ចឹម​កុមារ​ទូទាំង​ប្រទេស​)​
ទី២-​កម្មវិធី​ថែទាំ​គាំទ្រ​កុមារ និង​គ្រួសារ​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​តាម​សហគមន៍​
ទី​៣-​កម្មវិធី​អប់រំ​បង្ការ​មេរោគ​អេដស៍​ ជំងឺ​អេដស៍​ ដែល​មាន​ទំនាក់​ទំនង​នឹងគ្រឿង​ញៀន​ ។
ទី​៤-​គម្រោង​កម្មវិធី​បង្ការ​ និង​លើក​កម្ពស់​កុមារ​ សេវា​សុខ​ភាព​ពី​មេរោគ​អេដស៍ ជំងឺ​អេដស៍​ កាម​រោគ​ និងគ្រឿង​ញៀន​ចំពោះ​ស្ត្រី​បម្រើ​សេវា​កម្សាន្ត​ជន​ជាតិ​វៀត​ណាម ។​

លោក​ ប៉ាត​ ណូន ប្រធាន​ក្រុម​ប្រឹក្សា​អភិ​បាល​សមាគម​រស្មី​កុមារ​កម្ពុជា​ (ស.រ.ក.ក) បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​សមាគម​មាន​កុមារ​កំព្រា​ចំនួន​៥៥​នាក់​ ក្នុង​​នោះ​កុមារដែល​ស្នាក់​នៅ​អចិន្ត្រៃយ៍​ចំនួន​៣០​នាក់​ (ស្រី​១៣​នាក់​) និង​កុមារ​ដែល​មក​សិក្សា​ចំនួន​២៥​នាក់ (ស្រី​១៤​នាក់) និង​និស្សិត​ក្រី​ក្រ​ចំនួន​៣២​នាក់​ (ស្រី​៤​នាក់​) កុមារ​កំព្រា​ភាគ​ច្រើន​ត្រូវ​ឪពុក​ម្តាយ​ស្លាប់​ចោល​ដោយ​សារ​ជំងឺ​អេដស៍​ និងអ្នក​ខ្លះ​ត្រូវ​ឪពុក​ម្តាយ​បោះ​បង់​ចោល។​ចំណែក​អង្គការ​សេវា​ហេភី​ទ្រី​មាន​កុមារកំព្រា​ និង​ផ្ទុក​មេរោគ​អេដស៍​ជាង​១០០​នាក់ ៕​