ខេត្តកណ្ដាល៖ រថយន្តកាមរីឆ្លាមដឹកមនុស្សពេញបានបើកបោះពួយទៅបុកជាមួយរ៉ឺម៉កដឹកជ្រូកយ៉ាងពេញទំហឹង ហោះចេញពីលើផ្លូវជាតិធ្លាក់ចូលក្នុងប្រឡាយទឹកទាំងព្រឹក បណ្ដាលឱ្យមនុស្ស២នាក់រងរបួស និងជ្រូក៣ក្បាលបានងាប់ភ្លាមៗនៅនឹងកន្លែង ត្រង់ចំណុចផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៣០និង៣១ ស្ថិតក្នុងភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១០ មិថុនា ២០១៣។
ប្រភពព័ត៌មានពីប៉ូលិសចរាចរស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា មនុស្សដែលជិះក្នុងរថយន្តកាមរីឆ្លាមគឺជាក្រុមគ្រួសារតែមួយ(ប្រពន្ធ ប្ដី ម្ដាយ និងកូន) ដែលបើកបរដោយឈ្មោះសេម ប្រុស ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។ ចំណែកអ្នកបើករ៉ឺម៉កដឹកជ្រូក២នាក់ប្ដីប្រពន្ធរងរបួស តែមិនធ្ងន់ធ្ងរទេ ដោយប្ដីឈ្មោះស្រេង សុខលីន អាយុ២៩ឆ្នាំ មានទីលំនៅភូមិកើតហេតុ បានដឹកជ្រូក៧ក្បាល (ជ្រូកសាច់) ងាប់អស់៣ក្បាល៕
ចែករំលែកព័តមាននេះ