ខេត្តព្រះវិហារ ៖ ព្រឹកថ្ងៃទី៨ មិថុនា នៅអនុវិទ្យាល័យស្រុកជ័យសែន ស្ថិតក្នុងស្អាង ស្រុកជ័យសែន មានប្រារព្ធពិធីបិទការដ្ឋាន និងសម្ពោធសមិទ្ធផលដាក់ឱ្យប្រើប្រាស់ ផ្លូវក្រាលកៅស៊ូ (DBST) ប្រវែង៥គីឡូម៉ែត្រ ក្រោមអធិបតីភាព លោក អ៊ុំ ម៉ារា៉ អភិបាលខេត្ត ។ ចូលរួមក្នុងពិធីនោះ មានមន្ត្រីនានាជុំវិញខេត្ត និងប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្ស និង តាជី យាយជី សរុបជាង២.០០០នាក់ ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា ផ្លូវដែលប្រារព្ធពិធីសម្ពោធនេះ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី១៥ ឧសភា ២០១២ និងបញ្ចប់នៅថ្ងៃទី៨ មិថុនា ២០១៣ ជាប្រភេទ ផ្លូវក្រាលកៅស៊ូ២ជាន់(DBST) មានប្រវែង៥គីឡូមែ៉ត្រ ចាប់ពីផ្លូវចូលភូមិតស៊ូ ឃុំតស៊ូ (គីឡូមែ៉ត្រលេខ២១+៦០០) ដល់ភូមិស្អាង ឃុំស្អាង ទីរួមស្រុកជ័យសែន ។ កាលពីអតីតកាលផ្លូវនេះគឺជាផ្លូវខេត្តដែលតភ្ជាប់ពីភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង មកស្រុកឆែប កាត់តាមទីរួមស្រុករវៀង និងស្រុកជ័យសែន ។ ពីមុនផ្លូវនេះគឺជាផ្លូវដីមានទទឹងតូច ចង្អៀត មានស្ពានឈើមិនរឹងមាំងាយនឹងខូចខាតដោយសារទឹកជំនន់ និងភ្លើងឆេះព្រៃ ម៉្យាងទៀត ផ្លូវមួយខ្សែនេះឆ្លងកាត់ព្រៃទាំងស្រុង ដោយសារតំបន់នេះធ្លាប់ជាសមរភូមិប្រយុទ្ធ មានអសន្តិសុខ ហើយចរាចរណ៍ក៏មិនអាចឆ្លងកាត់បាន ពិបាកក្នុងការធ្វើទំនាក់ទំនង ។ បន្ទាប់ពីកសាងរួច ផ្លូវមួយខ្សែនេះ បូករួមទាំងផ្លូវជាតិលេខ៩ និងលេខ៦២ផង គឺបង្កលក្ខណៈងាយស្រួលក្នុងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មបានឆាប់រហ័ស ពិសេសប្រជាពលរដ្ឋ នៅស្រុកសែនជ័យទាំងមូលងាយស្រួលក្នុងការប្រកបមុខរបរ និងលើកស្ទួយជីវភាពរស់នៅកាន់តែប្រសើរឡើង ។
លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្ត បានមានមតិសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមនាំគ្នាទៅចូលរួមបោះឆោ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ ឱ្យបានគ្រប់ៗគ្នា ។ ក្នុងនាមជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ប្រុងប្រយ័ត្នពេលបើកបរ កុំបើកហួសល្បឿនដែលច្បាប់បានកំណត់ ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បាននាំយកអំណោយមួយចំនួនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋ ក្នុងនោះតាជី យាយជី ៥០នាក់ ម្នាក់ៗទទួលបានក្រណាត់ស១ដុំ ថវិកា៥.០០០រៀល ។ សិស្សានុសិស្ស ៣០០នាក់ ម្នាក់ៗទទួលបានសៀវភៅ ១ក្បាល ប៊ិក២ដើម ប្រជាពលរដ្ឋជាង ១.០០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ៕
ចែករំលែកព័តមាននេះ