ស្ត្រីដែលប្រកបដោយគុណធម៌តែងតម្រូវតាមគោលឆន្ទៈរបស់ប្តី នាងត្រូវទុកប្តីដូចជាអ្នកខ្ពង់ខ្ពស់មួយរូប ទៅណាមកណាក្នុងកម្មវិធីអ្វីមួយត្រូវលើកមុខប្តី និងត្រូវឱ្យប្តីជាអ្នកនាំមុខ ដោយនាងរង់ចាំគាំទ្រទៅលើប្តី… បើនិយាយពីកិច្ចការក្នុងផ្ទះវិញ នាងត្រូវក្រោកមុនស្វាមីជានិច្ច ទទួលបន្ទុកមើលថែគ្រួសារ រៀបចំផ្តល់សិរីសួស្តីដល់គ្រួសារ និងផ្ទះសម្បែងជាអ្នកកាន់ការសំអាតគ្រប់បែបយ៉ាង ព្រោះការប្រតិបត្តិបែបនេះ វាមិនត្រឹមតែធ្វើឱ្យគ្រួសារមានសុភមង្គលប៉ុណ្ណោះទេ វាថែមទាំងលើកមុខមាត់ កិត្តិយសប្តីទៀតផង ។
ពាក់ព័ន្ធនឹងការលើកមុខមាត់ប្តីនេះ ត្រូវបានលោកស្រី មាស លក្ខិណា រស់នៅខណ្ឌដូនពេញ ជាអាជីវករនៅផ្សារទំនើបមួយក្នុងរាជធានីភ្នំពេញ បានចូលរួមចែករំលែកនូវបទពិសោធន៍សុភមង្គលគ្រួសារដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្រាន់ទុកជាការយល់ដឹង ។ លោកស្រី មាស លក្ខិណា និយាយថា ករណីខាងលើនេះ មិនមែនលើកតម្កើងស្វាមីដូចជា ព្រះពេកនោះទេ ប៉ុន្តែបើក្នុងគ្រួសារមើលឃើញថា ប្តីរបស់យើងមានសន្ទុះបញ្ញាស្មារតីខ្លាំងក្លាជាងយើង (ប្រពន្ធ) គឺត្រូវប្រគល់សិទ្ធិឱ្យប្តីជាអ្នកសម្រេច ដោយយើងគ្រាន់តែជាអ្នកពិគ្រោះយោបល់តែប៉ុណ្ណោះ… ចំណែកស្ត្រី (ប្រពន្ធ) វិញ ប្រសិនបើមានប្រាជ្ញាស្មារតីជាងប្តីក៏ត្រូវឱ្យប្តីធ្វើដូចគ្នាអញ្ចឹងដែរ ។
ប្រសិនបើកិច្ចការធំដុំណាមួយដែលធ្លាក់មកលើនាងជាប្រពន្ធ នាងមិនត្រូវចេះតែសម្រេចឥតគិតមុខគិតក្រោយនោះទេ ត្រូវរង់ចាំដោះស្រាយជាមួយប្តី… សួរយោបល់ប្តី ឬមិនសម្រេចអ្វីទាំងអស់ ប្រសិនបើគ្មានសេចក្តីយល់ព្រមពីស្វាមី ។ ពេលណានាងទៅជួបប្តីក្នុងករណី ពិសេសនាងត្រូវតុបតែងកាយឱ្យមានរបៀបចុះចំណោមក្នុងសង្គម ដូចជា សម្លៀកបំពាក់ការិយាល័យ សម្លៀកបំពាក់ដើរផ្សារ សម្លៀកបំពាក់តាមពិធីការផ្សេងៗ ទោះស្តើងរលុង ឬរឹបរាងក្តីវាមិនបញ្ហាទេ គឺត្រូវធ្វើឱ្យសមនឹងរូបសម្បត្តិ និងបរិយាកាសសង្គម ។
ក្នុងពេលដែលប្តីប្រព្រឹត្តកំហុសណាមួយចំពោះនាង ដោយសារតែខឹងឆេវឆាវមួយពេល នាងមិនត្រូវបន្ទោសស្វាមីនៅក្នុងចំណោមទេ ថ្វីដ្បិតថា នាងមិនពេញចិត្តក្តី គឺត្រូវរង់ចាំមកផ្ទះ ឬកន្លែងសាធារណៈណាដែលស្ងាត់មនុស្ស សឹមនាងណែនាំពន្យល់ប្តី ដោយលើកហេតុផលឱ្យប្តីគិត (អម្បាញ់មិញបងប្រព្រឹត្តមិនសមរម្យ អូនមិនតបតនឹងបងទេ ព្រោះទីនោះមានមនុស្សច្រើនខ្លាចខ្មាសគេ) ។ នាងត្រូវរស់នៅដោយចិត្តបរិសុទ្ធ មានភក្តីភាពជានិច្ចចំពោះស្វាមី ចូរនាងធ្វើតែអំពើល្អគ្រប់បែបយ៉ាង ដើម្បីបំពេញទឹកចិត្តស្វាមី (ចំពោះស្វាមីណាដែលល្អចេះយល់រាក់ជ្រៅ ដឹងខុសដឹងត្រូវ សណ្តោសប្រណី និងព្រហ្មវិហារធម៌) នោះកិត្តិយស សិរីសួស្តី សុភមង្គលនឹងកើតមានដល់រូបនាង ស្វាមី ជាពិសេសគ្រួសារទាំងមូល ៕
ចែករំលែកព័តមាននេះ