ខេត្តតាកែវ ៖ លោក ជា សុខុម ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាប្រធានគណៈពង្រឹងមូលដ្ឋានឃុំអង្កាញ់ កាលពីថ្ងៃទី៨ មិថុនា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលប្រារព្ធធ្វើនៅវត្តសរសៃមានបុណ្យ ស្ថិតក្នុងឃុំអង្កាញ់ ស្រុកទ្រាំង ។ ចូលរួមក្នុងពិធីនេះមាន លោកឧត្តមសេនីយ៍ ដួង សុខុន អនុប្រធានក្រុមការងារចុះជួយឃុំអង្កាញ់ ព្រមទាំងអស់លោក លោកស្រី ប្រធាន-អនុប្រធានគណៈកម្មាធិការគណបក្សឃុំ និងសមាជិក ក្រុមយុវជនបក្សយ៉ាងច្រើនកុះករ ។
លោក យឹម សំអាត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំអង្កាញ់ បានឱ្យដឹងថា ឃុំអង្កាញ់មាន៨ភូមិ ដែលលោក ជា សុខុម ប្រធានក្រុមការងារចុះជួយឃុំ និងអស់លោក លោកស្រី អនុប្រធានក្រុមការងារកាលពីសប្តាហ៍មុនបានអញ្ជើញជួបសំណេះសំណាលចំនួន៤ភូមិរួចហើយ ។ ចំណែកនៅថ្ងៃនេះជួបសំណេះសំណាលជាមួយប្រធាន-អនុប្រធាន និងសមាជិក-សមាជិកាគណបក្សស្តីពីចំណុចសំខាន់ៗរបស់សកម្មជនគណបក្ស ដើម្បីពង្រឹងសមាជិករបស់ខ្លួនចំនួន៤ភូមិទៀត ដែលជាគន្លឹះសម្រាប់ទទួលជ័យជម្នះនៅពេលបោះឆ្នោតខាងមុខ ។
លោក ជា សុខុម ប្រធានគណៈពង្រឹងមូលដ្ឋានឃុំអង្កាញ់ បានមានប្រសាសន៍ពាំនាំនូវការនឹករលឹកពីសំណាក់សម្តេចទាំងបី ជាថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ។ ក្រោយពីផ្តួលរំលំរបបដ៏ខ្មៅងងឹតនេះរួច ថ្នាក់ដឹកនាំបានដឹកនាំតាំងពីបាតដៃទទេ ដើម្បីស្តារនិងអភិវឌ្ឍប្រទេសជាតិ ហើយនៅពេលនោះគ្មានសហគមន៍អន្តរជាតិណាមួយ អើពើជួយប្រទេសយើងទេ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលកសាងប្រទេសជាតិរហូតមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ ។
លោក ជា សុខុម បានបន្តទៀតថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បាននិយាយថា «គុកទួលស្លែងជាកន្លែងសិប្បនិម្មិត» ធ្វើឱ្យអ្នកនៅរស់ពីការស្លាប់នៅគុកទួលស្លែងមានការខឹងសម្បានឹងសម្តីរបស់លោក កឹម សុខា ហើយនៅថ្ងៃទី៩ មិថុនា ប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅទូទាំងប្រទេសធ្វើមហាបាតុកម្មប្រឆាំងនឹងសម្តីលោក កឹម សុខា និងសុំឱ្យលោក កឹម សុខា សុំទោសចំពោះពាក្យសម្តីរបស់ខ្លួនដល់ប្រជាពលរដ្ឋរបស់យើង ។
លោក ជា សុខុម បានសូមឱ្យប្រជាពលរដ្ឋល្មមឈប់ជឿ ការនិយាយកុហកបោកប្រាស់របស់ពួកគណបក្សប្រឆាំង ព្រោះឱ្យតែជិតដល់ពេលបោះឆ្នោតមកដល់ ទើបលេចមុខអស់លោកនោះមកសន្យាខុសពីគណបក្សប្រជាជនកម្ពុជា ដែលនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ស្គាល់ពីការលំបាករបស់ប្រជាពលរដ្ឋ ។ ដូច្នេះសូមប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី៤ ៕
ចែករំលែកព័តមាននេះ