រាជធានីភ្នំពេញ៖ យុវជនមួយក្រុមមានគ្នា ៦ទៅ៧នាក់ បានចូលទៅរាំ នៅក្នុងក្លឹប ស្ពាយឌឺឌីស្លូក្លឹប រាំជាន់ជើងគ្នាបង្កជាទំនាស់ធ្វើឱ្យសន្តិសុខជាអ្នកយាមបានចូលទៅអន្តរាគមន៍ ដោយវាយទៅលើក្រុមនោះ ហើយក្រុមដែលមានគ្នា៦ទៅ៧នាក់នោះក៏នាំគ្នារត់គេចនិងយកដុំថ្មចោលទៅលើស្លាកយីហោក្លឹបនោះវិញ។
ហេតុការណ៍រាំជាន់ជើងគ្នានេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៩ មិថុនា ២០១៣ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីជនរងគ្រោះបានឱ្យដឹងថា នៅពេលរាំជាន់ជើងគ្នាកើតជាទំនាស់នោះ សន្តិសុខកាងក្នុងក្លឹបបានចូលទៅវាយក្រុមរបស់ខ្លួន ហើយពួកគេក៏បាននាំគ្នារត់គេច តែសន្តិសុខចាប់បានម្នាក់យកទៅវាយ ដូច្នេះគេក៏យកដុំថ្មគប់ទៅលើស្លាកយីហោក្លឹបនោះទៅ។
ប្រភពពីសន្តិសុខបានឱ្យដឹងថា មុនកើតហេតុពួកគាត់មិនអនុញ្ញាតឱ្យក្រុមនេះ ចូលរាំទេ ដោយប្រាប់ថាមានភ្ញៀវចូលរាំពេញអស់ហើយ រង់ចាំបន្តិចទៀត តែក្រុមនោះមិនព្រមស្ដាប់ទេ បានចូលទៅរាំជាន់ជើងគ្នាបង្កជាជម្លោះ ទើបពួកគេចូលទៅអន្តរាគមន៍។
ដោយឡែកអ្នករត់ម៉ូតូឌុបនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា សន្តិសុខកាងនៅក្នុងក្លឹបនេះតែងតែវាយធ្វើបាបភ្ញៀវដែលចូលទៅរាំជារៀងរាល់យប់ ។
ក្រោយពេលកើតហេតុអ្នកសារព័ត៌មានបានទៅថតយករូបភាព ហើយក្រុមសន្តិសុខនៅទីនោះបានគំរាមអ្នកសារព័ត៌មានឱ្យលុបរូបរបស់គេចេញពីម៉ាស៊ីនថត ប៉ុន្តែដោយឃើញ អ្នកសាព័ត៌មាន មានគ្នាច្រើនពេក គេក៏នាំគ្នាចូលទៅក្នុងក្លឹបវិញអស់ទៅ៕
ចែករំលែកព័តមាននេះ