រាជធានីភ្នំពេញ ៖ ថ្ងៃអាទិត្យ ទី៩ មិថុនា លោក ជុំ ម៉ី អាយុ៨៣ឆ្នាំ អតីតអ្នករងគ្រោះដែលបានរស់រានមានជីវិតពីគុកទួលស្លែង និងជាប្រធានសមាគមជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ បានដឹកនាំមហាបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ដែលមានអ្នកចូលរួមប្រមាណជិត៣ម៉ឺននាក់ មកពីគ្រឹះស្ថានឯកជន និងស្ថាប័នរដ្ឋនានា ក្នុងរាជធានីភ្នំពេញ និងពីបណ្តាខេត្ត-ក្រុងទូទាំងប្រទេស ដែលពួកគាត់ជាជនរងគ្រោះ និងជាបងប្អូនរបស់អ្នកដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ។
អ្នកចូលរួមបានសម្តែងការមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះសម្តីរបស់បុគ្គល កឹម សុខា ដែលសម្តីនេះ ជាការប្រមាថលើជនរងគ្រោះទាំងអស់នៃរបបកម្ពុជាប្រជាធិបតេយ្យ និងទាមទារឱ្យបុគ្គលរូបនេះទទួលខុសត្រូវចំពោះមុខច្បាប់ នូវអ្វីដែលបុគ្គលរូបនេះបានកាឡៃប្រវត្តិសាស្ត្រ និងមានការទាមទារយ៉ាងដាច់អហង្ការឱ្យលោក កឹម សុខា ទៅដុតធូបសុំទោសដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៅទួលស្លែង ដែលមុននេះនិយាយថា «គុកទួលស្លែងជាគុកសិប្បនិម្មិត រៀបចំដោយវៀតណាម» ។
លោក ជុំ ម៉ី ថ្លែងថា ការជួបជុំគ្នានៅថ្ងៃនេះ មិនមែនជាបាតុកម្មនយោបាយតតាំងរវាងគណបក្សនិងគណបក្ស និងមិនមែនជាបាតុកម្មប្រឆាំងនឹងនយោបាយរបស់គណបក្សណាមួយ ហើយក៏មិនមែនជាការប្រើសេរីភាពធ្វើបាតុកម្មទាមទារអ្វីមួយពីស្ថាប័នរដ្ឋ ក៏ដូចជាប្រឆាំងនឹងសេចក្តីសម្រេចណាមួយរបស់រដ្ឋសភា ព្រឹទ្ធសភា ឬរាជរដ្ឋាភិបាល ឬក៏ការកាត់សេចក្តីណាមួយរបស់តុលាការឡើយ ។ ប៉ុន្តែ ការជួបជុំគ្នានេះ គឺយើងប្រើសេរីភាពធ្វើបាតុកម្មសម្តែងការឈឺចាប់របស់យើងចំពោះឃ្លាប្រយោគ និងពាក្យពេចន៍ដែលមានន័យ និងខ្លឹមសារថា «គុកទួលស្លែងជាកន្លែងសិប្បនិម្មិត» ។
នេះគឺជាអត្ថន័យពិតនៃសម្តីរបស់បុគ្គល កឹម សុខា ដែលបានលើកឡើងក្នុងវេទិកាសាធារណៈតាមប្រព័ន្ធផ្សព្វផ្សាយមហាជន ។ ដូច្នេះ បាតុកម្មថ្ងៃនេះមានគោលដៅតែមួយគត់ គឺប្រឆាំងនឹងបុគ្គល កឹម សុខា ដែលប្រើពាក្យសម្តីក្នុងន័យដោះបន្ទុកអតីតមេដឹកនាំកំពូលរបបកម្ពុជាប្រជាធិបតេយ្យផង និងបំភ្លៃការពិតនៃប្រវត្តិសាស្ត្រផង ។ នេះជាពាក្យដុតរោលឱ្យយើងឈឺចាប់ឡើងវិញម្តងទៀត ។ លោក ជុំ ម៉ី បញ្ជាក់ទៀតថា ចំពោះការឈឺចាប់នេះ យើងគ្រាន់តែសុំជាថ្នូរជាមួយនឹងការដុតធូបសុំទោសនៅគុកទួលស្លែង តើវាធ្ងន់ធ្ងរប៉ុនណាទៅបានជាលោក កឹម សុខា បដិសេធ ? ត្រង់នេះហើយដែលជាការសបញ្ជាក់ថា «កឹម សុខា បុគ្គលពូកែនិយាយពាសវាលពាសកាល តែពុំមានសេចក្តីក្លាហានហ៊ានទទួលខុសត្រូវចំពោះសម្តីខ្លួនឯង» ។
ឥរិយាបថបែបនេះរបស់លោក កឹម សុខា ជាមូលហេតុបង្កឱ្យប្រជាពលរដ្ឋខ្មែរទូទៅ និងគ្រប់និន្នាការមានជម្លោះមនសិការជាមួយបុគ្គល កឹម សុខា ។ ជាក់ស្តែងនៅថ្ងៃទី៩ មិថុនានេះ គឺជាបាតុកម្មរបស់ប្រជាពលរដ្ឋប្រឆាំងនឹងការបដិសេធរបស់លោក កឹម សុខា ចំពោះការសុំទោស ហើយបើលោក កឹម សុខា នៅតែប្រកាន់ជំហរក្រអឺតក្រទមមិនទទួលខុសត្រូវចំពោះពាក្យសម្តីរបស់ខ្លួនជាថ្នូរនឹងការសុំទោសទេ បាតុកម្មនឹងបន្តរាលដាលដល់គណបក្សសង្គ្រោះជាតិ ដែលលោក កឹម សុខា មានតួនាទីជាប្រធានស្តីទីទៀតផង ។
លោក ជុំ ម៉ី បានបន្តថា យើងស្នើឱ្យគណបក្សសង្គ្រោះជាតិបញ្ជាក់ជំហរឱ្យបានច្បាស់ពីឃ្លាប្រយោគដែលមានន័យ និងខ្លឹមសារមិនអាចកែប្រែបានថា «គុកទួលស្លែងជាកន្លែងសិប្បនិម្មិត» ។ តើវាជាគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិឬក៏ជាទស្សនៈផ្ទាល់របស់លោក កឹម សុខា ? យើងជឿជាក់ថា គណបក្សសង្គ្រោះជាតិពិតជាមិនបង្កជម្លោះជាមួយប្រជាពលរដ្ឋដើម្បីបុគ្គល កឹម សុខា ម្នាក់នោះទេ ។ ភាពក្រអឺតក្រទមរបស់បុគ្គល កឹម សុខា ក៏ជាកម្មវត្ថុសម្រាប់ឱ្យគណបក្សនេះពិចារណាឡើងវិញពីបុគ្គលិកលក្ខណៈរបស់លោក កឹម សុខា តើស័ក្តិសមឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅមណ្ឌលបោះឆ្នោតកំពង់ចាមដែរឬយ៉ាងណា ?
បន្ទាប់ពីការថ្លែងទៅកាន់ជនរួមជាតិ នៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃអាទិត្យនោះ ក្បួនបាតុកម្មប្រឆាំងលោក កឹម សុខា ដែលដឹកនាំដោយលោក ជុំ ម៉ី អតីតអ្នករងគ្រោះនៅគុកទួលស្លែងបានទៅដល់ទីស្នាក់ការធំរបស់គណបក្សសង្គ្រោះជាតិស្ថិតក្នុងខណ្ឌទួលគោក ។ ក្បួនបាតុកម្ម បានចេញដំណើរពីទីលានប្រជាធិបតេយ្យដោយជិះម៉ូតូ និងរថយន្តអត់ដំបូលចេញពីមុខស្ថានីយរថភ្លើងឆ្ពោះទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ ។ ទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅផ្លូវត្រឡោកបែកបានបិទទ្វារ ប៉ុន្តែមានមន្ត្រីគណបក្សរង់ចាំទទួលញត្តិពីក្រុមបាតុកររបស់លោក ជុំ ម៉ី ។
ក្បួនបាតុកម្មប្រឆាំងលោកកឹម សុខា បានចាប់ផ្ដើមតាំងពីព្រឹកថ្ងៃទី៩ មិថុនា នៅទីលានប្រជាធិបតេយ្យក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយមហាជនរាប់ម៉ឺននាក់ បានមកជួបជុំគ្នាតាមការគ្រោងទុក និងមានបដារាប់ពាន់ផងដែរនៅទីលានប្រជាធិបតេយ្យ ។ ក្បួនបាតុកម្មដែលកើតឡើងនៅទូទាំងប្រទេសនាព្រឹកថ្ងៃអាទិត្យ ទី៩ មិថុនា មានអ្នកចូលរួមយ៉ាងច្រើនមិនធ្លាប់មាន ក្នុងនោះក៏មានការផ្សាយបន្តផ្ទាល់តាមវិទ្យុ និងទូរទស្សន៍ក្នុងស្រុក ជាពិសេសទូរទស្សន៍បាយ័នដោយមានទាំងការសម្ភាសន៍ជាមួយយុវជនអ្នកចូលរួមបាតុកម្មផងដែរ ។
តំណាងគណបក្សសង្គ្រោះជាតិ រួមមាន លោកស្រី មូរ សុខហួរ លោកហូរ វ៉ាន់ លោកគួយ ប៊ុនរឿន និងលោក ឡុង រី ជាដើម បានមកទទួលញត្តិពីក្បួនបាតុកម្មប្រឆាំងលោកកឹម សុខាដឹកនាំដោយលោកជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែងនៅមុខទីស្នាក់ការធំរបស់គណបក្សសង្គ្រោះជាតិ ។ លោកស្រី មូរ សុខហួរ ក្រោយពីទទួលញត្តិពីតំណាងបាតុករបានអះអាងថា នឹងបញ្ជូនញត្តិនេះទៅកាន់លោកកឹម សុខា ។ លោកស្រីបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទៅកាន់ក្រុមអ្នកតវ៉ាឡើយ មុននឹងលោកស្រី និងតំណាងគណបក្សប្រឆាំងជាច្រើននាក់ទៀតចូលក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅផ្លូវត្រឡោកបែក ហើយបិទទ្វាររបងវិញ ។
មានការកត់សម្គាល់ថា ក្បួនបាតុកម្មប្រឆាំងលោក កឹម សុខា បានចាប់ផ្តើមតាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យ ទី៩ មិថុនា នៅទីលានប្រជាធិបតេយ្យនៅជិតវត្តភ្នំ ដោយមានមហាជនជិត៣ម៉ឺននាក់អមដោយបដា ពាក្យស្លោកប្រឆាំងបុគ្គល កឹម សុខា ។ ក្រៅពីនេះ នៅតាមផ្លូវមួយចំនួនក៏មានអ្នកឈរកាន់បដា និងថ្លែងថ្កោលទោសលោក កឹម សុខា ដែរ ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងពីជំហរថ្មីរបស់លោក កឹម សុខា ទេថា នឹងទៅសុំទោសនៅគុកទួលស្លែងតាមការទាមទារឬក៏អត់ ប៉ុន្តែលោកធ្លាប់បានប្រកាសយ៉ាងម៉ឺងម៉ាត់ហើយថា លោកមិនសុំទោសទេ ពីព្រោះលោកមិនបាននិយាយដូចការលើកឡើងឡើយ ។
ប្រឈមមុខនឹងភាពតានតឹងនេះ ក្រសួងមហាផ្ទៃបានចាត់កម្លាំងប៉ូលិសរាប់សិបនាក់ដាក់ពង្រាយការពារជាពិសេសដល់សន្តិសុខរបស់លោក កឹម សុខា ។ ប៉ូលិសត្រូវបានគេដាក់ពង្រាយនៅផ្ទះរបស់លោក កឹម សុខា និងនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅផ្លូវត្រឡោកបែក ខាងជើងស្ពានអាកាស ៧ មករា ក្នុងរាជធានីភ្នំពេញ ។
ក្នុងព្រឹត្តិការណ៍តវ៉ានេះដែរ ក៏មានការកត់សម្គាល់នៅពេលលោកលី ឆេង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានដឹកនាំសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ៣០០នាក់ ធ្វើបាតុកម្មអហិង្សាគាំទ្រលោក ជុំ ម៉ី ប្រឆាំងនឹងលោក កឹម សុខា ដែលបានអះអាងថា «ទួលស្លែងគឺសិប្បនិម្មិត» និងទាមទារយ៉ាងដាច់អហង្ការឱ្យបុគ្គលកឹម សុខាសុំទោសជាសាធារណៈនូវសម្ដីរបស់គាត់ ។
លោក លី ឆេង បានថ្លែងថា ការលើកឡើងរបស់លោកកឹម សុខា ជាការបំភ្លៃប្រវត្តិពិតដែលបានកើតឡើងនៅកម្ពុជា ។
បាតុកម្មនេះធ្វើឡើងដោយអហិង្សាក្នុងគោលបំណងប្រឆាំងលោក កឹម សុខា និងបញ្ជាក់ប្រាប់យុវជនជំនាន់ក្រោយថា អ្វីដែលលោក កឹម សុខា និយាយវាមិនពិតទេ ព្រោះមានមេដឹកនាំនៃរបបខ្មែរក្រហមលោក នួន ជា ខៀវ, សំផន, ឌុច ត្រូវបានកាត់ទោសដោយសារតែការដឹកនាំខុសរបស់ពួកគាត់ក្នុងរបបប៉ុល ពត ។ ជាមួយគ្នានេះ និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងសាស្ត្រាចារ្យប្រមាណជាង៣៥០នាក់បានឈរតម្រៀបគ្នា នៅមុខសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ កាលពីព្រឹកថ្ងៃទី៩ មិថុនា ២០១៣ និងមានលើកបដា ដើម្បីធ្វើមហាបាតុកម្មអហិង្សា គាំទ្រលោក ជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែងនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានរស់រានមានជីវិត ហើយធ្វើមហាបាតុកម្មអហិង្សាប្រឆាំងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលបាននិយាយតាមវេទិកាសាធារណៈ និងចាក់ផ្សាយតាមវិទ្យុថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត ។
លោក សយ គឹមសុង សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិផ្នែកគណនេយ្យ បានមានប្រសាសន៍ថា លោកមានការខឹងសម្បាយា៉ងខ្លាំងដែលលោក កឹម សុខា មានប្រសាសន៍ថា គុកទួលស្លែងជាគុកសិប្បនិម្មិត ។ វាមិនមែនដូចគាត់យល់នោះទេ ថ្ងៃនេះមានគ្រូ និងនិស្សិតធ្វើបាតុកម្មប្រឆាំង ព្រោះថា គុកទួលស្លែង ជារឿងពិតនៅក្នុងសម័យប្រល័យពូជសាសន៍ គឺប៉ុល ពត បានសម្លាប់ប្រជាពលរដ្ឋយ៉ាងរង្គាល ហើយបានសង់ជាគុកដាក់ប្រជាជនដែលគេចាត់ទុកថាជាអ្នកទោស ។ មិនត្រឹមតែគុកទួលស្លែងមួយប៉ុណ្ណោះទេ នៅតាមភូមិ-ឃុំ-ស្រុកជាដើម ក៏មានគុក និងមានរណ្តៅកប់សពរាប់រយរាប់ពាន់នៅទូទាំងប្រទេសកម្ពុជា ដែលអ្នកណាក៏បានដឹងដែរ ។
រីឯលោកសាស្ត្រាចារ្យ តាំង ផានី ដែលបានចូលរួមធ្វើមហាបាតុកម្មអហិង្សានាព្រឹកនោះដែរ មានប្រសាសន៍ថា គោលបំណងដែលលោកចូលរួមនៅក្នុងថ្ងៃនេះ គឺដើម្បីរកយុត្តិធម៌ឱ្យបងប្អូនប្រជាជនកម្ពុជា ដោយសារតែលោក កឹម សុខា ថាគុកទួលស្លែងជាកន្លែងមិនមែនជាការពិត ហើយបើតាមលោកយល់ គុកទួលស្លែងវាជាការពិត ។ ដោយឡែក និស្សិតសាកលវិទ្យាល័យច្បាប់ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ វិទ្យាស្ថានជាតិអប់រំ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យនានាមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ មានចំនួនរាប់ពាន់នាក់ បានចូលរួមធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ។ សន្ទុះនៃការប្រឆាំងនឹងពាក្យសម្តីរបស់លោក កឹម សុខា ដែលថាគុកទួលស្លែងជាឆាកសិប្បនិម្មិត បានរីករាលដាលគួរឱ្យកត់សម្គាល់ ។
ក្រុមអ្នកតាមដាននយោបាយនិយាយថា សម្តីរបស់លោក កឹម សុខា កំពុងដុតកំហឹងដល់ប្រជាជនខ្មែររាប់លាននាក់ឱ្យក្តៅក្រហាយ ។ ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី៩ មិថុនា ស្របពេលដែលប្រជាពលរដ្ឋគ្រប់ខេត្តទូទាំងប្រទេស នាំគ្នាប្រតិកម្មទៅនឹងពាក្យសម្តី លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិស្តីទី ដែលបាននិយាយថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិតនោះ ដោយឡែកនៅខេត្តពោធិ៍សាត់ក៏មានប្រជាពលរដ្ឋជិត១០.០០០នាក់ នាំគ្នាធ្វើមហាបាតុកម្មដោយបញ្ចេញប្រតិកម្មផងដែរ ។
ប្រជាពលរដ្ឋមកពីបណ្តាស្រុកមួយចំនួនមានទាំងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ អាជីវករ និងអ្នករត់មូ៉ូតូឌុបបានមកប្រមូលផ្តុំគ្នានៅសួនច្បារ១៤មករា ខាងកើតសារមន្ទីរជាប់រោងចក្រអគ្គិសនី ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។ ពួកគេបានមកជួបជុំគ្នាតាំងពីម៉ោង៦និង៣០នាទីព្រឹក រហូតដល់ម៉ោង៧និង៣០នាទី ទើបដង្ហែក្បួនឆ្ពោះទៅផ្សារពោធិ៍សាត់ និងតាមដងផ្លូវនានាក្នុងទីប្រជុំជនក្រុង រហូតទៅដល់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរស្តៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយមានលើកបដា និងស្រែកតាមឧគ្ឃោសនស័ព្ទផងដែរ ។
ប្រជាពលរដ្ឋទាមទារឱ្យលោក កឹម សុខា សារភាពកំហុស និងសុំទោសចំពោះមុខមហាជន បើមិនដូច្នេះទេ សូមឱ្យតុលាការផ្តន្ទាទោសទៅតាមច្បាប់ ព្រោះជីដូន ជីតា ឪពុក ម្តាយ បងប្អូន កូន ចៅ ប្រជាពលរដ្ឋរាប់សែនលាននាក់ ត្រូវពួកប៉ុល ពត ធ្វើទារុណកម្ម និងកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃក្នុងរបបនោះ ។ ខេត្តកំពង់ឆ្នាំង ៖ ក្បួនបាតុកម្មអហិង្សាបានធ្វើឡើងនៅព្រឹកថ្ងៃទី៩ មិថុនា ដោយមានប្រជាពលរដ្ឋចូលរួមជាង៣ពាន់នាក់មកពីសង្កាត់ទាំង៤ក្នុងក្រុងកំពង់ឆ្នាំង ដោយបានប្រឆាំងទៅនឹងសម្តីរបស់លោក កឹម សុខា ដែលបានលើកឡើងថា «គុកទួលស្លែងគឺជាគុកសិប្បនិមិ្មតដែលគេគ្រាន់តែជាឆាកតែប៉ុណ្ណោះ» ។
ក្បួនបាតុកម្មអហិង្សានេះ ដង្ហែចេញពីកីឡដ្ឋានបាល់ទាត់ មុខសាលាខេត្តកំពង់ឆ្នាំង សំដៅទៅព័ទ្ធជុំវិញវិមានឯករាជ្យរួចបានហែសំដៅទៅកាត់មុខផ្សារលើខេត្តកំពង់ឆ្នាំង បន្ទាប់មកចេញកាត់មកតាមបណ្តោយផ្លូវជាតិលេខ៥ ទៅទិសខាងជើងសំដៅទៅឈប់មុខស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីស្រែកតាមឧគ្ឃោសនស័ព្ទប្រឆាំងទៅនឹងអ្វីដែលសសម្តីលោក កឹម សុខា ថា គុកទួលស្លែងជាគុកសិប្បនិមិ្មិត ហើយបន្ទាប់មកក៏បានហែត្រឡប់មកកន្លែងដើមវិញ ។
ក្នុងក្បួនដង្ហែដែលមានក្បាលឧគ្ឃោសនស័ព្ទចំនួន៣គ្រឿង បានស្រែកប្រឆាំងទៅនឹង លោក កឹម សុខា មានខ្លឹមសារសង្ខេបថា លោក កឹម សុខា ជាមនុស្សទីមួយដែលបានប្រមាថទៅជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ក្នុងគុកទួលស្លែង ។ លោក កឹម សុខា និយាយបែបនេះ គឺគាំទ្រនូវរបបខ្មែរក្រហមយ៉ាងពិតប្រាកដ ។ លោកកឹម សុខា ត្រូវតែសារភាពសុំខមាទោសដួងវិញ្ញណក្ខន្ធជនរងគ្រោះដែលបានស្លាប់ក្នុងគុកទួលស្លែង ។ លោកកឹម សុខា ជាមនុស្សវង្វេងជាតិ វង្វេងប្រវត្តិសាស្ត្រ ។ គុកទួលស្លែងគឺជាគុកធ្វើទារុណកម្មរបស់របបប្រល័យពូជសាសន៍ពិតប្រាកដមិនមែនជាការរៀបចំឆាកដូច កឹម សុខា និយាយបែបអគតិឡើយ ។ល។
ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៩ មិថុនា នៅទីប្រជុំជន ក្រុងព្រះវិហារ ខេត្តព្រះវិហារ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈប្រមាណជាង២០០នាក់ បាននាំគ្នាកាន់បដា បង្ហែក្បួនបាតុកម្មអហិង្សាមួយរយៈពេល២ម៉ោងចាប់ពីម៉ោង៧និង៣០នាទី ដោយមានការហែក្បួនបាតុកម្ម នៅក្នុងក្រុងព្រះវិហារ ព្រមទាំងស្រែកអាក្រោះថ្លោលទោស លោក កឹម សុខា លាន់កងរំពង ។ លោកតា ថោ ជ មានវ័យ៧៥ឆ្នាំ បានបញ្ជាក់ថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិស្តីទី គឺជាមនុស្សក្បត់ឧត្តមគតិ ដោយបានលើកឡើងថា គុកទួលស្លែង គឺជាកន្លែងសិប្បនិម្មិតនេះ គឺជាការប្រមាថដល់វិញ្ញាណក្ខន្ធពលរដ្ឋខ្មែរស្លូតត្រង់ ដែលរងការកាប់សម្លាប់ពីរបប ប៉ុល ពត ពិតៗដែលក្នុងនោះ លោកតា ថោ ជ បានលើកឡើងថា នៅក្នុងរបបប៉ុល ពត លោកតាក៏ត្រូវបានបាត់បង់បងប្អូនជាច្រើនផងដែរ ដោយសារ ប៉ុល ពត សម្លាប់ ។
លោកតា ម៉ឹង ស៊ីវ៉ាន អាយុ៧៦ឆ្នាំរស់នៅក្រុងព្រះវិហារបានបញ្ជាក់ថា លោក កឹម សុខា ត្រូវតែសុំទោសដល់វិញាណក្ខន្ធពលរដ្ឋខ្មែរដែលបានស្លាប់រាប់លាននាក់ ដោយសារការកាប់សម្លាប់ពីសំណាក់របបប៉ុល ពត ។ ពួកគេស្រែកថា កឹម សុខា ជាមនុស្សធុនអន់រកលេខដាក់គ្មាន ។
ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋប្រមាណជិត២.០០០នាក់ បានធ្វើបាតុកម្មដើម្បីទាមទារ ឱ្យលោកកឹម សុខា ត្រូវតែសុំទោស បើពុំនោះទេក្បួនបាតុកម្មនឹងធ្វើបន្តទៀត ល្គឹកណាទាល់តែមានការសុំទោសសារភាពកំហុសរបស់ខ្លួន ។
ចំពោះប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងបាតុកម្មអហិង្សានាព្រឹកថ្ងៃទី៩ មិថុនា នេះ គឺមកពីតាមបណ្តាសង្កាត់ទាំង៤ក្នុងក្រុងកំពង់ចាម ក្នុងនោះមានដូចជា សង្កាត់បឹងកុក សង្កាត់កំពង់ចាម សង្កាត់វាលវង់ និងសង្កាត់សំបួរមាស ព្រមទាំងមន្ត្រីរាជការសរុបប្រមាណជិត២.០០០នាក់ ដោយនៅក្នុងដៃមានកាន់បដាសរសេរអក្សរ «បដិសេធជនអគតិ កឹម សុខា ,កឹម សុខា ត្រូវទទួលខុសត្រូវលើសម្តីដ៏ស្អុយអសោចរបស់ខ្លួន ។ កឹម សុខា ជាក្រពើវង្វេងបឹង ។ កឹម សុខា ជាប៉ុល ពត ជាដើម ។
លោកចាន់ ផល្លី អភិបាលរងក្រុងកំពង់ចាម មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលបានមកចូលរួមធ្វើបាតុកម្មអហិង្សានេះ មិនមានការបង្ខិតបង្ខំណាមួយនោះទេ គឺកើតចេញពីការភ្ញាក់រលឹកខ្ពស់តែម្តង ព្រោះពួកគាត់បានរស់នៅឆ្លងកាត់របបប៉ុល ពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ។ កន្លែងធ្វើបាតុកម្មនេះគឺស្ថិតនៅចម្ងាយប្រមាណជា៣០០ម៉ែត្រ ពីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅក្នុងសង្កាត់សំបួរមាស ។ លោកវរសេនីយ៍ឯក ហេង សម្បត្តិ ស្នងការរងនគរបាលខេត្តទទួលផែនសេនាធិការមានប្រសាសន៍តាមទូរស័ព្ទឱ្យដឹងដែរថា នៅតាមបណ្តាស្រុក-ក្រុងទាំង១៧របស់ខេត្តកំពង់ចាម មានអ្នកចូលរួមធ្វើបាតុកម្មរហូតដល់ទៅចំនួន៣១.៣៨៧នាក់ ក្នុងនោះព្រះសង្ឃមានចំនួន២០អង្គ ។
ខេត្តកំពង់ធំ ៖ នៅថ្ងៃទី៩ មិថុនា ប្រជាពលរដ្ឋខេត្តកំពង់ធំ ប្រមាណជាង១.០០០នាក់ បាននាំគ្នាធ្វើបាតុកម្មថ្កោលទោសប្រឆាំងនឹងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលនិយាយប្រឌិតមិនទទួលខុសត្រូវនូវសម្តីរបស់ខ្លួនថា គុកទួលស្លែងគឺជាគុកសិប្បនិមិត្តដែលបង្កើតឡើងដោយវៀតណាម សម្រាប់បំភាន់ភ្នែកអន្តរជាតិ ។ ពាក្យសម្តីប៉ុន្មានម៉ាត់នេះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរយើងគ្រប់ស្រទាប់វណ្ណៈមានការក្តៅក្រហាយយ៉ាងខ្លាំង ចំពោះការបំភ្លៃប្រវត្តិសាស្ត្រ តួយ៉ាងដូចលោកកឹម សុខា ខួរក្បាលវង្វេង និងឡប់សតិនេះដែលភ្លេចខ្លួនថានៅក្នុងរបបពេជ្ឈឃាត ឃាតករអាវខ្មៅ ប៉ុល ពត រយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃបនប្រល័យពូជសាសន៍បានកាប់សម្លាប់ប្រជាជាតិឯងអស់ជាង៣លាននាក់ សូម្បីតែសាច់ញាតិផ្ទាល់របស់កឹម សុខា ក៏បានបាត់បង់ជីវិតនាសម័យដ៏ព្រៃផ្សៃនិងយង់ឃ្នងនោះដែរ ។ ករណីនេះឌុច ដែលជាមេគុកទួលស្លែងក៏បានសារភាពនូវទោសកំហុសរបស់ខ្លួនចំពោះមុខជនរួមជាតិ និងអន្តរជាតិផងដែរ ។
បាតុកម្មអហិង្សារបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំបាននាំគ្នាដង្ហែក្បួនមកឈប់នៅចំពីមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលមានទីតាំងស្ថិតក្នុងភូមិកំពង់រទេះ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីសូមឱ្យលោកកឹម សុខា អុជធូប សុំខមាលទោសចំពោះវិញ្ញាណក្ខន្ធជនរួមជាតិដែលបានស្លាប់បាត់បង់ជីវិតយ៉ាងអយុត្តិធម៌ នាសម័យនោះ ។
ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋចំនួនជាង១.៣០០នាក់ ក្នុងនោះស្រីចំនួនជាង៥០០នាក់ បានដើរដង្ហែក្បួនបាតុកម្មប្រឆាំងតវ៉ានិងថ្កោលទោសជំទាស់នឹងសម្តីលោក កឹម សុខា ដែលបាននិយាយយ៉ាងងងើលពកថ្ងាសថា គុកទួលស្លែង ជាកន្លែងសិប្បនិមិត្ត ។ ក្បួនដង្ហែចាប់ផ្តើមនៅព្រឹកនៅថ្ងៃទី៩ មិថុនា ចេញពីផ្សារបានលុងធ្វើដំណើរតាមផ្លូវជាតិលេខ៧៨A និងផ្លូវនានា ជុំវិញក្រុងបានលុង កាត់តាមសង្កាត់ទាំងបី សង្កាត់ឡាបានសៀក សង្កាត់កាចាញ និងសង្កាត់អូរកន្សែង ហើយឆ្ពោះទៅទីលានកីឡដ្ឋានខេត្ត ។
ប្រជាពលរដ្ឋបានស្រែក បញ្ជាក់ពីទឹកចិត្តមិនអាចបំភ្លេចបាននូវរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ តែលោកកឹម សុខា បែរជានិយាយថា គុកទួលស្លែងដែលជាភស្តុតាងមួយនៃការកាប់សម្លាប់ថា ជាគុកសប្បនិមិត្តទៅវិញ ។ លោកកឹម សុខា ជាមនុស្សក្បត់ឧត្តមគតិនិងក្បត់ប្រជាពលរដ្ឋ ។
ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋដែលរស់រានសល់ពីសម័យប្រល័យពូជសាសន៍ប៉ុល ពត បានមកប្រមូលផ្តុំគ្នានៅជិតរង្វង់មូលគោព្រៃប្រមាណជាង២.០០០នាក់ ដោយមានលើកស្លាកបដាទាមទារឱ្យលោកកឹម សុខា ត្រូវធ្វើការសុំខមាលទោសចំពោះសម្តីប្រមាថរបស់ខ្លួនទៅលើមន្ទីរឃុំឃាំងស២១ ឬគុកទួលស្លែង ។
ការមកជួបជុំគ្នានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៩ មិថុនា ដោយមានការអញ្ជើញចូលរួមជាច្រើនកុះករផងដែរ ពីថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ។ ប្រជាពលរដ្ឋបានមកចូលរួមក្នុងមហាបាតុកម្មបាននិយាយថា ពួកគាត់ពិតជាពុំសុខចិត្តទេ ខណៈណាលោកកឹម សុខា ប្រធានស្តីទីបក្សសង្គ្រោះជាតិស្អីគេនោះពុំប្រារព្ធពិធីសុំខមាលទោសនៅទីកន្លែងអតីតគុកដ៏សាហាវដែលបានសម្លាប់ពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់ ។ ក្រុមប្រជាពលរដ្ឋក៏បានបន្តថា ប្រសិនបើកឹម សុខា ពុំរួសរាន់ទៅធ្វើពិធីសុំខមាលទោសនៅគុកទួលស្លែងទេ នោះនឹងមានមហាបាតុកម្មជាបន្តបន្ទាប់ជាក់ជាមិនខាន ។
ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋជាង១ពាន់នាក់មកពី៥សង្កាត់ក្នុងក្រុងក្រចេះបានមកចូលរួមធ្វើមហាបាតុកម្មដែលបានប្រព្រឹត្តទៅមានរយៈពេល២ម៉ោង ចាប់តាំងពីម៉ោង៧ដល់ម៉ោង៩ព្រឹក ថ្ងៃទី៩ មិថុនា ដោយមានការដើរដង្ហែក្បួនលើចម្ងាយផ្លូវជាង១គីឡូម៉ែត្រ ពីពហុកីឡដ្ឋានខេត្ត ឆ្ពោះទៅកាន់គណបក្សសង្គ្រោះជាតិ ដែលមានទីតាំងនៅសង្កាត់អូរឫស្សី ក្រុងក្រចេះ ។ អភិបាលក្រុងក្រចេះ លោកហង្ស ចាន់ឌី បានឱ្យដឹងថា បាតុករបានរំសាយក្រោយរយៈពេល២ម៉ោង បន្ទាប់ពីមានការដង្ហែក្បួនរួចមក។ លោកអភិបាលក្រុងបានបញ្ជាក់ថា ការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋនេះ គឺមិនមែនជាឧត្តមគតិ ឬគោលនយោបាយរបស់គណបក្សនយោបាយណាមួួយនោះទេ វាជាឆន្ទៈរបស់ប្រជាពលរដ្ឋសុទ្ធសាធ ។
ប្រជាពលរដ្ឋនិយាយថា ការធ្វើបាតុកម្មនេះ គឺដោយសារពួកគាត់មិនពេញចិត្តទៅនឹងពាក្យសម្តីរបស់លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលនិយាយថា គុកទួលស្លែង ជាគុកសប្បនិមិត្តដែលជាឆាក ។ ក្នុងទិដ្ឋភាពនៃការដើរធ្វើបាតុកម្មជាក្បួននាព្រឹកនេះ ប្រជាពលរដ្ឋខ្លះបានដើរកាន់បដា សរសេរអក្សរ និងស្រែកតាមឧគ្ឈោសនស័ព្ទ ដឹកតាមម៉ូតូនិងរថយន្តដោយស្រែក ទាមទារ ជាច្រើនចំណុចចោទលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិថា ជាអ្នកនយោបាយវង្វេងប្រវត្តិសាស្ត្រ ជាជនអគតិ ។
ខេត្តព្រះសីហនុ ៖ នៅទីលានសាធារណៈអតីតមហោស្រពចាស់ ស្ថិតនៅសង្កាត់ទី២ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៩ មិថុនា ប្រជាពលរដ្ឋក្រុងព្រះសីហនុ ចំនួន៤សង្កាត់ រួមជាមួយតំណាងប្រជាពលរដ្ឋមកពីស្រុកស្ទឹងហាវ ចំនួន៣ឃុំ បានមកជួបជុំគ្នានៅមុខទីតាំងខាងលើនេះ ដោយទឹកមុខក្រៀមក្រំ និងមានកាន់ផ្ទាំងបដាដែលសរសេរប្រឆាំងដាច់ខាតទៅនឹងលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលបានថ្លែងថា គ្មានគុកទួលស្លែងដែលជាកន្លែងធ្វើទារុណកម្មសម្លាប់ប្រជាពលរដ្ឋនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ។
លោកបណ្ឌិតជិន សារិន អភិបាលក្រុងព្រះសីហនុ មានប្រសាសន៍ឱ្យដឹងថា បាតុកម្មអហិង្សាដែលប្រជាពលរដ្ឋនាំគ្នាប្រមូលផ្តុំធ្វើលើទីតាំងខាងលើនេះ មានប្រជាពលរដ្ឋចូលរួមប្រមាណ២.០០០នាក់ និងមានសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ ចូលរួមការពារ និងសម្រួលលើទីតាំងខាងលើនោះប្រមាណ១០០នាក់ផងដែរ ។ លោកបន្ថែមទៀតថា នៅឯស្រុកព្រៃនប់ ក៏មានធ្វើពិធីបាតុកម្មអហិង្សា ប្រឆាំងនឹងលោក កឹម សុខា នៅថ្ងៃនេះដូចនៅក្រុងព្រះសីហនុផងដែរ ដោយមានប្រជាពលរដ្ឋចូលរួមចំនួន១.៤០០នាក់ ។
នៅក្នុងឱកាសនោះតំណាងបាតុករ បានឡើងមានមតិទាំងខ្សឹកខ្សួល លាយឡំដោយភ្លើងកំហឹងបញ្ជាក់យ៉ាងដាច់ខាត យើងមកជួបជុំគ្នានាពេលនេះគឺដើម្បីសម្តែងនូវការឈឺចាប់ និងប្រឆាំងដាច់ខាត ចំពោះលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលបាននិយាយក្តែងៗថា «គុកទួលស្លែង កន្លែងធ្វើទារុណកម្មប្រជាពលរដ្ឋ និងសម្លាប់រង្គាល ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត គឺជាកន្លែងសិប្បនិមិត្តឆាក ។ តំណាងប្រជាពលរដ្ឋបានលើកឡើងថា សម្តីលោកកឹម សុខា មានន័យមាក់ងាយ មិនអាចប្រកែកបានមកលើវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពិសេសគឺអ្នកដែលបានស្លាប់ នៅក្នុងគុកទួលស្លែងតែម្តង ។
លោកឈុន វណ្ណារ៉េត មេឃុំកំពេញ និងលោកហាក់ មេ៉ង មេឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដែលមានវត្តមាន នៅក្នុងក្រុមបាតុករ នាពេលនេះបានលើកឡើងថា សម្តីលោកកឹម សុខា ដែលនិយាយថា «គុកទួលស្លែងសិប្បនិមិត្តហើយរបបកម្ពុជាប្រជាធិបតេយ្យ គឺជាឆាកល្ខោន ដែលយួនកុម្មុយនីស្ត បានរៀបចំទុក «គឺជាពាក្យសម្តីបង្កប់ន័យចាក់ដោត និងមានចរិកនយោបាយយង់ឃ្នង គួរឱ្យព្រឺព្រួចណាស់ ។ អ្នកនយោបាយដែលមិនទទួលស្គាល់ការពិតបែបនេះគឺពិតជាសាហាវណាស់ ដែលសម័យនេះទៅហើយ ជាសម័យប្រជាធិបតេយ្យ សេរីពហុបក្ស នៅមានអ្នកនយោបាយដូចលោកកឹម សុខា ដែលមានខួរក្បាលរបស់ខ្មោចមេឃាតករប៉ុល ពត មកសាបព្រោះក្នុងបរិបទនយោបាយកម្ពុជា នាពេលបច្ចុប្បន្នបន្តទៀតយ៉ាងដូច្នេះ ។
ខេត្តបាត់ដំបង ៖ មនុស្សជាង២០០នាក់ ដែលភាគច្រើនមានវ័យចំណាស់ បានចូលរួមធ្វើបាតុកម្មអហិង្សាប្រឆាំងលោកកឹម សុខា នៅព្រឹកថ្ងៃទី៩ មិថុនា ដែលបានជួបជុំគ្នានៅក្នុងបរិវេណ«វត្តពោធិ៍ក្នុង» ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខុសពីការគ្រោងទុកដែលថានឹងមានមនុស្សដល់ទៅ១.០០០នាក់ ចូលរួមក្នុងបាតុកម្មអហិង្សានេះ ។
អ្នកដឹកនាំក្រុមបាតុកម្ម លោកសាត់ សុកខុំ អតីតមន្ត្រីមន្ទីរកសិកម្មចូលនិវត្តន៍បានអានសេចក្តីថ្លែងការណ៍របស់ខ្លួនទៅកាន់អ្នកចូលរួមថា គោល
ចែករំលែកព័តមាននេះ