រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី៩មិថុនា ប្រជាពលរដ្ឋរាប់ម៉ឺនរាប់សែននាក់នៅទូទាំងប្រទេស បានធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា ដើម្បីឱ្យសុំទោសចំពោះព្រលឹងអ្នកដែលបានស្លាប់កាលពីជំនាន់ ប៉ុល ពត ក្នុងគុកទួលស្លែង ចំពោះពាក្យសម្តីដែលថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត ។
អ្វីដែលជាការគួរឱ្យកត់សម្គាល់នោះ គឺនៅក្នុងហ្វូងបាតុកររាប់ពាន់នាក់ នៅរាជធានីភ្នំពេញ ដែលបានដង្ហែយកញត្តិទៅកាន់ស្នាក់ការគណបក្សសង្គ្រោះជាតិ ស្ថិតនៅតាមផ្លូវលេខ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ស្ត្រីម្នាក់ឈ្មោះ កែវ សុវណ្ណារី ដែលអះអាងថាជាប្រពន្ធចុងរបស់លោក កឹម សុខា ព្រមទាំងម្តាយក៏បានជូនកូនស្រីមកចូលរួមបាតុកម្មដែរ និងបានចាត់ទុកលោក កឹម សុខា ជាមនុស្សបោកប្រាស់ និយាយគ្មានការពិត ហើយបោះបង់ប្រពន្ធ និងកូនចោល ដោយមិនទទួលខុសត្រូវ ព្រមទាំងបានកាន់បដាមួយដែលសរសេរថា «លោកកឹម សុខា ចេញមុខការពាររបបប្រល័យពូជសាសន៍»។
វត្តមានប្រពន្ធចុងលោក កឹម សុខា នេះត្រូវគេដឹងថា បន្ទាប់ពីគាត់បានប្តឹងលោក កឹម សុខា ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០១៣ សុំទាមទារប្រាក់ចំនួន១ម៉ឺនដុល្លារ ដើម្បីចិញ្ចឹមជីវិត ព្យាបាលជំងឺ និងចិញ្ចឹមកូន ប៉ុន្តែលោក កឹម សុខា គេចមុខរហូតមិនបានបង្ហាញខ្លួនដោះស្រាយបញ្ហាទេ ។ បន្ទាប់ពីមានការលេចមុខស្ត្រីដែលអះអាងថា ជាប្រពន្ធចុងរបស់លោក កឹម សុខា មក សមត្ថកិច្ច និងអាជ្ញាធរខណ្ឌទួលគោក ក៏បានដឹកតាមរ៉ឺម៉កម៉ូតូនាំទៅសាកសួរនៅអធិការដ្ឋាន ។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីដែលអះអាងថា ជាប្រពន្ធចុង រួមទាំងម្តាយផង បានលាតត្រដាងពីប្រវត្តិស្នេហ៍បោកប្រាស់នេះពីសំណាក់លោក កឹម សុខា និងបានយករូបថតអនុស្សាវរីយ៍មកបង្ហាញជាភ័ស្តុតាងផងដែរ គឺរូបថតរួមគ្នាតែ២នាក់នៅមុខប្រាសាទអង្គរវត្ត ដែលពេលនោះតាមមើលទៅគឺស្នេហាប្រហែលជានៅផ្អែមល្ហែមនៅឡើយ ។ លោកស្រី កែវ សុវណ្ណារី អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បាននិយាយទាំងទឹកភ្នែកប្រាប់កោះសន្តិភាពដោយឥតលាក់លៀមថា លោកស្រីជាប្រពន្ធចុងរបស់លោក កឹម សុខា តែត្រូវលោក កឹម សុខា បោះបង់គាត់ និងកូន២នាក់ឱ្យនៅមេម៉ាយ និងកំព្រាឪពុក អត់មានអាល័យបន្តិចសោះ ។
លោកស្រី កែវ សុណ្ណារី រៀបរាប់ទៀតថា គាត់មានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា តាំងពីឆ្នាំ១៩៩៩ ដោយពុំបានចុះសំបុត្រអាពាហ៍ពិពាហ៍ទេ គឺស្នេហាចិត្តនិងចិត្ត ។ ការរស់នៅជាមួយគ្នាបានកូនចំនួន២នាក់ គឺស្រីម្នាក់និងប្រុសម្នាក់ ។ តាមពាក្យបណ្តឹងឱ្យដឹងថា ក្នុងអំឡុងពេលរស់នៅជាមួយគ្នានោះ គាត់មានផ្ទៃពោះ៣ខែ តែជាអកុសលមានជំងឺបេះដូង ក៏វះកាត់ ហើយកូននោះក៏រលូតបាត់ទៅ ។ លុះក្រោយមក គាត់និងលោក កឹម សុខា បានឯកភាពគ្នាសុំកូនគេចំនួន២នាក់យកមកចិញ្ចឹម ក្នុងនោះស្រីម្នាក់ និងប្រុសម្នាក់ដែលពេលនេះកូនស្រីអាយុ១០ឆ្នាំ និងកូនប្រុសអាយុ៨ឆ្នាំ ។ ការរស់នៅជាមួយគ្នាកំពុងផ្អែមល្ហែម ក្រោយមកត្រូវប្រពន្ធដើមដឹងក៏បានរករឿងគំរាមសម្លាប់ ហើយលោក កឹម សុខា បានចុះចោលគាត់បែកផ្លូវគ្នាទៅ អត់មានលាមួយម៉ាត់ ។ ការរស់នៅជាមួយគ្នានោះ ត្រូវនាងនិយាយថា លោក ចៅ ផល្លី និងលោក ញឹក ប៊ុនឆៃ បានដឹងឮផងដែរ ។
ស្ត្រីដែលអះអាងថា ជាប្រពន្ធចុង និងម្តាយឈ្មោះ សម ផល្លា ឱ្យដឹងទៀតថា ពេលរស់នៅជាមួយគ្នានោះ លោកកឹម សុខា បានបោកប្រាស់លួងលោមឱ្យលក់ដី និងផ្ទះគាត់១កន្លែងនៅភូមិស្វាយតាអុក ដែលបច្ចុប្បន្នស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌមានជ័យ យកប្រាក់ស៊ីចាយអស់។ លោកស្រី កែវ សុវណ្ណារី និយាយថា គាត់មានការឈឺចាប់ណាស់ក្នុងនាមជាប្រពន្ធចុងព្រោះលោក កឹម សុខា ជាមនុស្សបោកប្រាស់ ជាមនុស្សនិយាយគ្មានការពិត ហើយបោះបង់គាត់ និងកូនចោលទុកឱ្យគាត់ដែលមានជំងឺប្រចាំកាយរស់នៅចិញ្ចឹមកូនយា៉ងវេទនាបំផុត ។ ស្ត្រីជាប្រពន្ធចុងរៀបរាប់ទាំងទឹកភ្នែកថា ដោយសារតែភាពមិនទទួលខុសត្រូវនេះ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៣ គាត់អស់ចិត្តក៏បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ តាមរយៈរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ទាមទារប្រាក់ឧបត្ថម្ភដើម្បីចិញ្ចឹមជីវិត ព្យាបាលជំងឺ និងទាមទារជំងឺចិត្តចំនួន១ម៉ឺនដុល្លារ តែលោក កឹម សុខា ពុំចូលខ្លួនដោះស្រាយគ្នាទេ គឺគេចមុខរហូត ។
លោកស្រី កែវ សុវណ្ណារី រៀបរាប់ទៀតថា លោក កឹម សុខា ដែលបាននិយាយថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិតគឺផ្ទុយពីការពិត ។ ក្នុងនាមជាប្រជាពលរដ្ឋ និងក្នុងនាមគាត់ជាប្រពន្ធទី២ ដែលលោក កឹម សុខា បោះបង់ចោល និងមិនទទួលខុសត្រូវ គាត់មានការឈឺចិត្តក៏បានធ្វើដំណើរមកចូលរួមធ្វើបាតុកម្មប្រឆាំងលោក កឹមសុខា តែម្តង គោលបំណង គឺចង់ឱ្យលោក កឹម សុខា ទទួលស្គាល់ការពិត សុំទោសព្រលឹងប្រជាពលរដ្ឋស្លូតត្រង់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម និងឱ្យចេះទទួលខុសត្រូវចំពោះប្រពន្ធកូនផង ។
នៅក្នុងពាក្យបណ្តឹង ត្រូវបានលោកស្រី កែវ សុវណ្ណារី ឱ្យដឹងថា នៅពេលដែលគាត់មានបញ្ហាសុខភាពមិនអាចតម្រូវការបំពេញផ្លូវភេទបាន លោក កឹម សុខា បានទៅរកសេវាផ្លូវភេទនៅខាងក្រៅ ធ្វើឱ្យគាត់មានការឈឺចាប់ ស្ទើរក្អួតឈាម ដែលពេលខ្លះលោកប្តីនាំស្រីមកដេកក្នុងផ្ទះជាច្រើនលើក ធ្វើបាបផ្លូវចិត្តនាងរហូតទៅបួសជាដូនជីរយៈពេល១ខែនៅក្នុងវត្តក្តោង ភ្នំសំពៅ ខេត្តបាត់ដំបង ។ គាត់រៀបរាប់ទៀតថា លុះក្រោយមក លោក កឹម សុខា បានទៅយកគាត់មករស់នៅឯភ្នំពេញវិញ ដោយសន្យាថា ឈប់ធ្វើបាបចិត្តទៀតហើយ និងផ្តល់ប្រាក់ដើម្បីព្យាបាល និងចិញ្ចឹមកូន ប៉ុន្តែឱ្យប្រាក់បានតែ៣០០ដុល្លារ ក៏ដេញឱ្យត្រឡប់ទៅខេត្តវិញ ហើយបានបោះបង់គាត់ និងកូនចោលរហូតមក ទុកឱ្យរស់នៅទាំងក្តីឈឺចាប់។ កោះសន្តិភាពមិនអាចរកការបំភ្លឺពីលោក កឹម សុខា បាននៅឡើយទេ ជុំវិញការលាតត្រដាងទាំងនេះ ៕
ចែករំលែកព័តមាននេះ