ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូរ​​មិន​​​ដូរ​​?​ ​ដូរ​.​.. ​សម្ដេច​​តេ​ជោ​ ៖ ​ខ្ញុំ​​ពិត​ជា​​ដូរ​​មែន​ ដូរ​​ពី​​អាណត្ដិ​​ទី​​៤​​ទៅ​​ជា​​នាយក​​រដ្ឋ​មន្ដ្រី​​អាណត្ដិ​​ទី​៥​

12 ឆ្នាំ មុន

ខេត្ត​​កណ្តាល ​៖ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​​ បាន​មាន​ប្រសាសន៍​លើក​យក​សម្តី​បក្ស​ប្រឆាំង​ដែល​និយាយ​ថា ​ដូ​រ​ទៅ​ៗ…។ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​មាន​ប្រសាសន៍​ថា​«ខ្ញុំ​ពិត​ជា​ដូរ ​ខ្ញុំ​ដូរ​ពី​នាយក​រដ្ឋ​មន្ត្រី​​អាណត្តិ​ទី​៤ ទៅជា​នាយក​រដ្ឋ​មន្ត្រី​អាណត្តិ​ទី​៥»។

ខេត្ត​​កណ្តាល ​៖ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​​ បាន​មាន​ប្រសាសន៍​លើក​យក​សម្តី​បក្ស​ប្រឆាំង​ដែល​និយាយ​ថា ​ដូ​រ​ទៅ​ៗ…។  ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​មាន​ប្រសាសន៍​ថា​«ខ្ញុំ​ពិត​ជា​ដូរ ​ខ្ញុំ​ដូរ​ពី​នាយក​រដ្ឋ​មន្ត្រី​​អាណត្តិ​ទី​៤ ទៅជា​នាយក​រដ្ឋ​មន្ត្រី​អាណត្តិ​ទី​៥»។

សម្តេច​អគ្គម​ហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​មានប្រសាសន៍​បែប​នេះ​ នា​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា ​​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​​ដ៏​ខ្ពង់​ខ្ពស់​នៅ​ក្នុង​ពិធី​​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​​វិទ្យា​ល័យ​សម្តេច​តេជោ ​ហ៊ុន សែន ព្រែក​​អំបិល​ និង​ផ្លូវ​លំ​ចំនួន​៩​ខ្សែ​ប្រវែង​៩.០០០​ម៉ែត្រ ​នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ​។
សម្តេច​តេជោ​​នាយក​រដ្ឋមន្ត្រី​​បាន​​មាន​ប្រសាសន៍​​ថ្លែង​អំណរ​គុណ​​ចំពោះ​ប្រជា​ពល​រដ្ឋ​​​កម្ពុជា​​​ទូ​ទៅ​​ដែល​​តែង​តែ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជា​ជន​
កម្ពុជា ​។

សម្តេច​មាន​ប្រសាសន៍​បន្ត​ថា ​ការ​បោះ​ឆ្នោត​នៅ​ពេលខាង​មុខ ​គឺជា​ការ​សម្រេច​ជោគ​វាសនា​ខ្លួន​ឯង ​សូម​ប្រជា​ពលរដ្ឋ​ធ្វើ​ការ​ពិចារណា​ឱ្យ​បាន​​ហ្មត់​ចត់​ ព្រោះ​ការ​ផ្លាស់​ប្តូរ​បក្ស​នយោ​បាយ​ ឬការ​ផ្លាស់​ប្តូរ​​នាយក​រដ្ឋមន្ត្រី​​មិនមែន​​ជា​ការ​លេង​សើច​ទេ ​ដូច្នេះ​កុំ​ខឹង​គោ​ទៅ​វាយ​​រទេះ ​។ ​កុំខឹង​មេ​ភូមិ​ មេ​ឃុំ ​​ជំទប់ ប៉ូលិស ​បែរ​ជា​មក​បោះ​ឆ្នោត​​ទម្លាក់​ ជា ស៊ីម ទម្លាក់​ ហេង សំរិន ​​ទម្លាក់​ ហ៊ុន សែន ​​ទម្លាក់​គណបក្ស​ប្រជា​ជន ​ដែល​នេះ​​ជា​រឿង​មួយ​មាន​ស្ថាន​ភាព​ក្រឡាប់​ចាក់​ ។

សម្តេចមាន​ប្រសាសន៍​ពន្យល់ថា ​ការ​បោះ​ឆ្នោត​​មាន​លក្ខណៈ​ខុសគ្នា ​​ព្រោះ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់វា​ប៉ះ​ពាល់​ដល់​សេវា​សាធារណ​ៈ​ត្រឹម​តែ​កម្រិត​ឃុំ​សង្កាត់​តែ​ប៉ុណ្ណោះ ​​ ​ពុំ​មាន​អ្វី​​ធ្ងន់​ធ្ងរ​ទេ ​ហើយ​គណបក្ស​ដែល​មាន​សមាជិក​របស់​ខ្លួន​​ជា​មេ​ឃុំ-​ចៅ​សង្កាត់​ បើ​ឃើញ​ថាមេ​ឃុំ​-​ចៅ​​សង្កាត់​នេះ​ធ្វើ​​ខុស​​ គេ​​អាច​នឹង​ធ្វើ​ការផ្លាស់​​ប្តូរ​មេ​ឃុំ​នោះ​ភ្លាម ​ហើយ​ដាក់​​អ្នក​នៅ​ក្នុង​បញ្ជី​ជំនួស​វិញ ដើម្បី​ឱ្យ​សភា​ព​​ការណ៍​នោះ​មាន​ភាព​ប្រសើរ​ឡើង​វិញ ​។ ​

ចំណែក​ឯកា​រ​បោះ​​ឆ្នោត​ថ្នាក់​ជាតិវិញ គឺ​ជាការ​បោះឆ្នោត​តំណាង​រាស្ត្រ​​ដែល​ជា​លទ្ធ​ផល​ចេញ​មក​ទៅ​ជាការ​ជ្រើស​រើស​នាយក​រដ្ឋមន្ត្រី​ និង​រាជ​រដ្ឋាភិបាល​​ ដែល​ជា​អ្នក​កាច់​ចង្កូត​ប្រទេស​តែម្តង ​។ សម្តេច​តេជោនាយក​រដ្ឋ​មន្ត្រី​សង្ឃឹម​ថា ​បង​ប្អូន​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ដែល​ធ្លាប់​បោះ​ឆ្នោត​​ជូន​គណបក្ស​ប្រជា​ជន​និង​ក្មួយៗ​​ដែល​គ្រប់​​អាយុបោះ​ឆ្នោត​ នឹង​បន្តបោះឆ្នោត​ជូន​គណបក្ស​ប្រជា​ជន​កម្ពុជា ​ដើម្បី​ផ្តល់​លទ្ធ​​ភាព​ដឹក​នាំ​ប្រទេស​​ត​ទៅ​ទៀត​ ។ ​​​សម្តេច​សង្ឃឹម​ថា ​នៅ​ថ្ងៃ​ទី​២៨ កក្កដា ខាងមុខ​នេះ ​បង​ប្អូន​ប្រជា​ពលរដ្ឋ​​នឹង​គូស​លេខ​៤​ដែលមាន​សញ្ញា​ទេ​វតា​បា​ច​​​ផ្កា​ជូន​គណបក្ស​ប្រជា​ជន​ និង​បា​ន​ដល់​​រូប​​​សម្តេច​ ​​​​ធ្វើ​ជា​​នាយក​រដ្ឋ​មន្ត្រី​បន្ត​ទៀត ​។

​រាជ​រដ្ឋាភិបាល​បាន​ខិត​ខំ​ក្នុងការ​ទាក់​ទាញ​វិនិយោគ​ និងគាំ​​ពារ​វិនិយោគ​ដើម្បី​បង្កើត​ការ​​ងារ​​ជូន​ប្រជា​ពលរដ្ឋ​ ។ សម្តេច​បាន​សង្កត់​​ធ្ងន់​ថា ​គ្មាន​​​នរណា​ក្រៅ​ពី​រាជ​រដ្ឋា​ភិបាល​ដែល​បាន​ខិត​ខំ​​​ទាក់​ទាញ​អ្នក​វិនិ​យោគ​និងគាំ​ពារ​វិនិយោគ​ដើម្បី​បង្កើត​ការ​​​ងារ​​ជូន​ប្រជា​ពលរដ្ឋ​ធ្វើ​នោះ​ទេ ​គឺ​ផ្ទុយ​ពី​​​អ្នក​មួយ​ចំនួន​ដែល​ចេះ​តែ​សន្យា​ ឬបំផុស​​ឱ្យ​មាន​ការ​ធ្វើ​កូដ​កម្ម បាតុ​កម្ម​វាយ​បំផ្លាញ​រោង​ចក្រ​​ ដែល​ធ្វើ​ឱ្យ​កម្មករ​ កម្មការិនី​ បាត់​បង់​ការ​ងារ ។ ​សម្តេច​​តេ​ជោ​​មា​នប្រសាសន៍​ថា សម្តេច​មិន​​មាន​ជំនឿ​ថា ​ប្រជា​ពលរដ្ឋ​ដែល​​បាន​រួម​​ចំណែក​ជា​មួយ​គ្នា​​ កម្សត់កម្រ​នោះ​បោះ​បង់​ចោល​សម្តេច​​ ជា ស៊ីម ​សម្តេច​ ហេង សំរិន ​ព្រម​ទាំង​រូប​សម្តេច​ និងគណ​បក្ស​ប្រជា​ជន​ដែល​បាន​ចូលរួម​​ចំណែក​​ រួម​សុខ​ រួម​​ទុក្ខ ជាមួយ​គ្នា​ទាំង​ពី​បាត​ដៃ​ទទេ ​ដើម្បី​រស់រាន​មានជីវិត​​ រួច​ចាក​​ផុត​​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត ​នោះ​ទេ ។

ពាក់​ព័ន្ធ​នឹងការផ្តល់​កម្ម​សិទ្ធិ​ដី​ធ្លី​ជូន​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​ព្រៃលិច​ទឹក​​ដូច​​ជា​ នៅ​ម្តុំ​ស្រុក​ស្អាង ​​ស្រុក​​កោះ​ធំ ​សម្តេច​តេជោ​នាយក​​រដ្ឋ​មន្ត្រី​បាន​ជំរុញ​​ឱ្យ​អាជ្ញាធរ​ដែលមាន​ក្រុម​សុរិយោ​ដី ធ្វើ​ការ​វាស​់​វែង​ដី​​ធ្លី​ជូន​ប្រជា​ពលរដ្ឋ​ជាប្រព័ន្ធ ​ដោយ​មិន​ចាំ​បាច់​កម្លាំងយុ​វ​ជន​ស្ម័​គ្រ​ចិត្ត​ចុះ​​ទៅ​ជួយ​​នោះ​ទេ ​។ សូម​កុំ​ឱ្យ​​ប្រជា​​ពលរដ្ឋ​មានការ​​ព្រួយ​បារម្ភ​ ព្រោះ​ដី​​ដែល​ប្រជា​ពលរដ្ឋ​​កាន់​កាប់​​នោះ​ ពុំ​មាន​​ជាប់​ពាក់​ព័ន្ធ​នឹង​ឡូត៍​​នេសាទ​ទៀត​​ទេ ​រាជ​រដ្ឋាភិបាល​​បាន​លុប​ចោល​​ឡូត៍​​នេសា​ទ គឺ​ដើម្បី​សម្រាប់​ប្រជា​ពលរដ្ឋ ​។

តាម​របាយ​ការណ៍​​​របស់​​លោក​ផៃ ​ប៊ុន​ឈឿន ​អភិបា​ល​ខេត្ត​កណ្តាល​បាន​ឱ្យដឹង​ថា ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ​ព្រែក​អំបិល​ ត្រូវ​បាន​សាង​សង់​ឡើង​វិញ​នៅ​ឆ្នាំ​១៩៨១ ដែល​បាន​ដំណើរ​​ការ​សិក្សា​​ជាផ្លូវ​ការ​​មាន​ឈ្មោះ​ថា ​សាលា​កម្រិត​សិក្សា​ទី​២ ព្រែក​អំបិល ក្រោយ​មក​ជា​អនុ​វិទ្យា​ល័យ​ព្រែក​អំបិល​​ដែល​មាន​សិស្ស​ថ្នាក់​ទី​៥​ចំនួន​៥​ថ្នាក់ ​និង​បុគ្គលិក​​សិក្សា​ចំនួន​៧​នាក់ ។ លោក​អភិបាល​ខេត្ត​បន្តថា ដោយ​មើល​​ឃើញ​​នូវការ​លំបាក​ចំពោះ​មុខ​ក្នុងការ​ដោះ​ស្រាយ​អគារ​សិក្សា​ជូន​ដល់​កូន​ចៅ​ប្រជា​ពលរដ្ឋ​ដែល​សិស្សា​នុសិស្ស​​ចូល​រៀន​កាន់​តែ​​មាន​​ចំនួន​ច្រើន ​ទើប​នៅ​ឆ្នាំ​១៩៩៦ -១៩៩៧ សម្តេច​អគ្គ​មហា​​សេនា​បតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​និងសម្តេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ បាន​ឧបត្ថម្ភ​អគារ​សិក្សា​ចំនួន​២ខ្នង ​​ស្មើ​​នឹង​១០​បន្ទប់ ​និងជួស​ជុល​អគារ​​ចាស់​​១ខ្នង ស្មើ​នឹង​៥​បន្ទប់បន្ថែម​ទៀត​​ ព្រម​ទាំង​បាន​ប្តូរ​​ឈ្មោះ​ទៅ​ជា​អនុ​វិទ្យា​ល័យ​​ហ៊ុន​ សែន ​ព្រែក​អំបិល ។

ដោយ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សម្តេច​តេជោ ​និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​​តាម​រយៈ​លោក​នាយ​ឧត្តម​សេនីយ៍ ឌុល គឿន អនុប្រធាន​ទី​១ គណៈ​អចិន្ត្រៃយ៍​​​គណៈ​ពង្រឹង​មូលដ្ឋានខេត្ត​កណ្តាល​​ គ្រឹះ​ស្ថាន​សិក្សា​នេះ​​​​​​​​​​​​​បាន​ប្តូរ​ឈ្មោះ​ជា​វិទ្យាល័យ​សម្តេច​តេជោ ​ហ៊ុន សែន ​​ព្រែក​អំបិល​​នា​បវេស​ន​កាល​ឆ្នាំ​សិក្សា​២០០៩-២០១០ ។ បន្ថែម​ទៀត​នោះ​ សម្តេច​តេជោ ​បាន​​ផ្តល់​​អគារ​​សិក្សា​ថ្មី​១​ខ្នង ​២​ជាន់ ​ស្មើ​នឹង​១២​បន្ទប់​​ សម្រាប់​សម្រួល​ដល់​ដំណើរ​​ការ​សិក្សា​ ហើយ​ដែល​​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នា​ឱកាស​នេះ ។

នៅ​ក្នុង​ឱកាស​នោះ​ ​ប្រជា​ពល​រដ្ឋ​​​នៅ​ឃុំ​​ត្រើយ​ស្លា ​ក៏​បាន​ទទួល​​ផ្លូវ​លំ​ក្រាល​ថ្ម​ភ្នំ​ចំនួន​​៩​ខ្សែ​មាន​ទទឹង ៤​ម៉ែត្រ និង​ប្រវែង​៩.០០០​ម៉ែត្រ ​ជា​អំណោយ​ដ៏​ថ្លៃ​​ថ្លា​របស់​សម្តេច​តេជោ ​នាយក​រដ្ឋ​មន្ត្រី​ និងសម្តេច​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត ដែល​​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នា​ឱកាស​នេះ​​ដែរ ៕