រាជធានីភ្នំពេញ៖ ហ្វូងបាតុករប្រមាណ២ម៉ឺននាក់ បន្ទាប់ពីជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ខណៈពេលនេះបានបែងចែកជា៣ក្រុមដើម្បីដង្ហែក្បួនទៅកាន់ទីស្នាក់ការបក្សសង្គ្រោះជាតិ៖ ក្រុមទី១ ទៅកាន់ស្នាក់ការបក្សសង្គ្រោះជាតិទឹកល្អក់២ ក្រុមទី២ ទៅកាន់ស្នាក់ការបក្សសង្គ្រោះជាតិអូរបែកក្អម និងក្រុមទី៣ទៅស្នាក់ការបក្សសង្គ្រោះជាតិចាក់អង្រែក្រោម។
ដោយឡែកលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិមិនបានស្ថិតនៅក្នុងទីស្នាក់ការបក្សដែលស្ថិតនៅអគារលេខ៧២-៧៤ ផ្លូវ៥៩៨ សង្កាត់បឹងកក់២ ទេ នាព្រឹកថ្ងៃទី៩ មិថុនា ២០១៣នេះ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ខណៈពេលហ្វូងបាតុករកំពុងធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងត្រៀមធ្វើដំណើរមកកាន់ស្នាក់ការគណបក្សសង្គ្រោះជាតិ គេក៏សង្កេតឃើញពលរដ្ឋមួយចំនួនមកចោមរោមនៅក្បែរទីស្នាក់ការគណបក្សសង្គ្រោះជាតិដើម្បីរង់ចាំមើលស្ថានការណ៍ រីឯសមត្ថកិច្ច មានទាំងស្លៀកពាក់ឯកសណ្ឋាន និងស៊ីវិលក៏បានប្រមូលផ្តុំគ្នានៅជុំវិញស្នាក់ការគណបក្សសង្គ្រោះជាតិផងដែរដើម្បីការពារទប់ស្កាត់បាតុភាពហិង្សាផ្សេងៗ។
សូមបញ្ជាក់ថា ខណៈពេលនេះលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិមិនស្ថិតនៅក្នុងទីស្នាក់ការគណបក្សទេ មានតែអ្នកតំណាងរាស្ត្ររបស់បក្សសង្គ្រោះជាតិមួយចំនួននៅរង់ចាំដោះស្រាយបញ្ហាផ្សេងៗជាមួយបាតុករ៕
ចែករំលែកព័តមាននេះ