ប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការ និងព្រះសង្ឃនៅតាមបណ្តាខេត្ត-រាជធានី រាប់ម៉ឺននាក់ រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តកំពត, កំពង់ចាម, ស្ទឹងត្រែង, ក្រចេះ, ក្រុងប៉ោយប៉ែត, សិរីសោភ័ណ (បន្ទាយមានជ័យ), សៀមរាប, បាត់ដំបង, ប៉ៃលិន, រតនគិរី, មណ្ឌលគិរី, ស្វាយរៀង, ព្រៃវែង, កំពង់ធំ, ឧត្តរមានជ័យ, ព្រះវិហារ, ព្រះសីហនុ, កំពង់ស្ពឺ និងរាជធានីភ្នំពេញ ព្រមទាំងនិស្សិតនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU ក្នុងរាជធានីភ្នំពេញ) កំពុងធ្វើមហាបាតុកម្មអហិង្សាប្រឆាំងតវ៉ាចំពោះការលើកឡើងរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលថា គុកទួលស្លែង គឺជាសិប្បនិមិត្ត ហើយថា ខ្មែរក្រហមមិនសម្លាប់មនុស្ស និងមិនធ្វើទារុណកម្ម ។
ប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការ និងព្រះសង្ឃនៅទូទាំងប្រទេសធ្វើមហាបាតុកម្មតវ៉ានេះបានចាប់ផ្តើមឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៩ មិថុនា ២០១៣ នៅតាមបណ្តាខេត្តនានា ដោយពួកគេស្រែកតវ៉ាថា ប្រឆាំងដាច់ខាតចំពោះការលើកឡើងរបស់លោកកឹម សុខា និងតម្រូវឱ្យលោកកឹម សុខា ធ្វើយ៉ាងណាផ្សះផ្សាផ្លូវចិត្តដល់ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ទើបប្រជាពលរដ្ឋបាត់កំហឹង។ សម្រាប់រាជធានីភ្នំពេញ មានប្រជាពលរដ្ឋជិត២ម៉ឺននាក់ប្រឆាំងតវ៉ានឹងលោកកឹម សុខា ។ រីឯនៅតាមបណ្តាខេត្តនានាមានប្រជាពលរដ្ឋចាប់ពី១.០០០នាក់ឡើងទៅជាង៣ពាន់នាក់… ពួកគេមានបដាក្រណាត់ និងក្រដាសធំៗសរសេរថា លោកកឹម សុខា ត្រូវតែទទួលខុសត្រូវដាច់ខាតចំពោះសម្តីរបស់ខ្លួន, លោកកឹម សុខា កំពុងតែប្រឆាំងនឹងសាលាក្តីខ្មែរក្រហម, លោកកឹម សុខា ជាមនុស្សកំសាកជាងលោកឌុច, លោកកឹម សុខា ចង់កាឡៃភស្តុតាងប្រវត្តិសាស្ត្រ… យើងមិនសុខចិត្តជាដាច់ខាត… ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើនដែលធ្វើមហាតវ៉ានៅថ្ងៃនេះ គឺសុទ្ធសឹងជាអ្នកនៅរស់រានមានជីវិតសល់ពីរបបខ្មែរក្រហម កម្ពុជាប្រជាធិបតេយ្យដែលសម្លាប់មនុស្សធ្វើទារុណកម្ម, បង្អត់អាហារអស់រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ ធ្វើឱ្យប្រជារាស្ត្រស្លាប់ជិត៣លាននាក់ នៅទូទាំងប្រទេស សូម្បីតែនៅក្នុងគុកទួលស្លែងក៏ត្រូវខ្មែរក្រហមសម្លាប់ជនស្លូតត្រង់អស់ជិត២ម៉ឹននាក់ដែរ (នេះជាការសារភាពរបស់កាំង ហ្គេកអ៊ាវ ហៅឌុច មេគុកទួលស្លែង)។
កំហឹងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនីមួយៗ និងរាជធានីភ្នំពេញ សុទ្ធតែស្រែកអាក្រោសតវ៉ាប្រឆាំងនឹងលោកកឹម សុខា ខ្លាំងៗ ព្រមទាំងដង្ហែជាក្បួនចល័តចេញពីកន្លែងមួយទៅកាន់កន្លែងមួយ ជាពិសេសទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិរបស់លោកកឹម សុខា តែម្តង ៕
ចែករំលែកព័តមាននេះ