ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​ប្រជុំ​វិ​សា​មញ្ញ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​​មិន​ទទួល​​ស្គាល់​​ឧក្រិដ្ឋ​កម្ម​សម័យ​ខ្មែរ​ក្រហម​ត្រូវ​បាន​អនុ​ម័ត

12 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ ​៖ ច្បាប់​ថ្មី​ស្តីពី «​ការ​ប្រឆាំង​ការ​មិន​​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម ​ដែល​ប្រព្រឹត្ត​ឡើងក​្នុង​រយៈ​កាល​នៃ​​កម្ពុជា​ប្រជា​ធិប​​តេយ្យ​​» មាន​​១​ជំពូក​និង​៥​មាត្រា​ ត្រូវ​បាន​រដ្ឋ​សភា ​អនុម័ត​ជាឯក​ច្ឆន្ទ​​ដោយ​​សំឡេង​៨៦​លើ​៨៦​​ ​ក្នុងកិច្ច​ប្រជុំ​រដ្ឋ​សភា​វិសាមញ្ញ​ កាលពី​ថ្ងៃ​ទី​៧ មិថុនា ​​​បើ​ទោះ​បី​​ជា​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​បាន​​ព្យាយាម​រា​រាំង​សុំ​ពន្យា​រ​ពេល​​អនុម័ត​ក្តី​ ក៏​គ្មាន​អ្វី​ជា​ឧប​សគ្គ​ទេ។ ​

​រាជ​ធានីភ្នំពេញ ​៖ ច្បាប់​ថ្មី​ស្តីពី «​ការ​ប្រឆាំង​ការ​មិន​​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម ​ដែល​ប្រព្រឹត្ត​ឡើងក​្នុង​រយៈ​កាល​នៃ​​កម្ពុជា​ប្រជា​ធិប​​តេយ្យ​​» មាន​​១​ជំពូក​និង​៥​មាត្រា​ ត្រូវ​បាន​រដ្ឋ​សភា ​អនុម័ត​ជាឯក​ច្ឆន្ទ​​ដោយ​​សំឡេង​៨៦​លើ​៨៦​​ ​ក្នុងកិច្ច​ប្រជុំ​រដ្ឋ​សភា​វិសាមញ្ញ​ កាលពី​ថ្ងៃ​ទី​៧ មិថុនា ​​​បើ​ទោះ​បី​​ជា​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​បាន​​ព្យាយាម​រា​រាំង​សុំ​ពន្យា​រ​ពេល​​អនុម័ត​ក្តី​ ក៏​គ្មាន​អ្វី​ជា​ឧប​សគ្គ​ទេ។ ​

សម័យ​ប្រជុំ​វិសាមញ្ញ​នេះ​ បាន​​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​សម្តេច​អគ្គ​​មហា​ពញា​​ចក្រី​ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​។ ច្បាប់​នេះ​ បានកំណត់​​ដាក់​ទោស​​លើ​ជន​ណា​ក៏​ដោយ​ដែល​មិន​ទទួលស្គាល់​ឧក្រិដ្ឋ​កម្ម ក្នុង​របប​ខ្មែរ​ក្រហម ​ត្រូវ​ផ្ត​ន្ទា​ទោ​ស​ដាក់​​ពន្ធនាគារ​​ពី​៦​ខែ​​ដល់​២​ឆ្នាំ ​និង​ពិន័យ​​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៤​លាន​រៀល ហើយ​បើ​​មិន​រាង​ចាល​ទេ ​នឹង​ពិន័យ​ជា​​ប្រាក់​ពី​៥០​លាន​ដល់​​៥០០​លានរៀល​បន្ថែម​ទៀត ។

កិច្ច​ប្រជុំ​វិសាមញ្ញ​រដ្ឋ​សភា​ កាលពី​ថ្ងៃទី​៧ មិថុនា មិនមាន​វត្តមាន​​​សមាជិក​សភា​គណ​បក្ស​សម​រង្ស៊ី (២៦​រូប) គណបក្ស​សិទ្ធិ​មនុស្ស​ (៣​រូប) និងគណ​បក្ស ​នរោត្តម​ រណឫទ្ធិ (២​រូប) ​​ឡើយ​ គឺមាន​តែ​​ខាង​គណ​បក្ស​ប្រជា​​ជន​កម្ពុជា និង​​គណ​​បក្ស​ហ្វុ៊នស៊ិន​ប៉ិច ។​ ការ​មិន​បង្ហាញ​មុខ​ក្នុងសម័យ​​ប្រជុំ​សភា​របស់​​សមាជិក​​សភា​គណ​បក្ស​ទាំង​បី​​នេះ​ ខណៈ​ពេល​ដែល​​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​​រដ្ឋ​សភា ​សម្រេច​លុប​ឈ្មោះ​និង​បង្ក​​ក​ប្រាក់​​បំណាច់​​របស់​ពួក​គេ​​ដែល​​ក្នុង​ម្នាក់ៗ​ទទួល​បាន​ជិត​១០​លាន​រៀល កាលពី​ថ្ងៃទី​៥ មិថុនា ​ហើយ​ការសម្រេច​នេះបណ្តាល​មក​ពី​សមា​ជិក​សភា ​ទាំង​បី​​គណ​​បក្ស​ខាង​លើ​​​​ ​បាន​ទៅ​ចូល​ជាសមាជិក​​គណបក្ស​សង្គ្រោះ​ជាតិ និង​គណ​បក្ស​​ហ្វុ៊ន​ស៊ិនប៉ិច ជា​បេក្ខជន​​ឈរ​ឈ្មោះ​​បោះ​ឆ្នោត​​​​ជាតិ​​នា​ខែ​​​កក្កដាខាង​មុខ​នេះ ។

យោង​តាម​លិខិត​មួ​យច្បាប់របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី ចំនួន​៧​រូ​ប​​​​ដាក់​​​ជូន​សម្តេច​អគ្គ​មហា​​ពញា​ចក្រី​ ហេង សំរិន
ប្រធា​ន​រដ្ឋ​សភា​ បានស្នើ​សុំ​ពន្យារ​ពេល​ការ​​ពិភាក្សា​​ និង​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​«​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​​ឧក្រិដ្ឋ​កម្ម ដែល​ប្រព្រឹត្ត​​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជា​ធិប​តេយ្យ» នៃកិច្ច​​ប្រជ​ុំ​រដ្ឋ​សភា​វិសាមញ្ញ​នីតិ​កាល​​ទី​៤​ថ្ងៃទី​៧ មិថុនា​ឆ្នាំ​២០១៣ ​។ ការស្នើ​សុំ​ពន្យារ​ពេល​នៃ​កិច្ច​ប្រជុំ​នេះ ​​បាន​​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ មិថុនា ​គឺ​មួយ​ថ្ងៃ​មុន​កិច្ច​ប្រជុំ​រដ្ឋ​សភា​វិសាមញ្ញ​នីតិ​កាល​ទី​៤ នា​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា ​។

ក្រុម​អ្នក​តំណាង​រាស្រ្ត​ទាំង​៧​រូបនៃគណ​បក្ស​ប្រឆាំង​ បាន​ជម្រាប​ជូន​សម្តេច​ប្រធាន​រដ្ឋ​សភា​ថា សូម​សម្តេច​មេត្តា​អនុ​គ្រោះ​ពន្យា​រ​ការ​ប្រជុំ​ពិភា​ក្សា​ និង​អនុ​ម័ត​សេចក្តី​ស្នើ​ច្បាប់​ ស្តី​ពី​«ការ​ប្រឆាំង​​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម ដែល​ប្រ​ព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​​ប្រជា​ធិប​េតយ្យ​» នេះ​យ៉ាង​ហោច​ណាស់ឱ្យ​បាន​ដល់​ក្រោយ​​ការ​បោះឆ្នោត​​ជ្រើស​តាំង​តំណាង​រាស្ត្រ​​ខាង​​មុខ​នេះ​សិន ដើម្បីរដ្ឋ​សភា​អាច​​ធ្វើ​​ច្បាប់​ឱ្យ​បាន​​ត្រឹ​ម​ត្រូវ​ ។ ការស្នើ​ពន្យារ​ពេល​​ប្រជុំ​រដ្ឋ​សភា​វិសាមញ្ញ​នីតិ​កាល​ទី​៤ ថ្ងៃ​ទី​៧ មិថុនា ​​ឆ្នាំ​២០១៣​របស់​តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី ​​​​​នេះ​​មិន​ត្រូវ​បាន​ឆ្លើយ​តប​ពី​សម្តេច​​ពញា​ចក្រី​​ ហេង សំរិន ប្រធាន​រដ្ឋ​សភា​ទេ ។

លោក​ជាម យៀប​ តំណាង​រាស្ត្រ​​​​ខាង​គណ​បក្ស​​​ប្រជា​ជន​កម្ពុជា ​និងជា​ហត្ថ​លេខី ម​ួយ​​រូប​​ក្នុង​ចំណោម​សមាជិក​មកពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ចំនួន​៧​រូប ​ដែល​បាន​រៀប​ចំ​ច្បាប់​ស្តី​ពី​«​ការ​ប្រឆាំង​ការមិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម ដែល​ប្រព្រឹត្ត​​ឡើង ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជា​ធិប​តេយ្យ​» ​មាន​ប្រសាសន៍​ថា​ ច្បាប់​នេះធ្វើ​ឡើង​ក្នុង​គោល​ដៅ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ចង​ចាំ​មិន​ភ្លេច​ពី​ប្រវត្តិ​សាស្ត្រ​ដ៏​ជូរ​ចត់​ពី​អតីត​កាល និងរក​យុត្តិ​ធម៌​​ជូន​ជនរងគ្រោះ​ ខំ​ប្រឹង​ប្រែង​ក្នុងការ​ទប់​ស្កាត់​កុំ​ឱ្យមាន​ការ​កើត​​ឡើង​ជាថ្មី​នូវ​ឧក្រិដ្ឋ​​កម្ម​ប្រល័យ​ពូជ​សាសន៍​ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ឧ​ក្រិដ្ឋ​កម្ម​សង្គ្រាម ស្រប​តាម​ឧប​ករណ៍​គតិ​យុត្ត​​ជាតិ​ និង​​អន្តរ​ជាតិ​ខាងលើ​ ព្រម​ទាំង​ក្នុង​គោល​ដៅ​ប្រឆាំង​កា​រម​ិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជា​ធិបតេយ្យ ។

ក្រុម​​អ្នក​តំណាង​រាស្ត្រ​បាន​បន្ត​ថា« ការ​មិន​ទទួល​ស្គាល់​​ឧក្រិដ្ឋ​កម្មខាង​លើ​​នេះ ​គឺ​ជា​ការ​ប្រមាថ​យ៉ាងធ្ងន់​ធ្ងរ​​ដល់​វិញ្ញាណ​ក្ខន្ធ​អ្នក​ដែល​បាន​បាត​់បង់​ជីវិត ក្នុង​សម័យនោះ និង​ធ្វើ​ឱ្យ​មាន​ការឈឺ​ចាប់​ដល់​គ្រួសារ​ជន​រង​គ្រោះ​​ដែល​​នៅ​រស់​រាន​មាន​ជីវិតរហូតដល់​សព្វ​ថ្ងៃ » ។ ថ្លែង​​ក្នុង​អង្គ​ប្រជុំ​​រដ្ឋ​សភា​​ លោកជាម ​យៀប ​ក៏បាន​លើ​ក​ឡើង​ថា ស្មារតី​គោល​ក្នុងការ​ធ្វើ​ច្បាប់​នេះ​គឺរាល់​ការមិន​ទទួល​ស្គាល់​ ឬការ​សម្រាល​ ឬការ​បដិ​សេធ ឬការជំ​ទាស់​​អត្ថិ​ភាព​នៃ​ឧក្រិដ្ឋ​កម្ម​ ឬ​ការ​​​លើក​តម្កើង​ឧក្រិដ្ឋ​កម្ម ដែល​ប្រព្រឹត្ត​ឡើងក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជាធិប​តេយ្យ​«​មិន​ត្រូវ​​ចាត់​ទុក​ថាជាសេរី​ភាព ក្នុងការបញ្ចេញ​មតិ​ទេ»។

កាលពី​ថ្ងៃទី​២៩​ ឧសភា ​​មានអ្នក​តំណាង​រាស្ត្រ​​​ខាង​គណបក្ស​ប្រជា​ជន​កម្ពុជា​ចំនួន​៦​រូប​ បាន​​ធ្វើ​ញត្តិ​រួម​​មួយ​ដាក់​​ជូន​សម្តេច​​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា គឺ​លោក​សុខ ឥសាន ​លោក​សោម ចិន​ លោក​​ឈុន សារឹម លោក​​ស៊ិក ប៊ុន​ហុក លោក​ហ៊ូ ស្រុី និង​លោក​ស្មាន ទៀត ​​​​​ស្នើសុំ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង សំរិន ប្រធាន​​រដ្ឋ​សភា​​មេត្តា​ពិនិត្យ​និង​ដាក់​​សេចក្តី​ស្នើ​​ច្បាប់​នេះ​ជូន​សម័យ​​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា​ ដើម្បី​​ពិភាក្សា​ និង​អនុ​ម័ត​ចាត់​ទុក​ជា​ការ​​​ប្រញាប់​ផង​ដែរ ។

ច្បាប់​ស្តីពី​«​ការ​​ប្រឆាំង​​​ការ​​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជាប្រជាធិបតេយ្យ »​មាន​ចំនួន​១​ជំពូក​និង​៥​មាត្រា​ក្នុង​នោះ​​មាត្រា​១​ចែងថា​ ច្បាប់​នេះ​មាន​គោល​ដៅ​ផ្តន្ទា​ទោស​​ចំពោះ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​មិន​ទទួល​ស្គាល់​ ឬសម្រាល​ ឬបដិសេធ​ ឬ​ជំទាស់​​អត្ថិ​ភាព​នៃ​ឧក្រិដ្ឋ​កម្ម ឬ​លើក​តម្កើង​​ឧក្រិដ្ឋ​កម្មដែល​ប្រព្រឹត្ត​​ឡើង​ក្នុងរយៈ​កាល​នៃ​​កម្ពុុជា​ប្រជា​ធិបតេយ្យ​ ស្របតាម​បទ​ប្ប​ញ្ញតិ​​្ត​​ព្រហ្ម​ទណ្ឌ និង​បទ​ដ្ឋាន​នានា​ដែល​អនុ​វត្ត​ដោយ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​​ក្នុងតុលាការ​កម្ពុជា ដើម្បី​កាត់សេចក្តី​ឧក្រិដ្ឋ​កម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​​រយៈ​កាល​នៃ​កម្ពុជា​​ប្រជាធិប​តេយ្យ ។

មាត្រា​២​ចែង​ថា ​ម​ិន​ទទួល​ស្គាល់​ ឬសម្រាល​ ឬ​បដិសេធ ​ឬ​ជំទាស់​អត្ថិ​ភាព​​នៃ​ឧក្រិដ្ឋ​កម្ម​ ឬ​លើក​តម្កើង​ឧក្រិដ្ឋ​កម្មដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​ ដែល​ត្រូវ​បា​ន​ទទួល​ស្គាល់​​ដោយ​​ច្បាប់ ឬ​ដោយសេចក្តី​សម្រេច​​​ជាស្ថាពរ​របស់តុលាការ​ដែល​អានុ​ភាព​​អនុវត្ត​នៅ​លើ​ទឹក​ដី​​នៃ​ព្រះរាជា​​ណាចក្រ​​កម្ពុជា​ គឺ​ជា​​បទ​មិន​​ទទួ​ល​ស្គាល់​ជា​សាធារណៈ​នូវ​បទ​ឧក្រិដ្ឋ​​​កម្ម ដែល​ប្រព្រឹត្ត​​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​​ប្រជា​ធិប​តេយ្យ ។ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​​ពី​៦​ខែ​ទៅ២​ឆ្នាំ​ និងពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀលទៅ​៤លាន​រៀល​ បទ​មិន​ទទួល​ស្គាល់​ជា​សាធារណៈ​នូវ​បទ​​ឧក្រិដ្ឋ​កម្ម ដែល​ប្រ​ព្រឹត្ត​ឡើង​ក្នុងរយៈ​កាលនៃ​កម្ពុជា

ប្រជាធិបតេយ្យ​តាម​មធ្យោ​បាយ​ណាមួយ​ដូច​ខាងក្រោម ៖
​ទី​១-​តាម​សម្តី​ទោះ​ជា​ប្រភេទ​ណា​ក៏​ដោយ​ដែល​បញ្ចេញ​នៅទី​សាធារណៈ ឬ​នៅ​ក្នុង​សាល​ប្រជុំ​សាធារណៈ ។
ទី​២-​តាម​លិខិត​ ឬ​គំនូរ​ទោះ​ជា​ប្រភេទ​ណា​ក៏​ដោយ​ដែល​ផ្សព្វ​ផ្សាយ​​ក្នុង​ចំណោម​សាធា​រណជន ឬ​ដាក់​តាំង​ឱ្យ​សាធារ​ណ​ជន​​​មើល​ ។ ​ទី៣-​តាមគ្រប់​មធ្យោ​បាយ​ទូរ​គមនាគមន៍​ សោត​ទស្សន៍​ សម្រាប់​សាធារណ​ជន ។​
មាត្រា​៣​ ចែង​ថា​ ចំពោះ​បទ​ល្មើស​ខាង​លើ​ទោស​បន្ថែម​ដែល​មានចែង​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ​ដូច​ខាង​ក្រោម​នេះ​អាច​ត្រូវ​បាន​ប្រកាស​ៈ​
១-ការ​បិទ​ផ្សាយ​សេចក្តី​​​​​​​​​​​​សម្រេច​​​ផ្ត​ន្ទា​ទោស។
២-​ការ​ផ្សាយ​សេចក្តី​សម្រេច​ផ្តន្ទា​ទោស​នៅ​ក្នុង​សារ​ព័ត៌​មាន​​ ។
៣-​ការ​ផ្សាយសេចក្តី​សម្រេច​ផ្តន្ទា​ទោស​តាម​គ្រប់​មធ្យោ​បាយ​ទូរគមនាគមន៍​សម្រាប់​រយៈ​ពេល​៨​ថ្ងៃ​​យ៉ាង​ច្រើន ។​

មាត្រា​៤ បាន​ចែង​ដែរ​ថា​ នីតិ​បុគ្គល​​អាច​​ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្ម​ទណ្ឌ​តាម​លក្ខខណ្ឌ​​ដែល​​​បានចែង​ក្នុង​មាត្រា​៤២ (ការ​ទទួលខុស​ត្រូវ​ព្រហ្ម​ទណ្ឌ​របស់​នីតិ​បុគ្គល​) នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ចំពោះ​បទ​ល្មើស​ដែល​​មាន​ចែង​ក្នុង​មាត្រា​ពីរ​ខាង​លើ ។​ នីតិ​បុគ្គល​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជាប្រាក់​ពី​៥០​លាន​រៀល​ទៅ​៥០០​លាន​រៀល​ ព្រម​ទាំង​ទោស​បន្ថែម​មួយ​ ឬ​ច្រើន​ដែល​មានចែង​ក្នុង​មាត្រា​១៦៨​ (ទោសបន្ថែម​អនុវត្ត​ចំពោះ​នីតិ​បុគ្គល) នៃ​​ក្រម​ព្រហ្ម​ទណ្ឌ​ ។ មាត្រា​៥​ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ជា​ការ​ប្រញាប់ ៕​