រាជធានីភ្នំពេញ ៖ ក្រុមម៉ាហ្វីយ៉ាជនជាតិចិនតៃវ៉ាន់ចំនួន៧នាក់ ក្នុងនោះមានស្ត្រីម្នាក់ បានត្រូវកម្លាំងស្នងការព័ត៌មានសន្តិសុខនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួន ក្នុងប្រតិបត្តិការឆែកឆេរលំនៅឋានមួួយកន្លែង លេខ២២H ស្ថិតនៅតាមផ្លូវជាតិលេខ៦ ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៧ មិថុនា ។
ប្រតិបត្តិការនេះ មានការចូលរួមសម្របសម្រួលពីសំណាក់លោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ ។ បន្ទាប់គ្នានេះ ក៏មានព័ត៌មាននៅ វេលាម៉ោង៤រសៀលថ្ងៃដដែលថា ក្រុមជនជាតិចិន៧នាក់ ក្នុងនោះស្ត្រី២នាក់ត្រូវបានឃាត់ខ្លួននៅផ្ទះលេខ២ បុរីពិភពថ្មី ក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ទាក់ទិននឹងការឃាត់ខ្លួនជនជាតិចិននេះ តាមមន្ត្រីសមត្ថកិច្ចបានទម្លាយឱ្យដឹងថា ក្រុមនេះជាក្រុមម៉ាហ្វីយ៉ាចិនតៃវ៉ាន់ដែលបានយកទីតាំងប្រទេសកម្ពុជាធ្វើជាកន្លែងចាប់ជំរិតឆ្លងដែនតាមប្រព័ន្ធអុីនធើរណេត ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចពុំ ទាន់ផ្តល់ព័ត៌មានលម្អិតនៅឡើយទេ ។គួរបញ្ជាក់ថា កន្លងមកក្រុមម៉ាហ្វីយ៉ាចិនដីគោកនិងចិនតៃវ៉ាន់ ដែលធ្វើសកម្មភាពចាប់ជំរិតជនជាតិចិនដូចគ្នាឯក្រៅប្រទេស ត្រូវសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់ ។ ការស្នាក់នៅធ្វើសកម្មភាពរបស់ក្រុមជនជាតិចិនម៉ាហ្វីយ៉ាទាំងនេះ តែងតែជួលភូមិគ្រឹះ ធំៗស្នាក់នៅជាលក្ខណៈប្រមូលផ្តុំគ្នា ហើយក៏អាចគេចផុតពីការឃ្លាំមើលរបស់សមត្ថកិច្ចមូលដ្ឋានផងដែរ ។
នៅថ្ងៃដដែលនេះដែរ សមត្ថកិច្ចកងរាជអាវុធលើផ្ទៃប្រទេសបានចាប់បញ្ជូនជនជាតិចិនដីគោកចំនួន៣នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដែលទាំង៣នាក់នេះ ជាប់ពាក់ព័ន្ធនឹងបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធទូរស័ព្ទពីជនរងគ្រោះនៅប្រទេសចិន ។ ជនសង្ស័យជាជនជាតិចិនទាំងបីនាក់នេះមាន១-ឈ្មោះលីន ហុងអីុ ភេទប្រុស អាយុ៣៦ឆ្នាំ ២-ឈ្មោះឈិន ឆឹងអាន ភេទប្រុស អាយុ៥១ឆ្នាំ និង៣-ឈ្មោះថាំង ហើលី ភេទប្រុស អាយុ៣២ឆ្នាំ ។ ពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៦ មិថុនា នៅរាជធានីភ្នំ
ពេញ ។
ប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញឱ្យដឹងថា ជនជាតិចិនទាំង៣នាក់នេះបានប្រព្រឹត្តបទល្មើសលួចប្រើប្រព័ន្ធទូរគមនាគមន៍នៅកម្ពុជា ធ្វើសកម្មភាពឧក្រិដ្ឋឆ្លងដែនជំរិតទារប្រាក់ និងឆបោក ជនជាតិចិនដូចគ្នានៅប្រទេសចិន ។ សំណុំរឿងជនជាតិចិនទាំង៣នាក់ នេះស្ថិតក្នុងដៃលោកស្រី ស៊ឺ វណ្ណី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ ។
បើតាមព័ត៌មានក្រៅផ្លូវការថា នៅពេលដំណាក់កាលតំណាងអយ្យការសាកសួរចប់ សំណុំរឿងនឹងបញ្ជូនទៅចៅក្រមស៊ើបសួរដែលនឹងអាចបើកសវនាការជំនុំជម្រះផ្ទាល់តែម្ដងដើម្បីឱ្យគ្រប់តាមនីតិវិធីសម្រាប់បញ្ជូនខ្លួនពួកគេចេញពីប្រទេស ៕
ចែករំលែកព័តមាននេះ