រាជធានីភ្នំពេញ៖ មកដល់ពេលនេះចំណងស្នេហ៍រវាងតារាចម្រៀងលោកគូម៉ា និងតារាសម្តែងវ័យក្មេងកញ្ញាម៉ៅ គីមធីតា បានបង្ហាញសញ្ញាកាន់តែរឹងមាំ បន្ទាប់ពីអ្នកទាំងពីរបើកចំហស្នេហាជាសាធារណៈក្នុងរយៈពេលចុងក្រោយនេះ ។ ទាំងលោកគូម៉ា និងម៉ៅ គីមធីតា ហាក់មិនមានកាលាក់លៀមពីចំណងស្នេហារបស់ពួកគេឡើយ បើទោះបីជាពេលនេះភាគីទាំងពីរកំពុងតែខិតខំបង្កើនប្រជាប្រិយភាពនៅក្នុងវិស័យសិល្បៈដូចគ្នាក៏ដោយ ។
ជារឿយៗគេតែងតែឃើញគូស្នេហ៍មួយគូនេះមានភាពស្អិតរមួតខ្លាំងក្នុងជីវិតក្រៅសិល្បៈ ហើយជាបន្តបន្ទាប់អ្នកទាំងពីរតែងតែបង្ហោះរូបភាពស្និទ្ធស្នាលជាមួយគ្នាតាមហ្វេសប៊ុកស្ទើរមិនដាច់រយៈ ។ កាលពីពេល ថ្មីៗកន្លងមកតារាចម្រៀងក្នុងផលិតកម្មថោនលោក គូម៉ា បានបង្ហោះរូបភាពនៅលើហ្វេសប៊ុកបង្ហាញពីភាពស្និទ្ធស្នាលជាមួយតារាសម្តែងម៉ៅ គីមធីតា ជាមួយនឹងពាក្យពេចន៍ដ៏មានអត្ថន័យ ។ «ឆ្លងផុតការឈឺចាប់ និងឧបសគ្គទើបយើងអាចមកជួបនឹងស្នាមញញឹម» ។
នេះជាអ្វីដែលម្ចាស់បទ «មនុស្សដែលបងស្រឡាញ់ជាងគេគឺអូន» លោកគូម៉ា បានសរសេរបង្ហោះជាមួយរូបថតដ៏ស្និទ្ធស្នាលជាមួយម៉ៅ គីមធីតា ។ តាមរយៈខ្លឹមសារមួយនេះមានន័យថា ចំណងស្នេហ៍របស់ពួកគេទាំងពីរបានបង្ហាញនូវសញ្ញាដ៏រឹងមាំមួយ បើទោះបីជារហូតមកដល់ពេលនេះអ្នកទាំងពីរនៅមិនទាន់កំណត់ពេលច្បាស់លាស់ណាមួយ ដើម្បីចូលរោងការក៏ដោយ ។
កន្លងមកទាំងគូម៉ា និងម៉ៅ គីមធីតា បានសារភាពថាពួកគេទាំងពីរចាប់ផ្ដើមស្នេហាជាមួយគ្នានៅអំឡុងដើមឆ្នាំ២០១៧ ហើយបើគិតមកដល់ឆ្នាំ២០១៨ នេះមានរយៈពេលជាង១ឆ្នាំហើយ ។
តារាសម្តែងវ័យក្មេងកញ្ញាម៉ៅ គីមធីតា ធ្លាប់បានអះអាងថា មកដល់ពេលនេះនាងគ្មានអ្វីត្រូវលាក់បាំងតទៅទៀតទេចំពោះស្នេហាជាមួយ គូម៉ា ព្រោះនាង និងគូម៉ាពិតជាស្រលាញ់គ្នាមែន ហើយកំពុងតែសិក្សា និងមើលចិត្តថ្លើមគ្នាទៅវិញទៅមកមុនឲ្យចាស់ទុំទាំងសង្ខាងដឹងឮ ។ ចំណុចដែលធ្វើឲ្យម៉ៅ គីមធីតា ស្រលាញ់គូម៉ា ដោយសារតែតារាចម្រៀងរូបនេះមានសំឡេងពីរោះ ចេះយល់ចិត្តខ្លួនគ្រប់បែបយ៉ាង ។ ពេលនៅជាមួយគ្នា គូម៉ា តែងតែធ្វើឲ្យនាងមានអារម្មណ៍ល្អ សប្បាយច្រើនជាងកើតទុក្ខ ។
ចំណែកឯគូម៉ា វិញធ្លាប់បានបង្ហាញអារម្មណ៍ពេញចិត្តចំពោះម៉ៅ គីមធីតា ថានាងគឺជាក្មេងស្រីម្នាក់ដែលគួរឲ្យស្រលាញ់ខ្លាំងបំផុត ជាមួយភាពរួសរាយរាក់ទាក់ និងកាយវិការក្រមិចក្រមើម ធ្វើឲ្យអ្នកនៅជុំវិញខ្លួនមានអារម្មណ៍សប្បាយរីករាយពេលធ្វើការជាមួយគ្នា ៕
ចែករំលែកព័តមាននេះ