ខេត្តកំពង់ចាម ៖ បុរសប្រមឹកម្នាក់ឈ្មោះ ស៊ិន ផាន អាយុ៥២ឆ្នាំ បន្ទាប់ពីផឹកស្រាស្រវឹងជោកជាំក៏បានឈ្លោះប្រកែកជាមួយប្រពន្ធឈ្មោះ យឹម អុល អាយុ៤៧ឆ្នាំ នៅលើផ្ទះរបស់ខ្លួនរហូតក្លាយជាអំពើហិង្សាក្នុងគ្រួសារ ។ ពេលនោះ យុវជនជាកូនដើមទ្រាំលែងបានក៏ស្ទុះទៅយកកាំបិតខ្វែវមកកាប់ឪពុកចុង ត្រូវក្បាល៣កាំបិតស្លាប់ក្នុងថ្លុកឈាម ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៦ មិថុនា នៅភូមិត្រពាំងរាំង ឃុំសូរ្យសែនស្រុកព្រៃឈរ ហើយក្រោយការកាប់ប្រហារឪពុកចុងហើយនោះ កូនដើមវ័យ២៥ឆ្នាំរូបនេះ ក៏បានរត់គេចខ្លួនបាត់ស្រមោល ។
ទាក់ទិននឹងករណីឃាតកម្មនេះ លោកវរសេនីយ៍ត្រី កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ បានឱ្យដឹងថា មុនពេលកើតហេតុនាល្ងាចថ្ងៃទី៦ មិថុនា បុរសឈ្មោះ ស៊ិន ផាន បានដើរទៅផឹកស្រានៅផ្ទះអ្នកភូមិជាមួយគ្នារហូតដល់ស្រវឹងធ្លាក់ភ្នែក ។ លុះដល់ពេលយប់ត្រឡប់មកផ្ទះវិញក៏បានឈ្លោះប្រកែកជាមួយប្រពន្ធ ដែលមានជំងឺបូសថ្លើមទើបតែចេញពីមន្ទីរពេទ្យបាន៣ថ្ងៃប៉ុណ្ណោះ ។ លោកអធិការបន្តថា ពេលមានការឈ្លោះប្រកែកគ្នារវាងឪពុកចុង និងម្តាយរហូតបង្កហិង្សាផងនោះ គឺកូនប្រុសដើមឈ្មោះ សារេ៉ត រុំ អាយុ២៥ឆ្នាំ ដែលទើបត្រឡប់មកពីស៊ីឈ្មួលគេនៅស្រុកឆ្ងាយបាន២ថ្ងៃកំពុងស្ថិតនៅលើផ្ទះ ។
ដោយឃើញទង្វើឪពុកចុងបែបនេះយុវជន សារ៉េត រុំ ក៏ស្ទុះទៅយកកាបិតខ្វែវមកកាប់ប្រហារលើឪពុកចុងត្រូវចំនួន៣កាំបិត ក្នុងនោះត្រូវក្បាលផ្នែកខាងក្រោយ២កាំបិត និងក្បាលផ្នែកខាងមុខ១កាំបិត បណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាម ។ បន្ទាប់មកកូនប្រុសដើមរូបនេះបានរត់គេចចេញពីផ្ទះបាត់ស្រមោល មិនដឹងជាទៅទីណាទេ ។ ចំណែកអ្នកភូមិផងរបងជាមួយពេលដឹងពីហេតុការណ៍នេះក៏បានរាយការណ៍មកប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំសូរ្យសែនជាបន្ទាន់ ។
លោកវរសេនីយ៍ត្រី កែវ ស៊ាងហ៊ន់ បញ្ជាក់ថា លោកនាយប៉ុស្តិ៍បានទូរស័ព្ទប្រាប់លោកពីអំពើហិង្សានេះ ហើយគ្រាន់តែទទួលបានព័ត៌មាននេះភ្លាម លោកក៏បានដឹកនាំកម្លាំងចុះទៅកាន់ផ្ទះកើតហេតុជាបន្ទាន់ ។ ពេលទៅដល់បានឃើញបុរសឈ្មោះ ស៊ិន ផាន ដេកស្លាប់ក្នុងថ្លុកឈាមដោយមានស្នាមកាប់ត្រូវក្បាល៣កាំបិត នៅលើផ្ទះដែលមានជណ្តើរ៥ទៅ៦កាំ ចំណែកប្រពន្ធឈ្មោះ អុល បានសន្លប់ និងត្រូវបានសាច់ញាតិនាំយកទៅសង្គ្រោះនៅមណ្ឌលសុខភាព ។
អ្នកភូមិឱ្យដឹងថា បុរសដែលស្លាប់នេះបានយកស្រ្តីឈ្មោះ យឹម អុល ជាស្ត្រីមេម៉ាយកូន២នាក់ បាន២ឆ្នាំមកហើយ តែប្តីប្រពន្ធនេះ មិនសូវមានសុភមង្គលទេ ដោយបុរសជាប្តីទៅធ្វើការស៊ីឈ្នួលរែកដីឱ្យគេបានលុយម្តង១មុឺនរៀល យកទៅផឹកស្រាអស់រហូត១៥.០០០រៀល ។ លុះពេលស្រវឹងទៅដល់ផ្ទះវិញ តែងបង្កហិង្សាវាយធ្វើបាបប្រពន្ធជាញឹកញាប់ ទើបពេលនេះកូនដើមទ្រាំមិនបានចំពោះការវាយដំម្តាយរបស់ខ្លួនក៏បានក្លាយជាឃាតករសម្លាប់ឪពុកចុងនាពេលនេះ ៕
ចែករំលែកព័តមាននេះ