ខេត្តស្ទឹងត្រែង ៖ យោងតាមរបាយការណ៍របស់ការិយាល័យនគរបាលចរាចរនៃស្នងការដ្ឋាននគរបាលខេត្តបញ្ជាក់ថា ក្នុងខែមិថុនាមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៦លើក បើធៀបទៅនឹងខែឧសភា មានការថយចុះចំនួន១លើក ។ គ្រោះថ្នាក់ចរាចរណ៍ទាំងនេះគិតពីថ្ងៃទី៦ ឧសភា ដល់ថ្ងៃទី៥ មិថុនា ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន៣នាក់ របួសធ្ងន់២នាក់ របួសស្រាល៦នាក់ ម៉ូតូខូចខាតតិចតួច១គ្រឿង រថយន្តខូចខាតតិចតួច៤គ្រឿង ខូចខាតធ្ងន់១គ្រឿង និងរថយន្តកែច្នៃខូចខាតធ្ងន់និងស្រាល២គ្រឿង ។ការិយាល័យចរាចរណ៍ផ្លូវគោកសម្រុះសម្រួលបានសម្រេចចំនួន៣លើក បញ្ជូនទៅសាលាដំបូងខេត្តចំនួន២លើក កំពុងស្រាវជ្រាវ១លើក។
លោក គង់ រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោកបានឱ្យដឹងនាព្រឹកថ្ងៃទី៧ មិថុនា ថា នៅក្នុងចន្លោះខែឧសភា និងខែមិថុនា ការិយាល័យបានដឹកនាំកម្លាំងចុះត្រួតពិនិត្យអ្នកបើកបរមានជាតិអាល់កុល គ្មានមួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយពេលយប់បានចំនួន១លើក ត្រួតពិនិត្យល្បឿនបាន៧លើក ហើយការិយាល័យចរាចរណ៍សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យរថយន្តក្នុងទីរួមខេត្តបានចំនួន១លើក ។
លោកបន្តថានៅក្នុងខែមិថុនា នគរបាលនឹងបន្តការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់សិស្សានុសិស្សតាមបណ្តាវិទ្យាល័យ និងពន្យល់ណែនាំដល់អ្នកដំណើរឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ណែនាំឱ្យអ្នកបើកបររថយន្ត ប្តូរសម្បកកង់ដែលសឹករេចរឹល និងមិនឱ្យផ្ទុកមនុស្សលើសចំនួនកំណត់ជាដើម ៕
ចែករំលែកព័តមាននេះ