ខេត្តពោធិ៍សាត់ ៖ ពលរដ្ឋខ្មែរម្នាក់ក្នុងចំណោម៦នាក់ បានត្រូវទាហានឈុតខ្មៅថៃបាញ់ស្លាប់ ខណៈពេលលួចឆ្លងដែនចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ។ តាមការផ្តល់ព័ត៌មានពីកម្លាំងការពារព្រំដែនគោកខ្សែក្រវាត់ឃុំថ្មដា ស្រុកវាលវែងឱ្យដឹងថា កាលពីថ្ងៃទី៥ មិថុនា ២០១៣ វេលាម៉ោង៩និង១០នាទីព្រឹក ប្រជាពលរដ្ឋខ្មែរចំនួន៦នាក់ បានលួចចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ត្រង់ចំណុចអូរភ្លុកដំរី ស្ថិតក្នុងភូមិតាសេន ឃុំឡែនកាប់ ស្រុកមឿង ខេត្តត្រាត ។
ខណៈពេលកំពុងធ្វើសកម្មភាពកាប់នោះ ពួកទាហានឈុតខ្មៅថៃដែលដើរល្បាតឃើញក៏ចាប់បានចំនួន៣នាក់ ឯ៣នាក់ទៀតនាំគ្នារត់ក៏ត្រូវទាហានឈុតខ្មៅថៃបាញ់ពីក្រោយ បណ្តាលឱ្យត្រូវម្នាក់ចំកណ្តាលខ្នងដេកដួលនៅទីនោះ ។ ខណៈឃើញដូច្នេះ ពួកទាហានសៀមបានលែងពលរដ្ឋ៣នាក់ដែលចាប់ចងនោះឱ្យសែងអ្នករបួសយកទៅព្យាបាល ប៉ុន្តែមកដល់ពាក់កណ្តាលផ្លូវក៏ស្លាប់បាត់ទៅ ។ ជនរងគ្រោះដែលត្រូវទាហានឈុតខ្មៅថៃបាញ់ស្លាប់នេះ ឈ្មោះ សាំង ស្រីយ៉ា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯគេហដ្ឋាន ។
ករណីនេះ មិនមែនជាលើកទី១ទេ ដែលទាហានថៃបាញ់ប្រជាពលរដ្ឋខ្មែរ គឺបានកើតឡើងជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែពុំរាងចាល ទោះបីជាដឹងថា ការចូលកាប់ឈើគ្រញូងជារបរកាន់កូនខ្មោច ហើយអាជ្ញាធរបានព្យាយាមអប់រំណែនាំយ៉ាងណាក៏ដោយ ៕
ចែករំលែកព័តមាននេះ