រាជធានីភ្នំពេញ ៖ ក្រោយពេលរថយន្តកាមរីបាឡែន១គ្រឿងត្រូវប្តីដុតកម្ទេចចោលនាកណ្តាលរាត្រី ស្ត្រីដែលអះអាងថាជាប្រពន្ធ បានដាក់ពាក្យប្តឹងបុរសជាប្តីរូបនេះឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ពីករណីប្រព្រឹត្តហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា (ដុតរថយន្ត) ។ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៦ មិថុនា បុរសដែលប្រពន្ធប្តឹង ត្រូវបានចាប់ខ្លួនក្រោយពេលកើតហេតុនាយប់ថ្ងៃទី៥ មិថុនា និងត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងតាមពាក្យបណ្តឹងរបស់ស្ត្រីជាភរិយា ។
បុរសរូបនេះឈ្មោះ គួយ ប៉េងស្រ៊ អាយុ៣៦ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត នៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។ ទាក់ទិននឹងការបញ្ជូនខ្លួនជនសង្ស័យខាងលើនេះមកកាន់សាលាដំបូងរាជធានីភ្នំពេញ តាមប្រភពព័ត៌មានបានឱ្យដឹងថា សមត្ថកិច្ចបានធ្វើឡើងតាមពាក្យបណ្តឹងរបស់ស្ត្រីជាប្រពន្ធតែប៉ុណ្ណោះ ។ ដើមចមនៃរឿងរ៉ាវដែលបណ្តាលឱ្យមានការចាប់ខ្លួនបុរសរូបនេះបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ គឺធ្វើតាមពាក្យបណ្តឹងរបស់អ្នកស្រី លឹម សុខអៀង អាយុ៤០ឆ្នាំ ដែលបានបំភ្លឺប្រាប់សមត្ថកិច្ចថា អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយបុរសឈ្មោះ គួយ ប៉េងស្រ៊ កាលពីថ្ងៃទី២៥ វិច្ឆិកា ២០១២ នៅខេត្តស្ទឹងត្រែង ។
ក្រោយពីរៀបអាពាហ៍ពិពាហ៍បានគ្នាជាប្តីប្រពន្ធស្របច្បាប់ហើយ ការរស់នៅជាគូគាប់មិនសូវមានសេចក្តីសុខទេ តែងតែមានភាពរកាំរកូសជាប្រចាំ គ្រាន់តែមិនធំដុំ ។ លុះនៅថ្ងៃទី១ មិថុនា ២០១៣ អ្នកស្រី និងប្តីបាននាំគ្នាឡើងមកភ្នំពេញទិញរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនស៊េរី២០០២ ពណ៌ស្ករ ដែលមានពាក់ស្លាកលេខស្រាប់គឺភ្នំពេញ 2K-6141 ។ ក្នុងពាក្យបណ្តឹងបានរៀបរាប់ទៀតថា ការទិញរថយន្តនេះក៏ដើម្បីផ្គាប់ចិត្តប្តីក្មេងរូបនេះផង ដែរ ក្នុងតម្លៃ១៤.០០០ដុល្លារសហរដ្ឋអាមេរិក។ ពេលទិញរថយន្តបានហើយមិនទាន់វិលត្រឡប់ទៅផ្ទះទេ គឺនៅរកទិញគ្រឿងបន្លាស់រថយន្តដើម្បីយកទៅលក់បន្ត ដោយបានទៅសម្រាកនៅផ្ទះប្អូនថ្លៃឈ្មោះ គួយ វួចនា ស្ថិតនៅម្តុំបឹងត្របែក ខណ្ឌចំការមន ។
នៅពេលទៅសម្រាកនៅផ្ទះប្អូនថ្លៃ អ្នកស្រីបានប្រគល់ប្រាក់១.០០០ដុល្លារឱ្យទៅលោកប្តីទុកទិញគ្រឿងបន្លាស់រថយន្តបន្ថែម និងតម្រូវការចាយវាយ ។
តាមពាក្យបណ្តឹងបន្តថា ពេលទទួលប្រាក់១.០០០ដុល្លារនោះហើយ លោកប្តីមិនទាន់គ្រប់គ្រាន់ឡើយនៅទាមទារបន្ថែមទៀត ទើបបណ្តាលឱ្យកើតមានការឈ្លោះប្រកែកគ្នាទាំងយប់ និងរហូតប្តីបានប្រើអំពើហិង្សាវាយដំគាត់ជាប្រពន្ធ ហើមមុខនិងពកក្បាលសន្លប់នៅក្នុងបន្ទប់ផ្ទះប្អូនថ្លៃ ។ លុះពេលដឹងខ្លួនឡើង ស្រាប់តែស្ថិតនៅគ្លីនិកឯកជនក្បាលថ្នល់ ដោយដៃកំពុងជាប់សេរ៉ូម ។ ក្រោយពីសុខភាពបានធូរស្រាលបន្តិច អ្នកស្រីក៏បានឱ្យប្តីជូនទៅផ្ទះ ហើយប្តីអ្នកស្រីក៏បានយល់ព្រមជូន ដោយទាំង២នាក់ជិះរថយន្តតែមួយ ។
ប៉ុន្តែនៅពេលចេញពីគ្លីនិកក្បាលថ្នល់ ប្តីឈ្មោះ គួយ ប៉េងស៊្រ បានបើករថយន្តចូលទៅចាក់សាំងនៅស្ថានីយមួយក្បែរនោះ និងបានលួចទិញសាំង១០លីត្រដាក់ប៊ីដុងទុកនៅឃ្លុបក្រោយទៀត ដែលនោះជាគម្រោងដ៏អាក្រក់របស់ប្តីក្នុងការដុតកម្ទេចរថយន្តចោល ពេលណាមានទំនាស់ជាមួយអ្នក
ស្រី ។ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៤ មិថុនា ប្តីអ្នកស្រីបានបើករថយន្តទៅដល់ចំណុចក្រុមទី៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏កើតមានជម្លោះជាមួយអ្នកស្រីម្តងទៀត ។
ពេលនោះហើយដែលប្តីបានឈប់រថយន្ត រួចយកសាំង១០លីត្រដែលទុកនៅឃ្លុបខាងក្រោយចាក់ដុតរថយន្តចោល និងបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកទាំងយប់ ហើយពេលនោះគាត់ទាំង២នាក់ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរ ។ ក្រោយពីសមត្ថកិច្ចសាកសួរហើយ អ្នកស្រីក៏សម្រេចចិត្តថា ត្រូវតែប្តឹងប្តីកំហូចនេះពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា ។
ក្នុងដំណាក់កាលសាកសួរនៅកន្លែងសមត្ថកិច្ច ក៏ដូចនៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បុរសជាប្តីបានឆ្លើយប្រហាក់ប្រហែលគ្នាថា រឿងរ៉ាវផ្តើមចេញពីខ្លួនបានទារប្រាក់ពីប្រពន្ធនោះមែន គឺគេទារប្រាក់បន្ថែមដើម្បីទៅទិញគ្រឿងម៉ាស៊ីនយកទៅលក់ ។ ប៉ុន្តែដោយសារប្រពន្ធលោកបែបរាងប្រចណ្ឌផង ក៏កើតមានទំនាស់ពាក្យសម្តី និងឈានទៅដល់ប្រើអំពើហិង្សាវាយ និងធាក់ប្រពន្ធធ្លាក់ពីលើគ្រែ បណ្តាលឱ្យពកក្បាល និងហើមមុខ ។ ចម្លើយជនត្រូវចោទជាប្តីឈ្មោះ គូយ ប៉េងស្រ៊ បានបញ្ជាក់ទៀតថា បន្ទាប់ពីមានជម្លោះនោះមកខ្លួនពិតជាមានគម្រោងទិញសាំងដុតកម្ទេចរថយន្តបាឡែនចោលមែន និងសុខចិត្តដេកគុក ព្រោះតែខ្លួនមិនអាចទ្រាំទ្រនូវពាក្យសម្តី និងការមើលងាយមើលថោកពីសំណាក់ម៉ែប្រពន្ធបាន ៕
ចែករំលែកព័តមាននេះ